ជាលើកដំបូងដែលប្រទះឃើញ «ពន្លឺដូច Aurora» នៅលើព្រះអាទិត្យ! អ្នកវិទ្យាសាស្ត្រពន្យល់ (មានវីដេអូ)
(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានប្រទះឃើញ បាតុភូតស្រដៀង «ពន្លឺ Aurora» បង្ហាញវត្តមានជាលក្ខណៈរលកវិទ្យុ (Radio Waves) នៅលើផ្ទៃតំបន់មួយរបស់ព្រះអាទិត្យ ហើយនោះពិតជាស្រដៀងនឹង ពន្លឺនៅពីលើប៉ូលខាងជើងរបស់ផែនដីយើងណាស់។
វត្តមាននៃពន្លឺដូច Aurora ពីលើព្រះអាទិត្យនោះ បានកើតឡើងនៅរយៈកម្ពស់ប្រមាណ ៤០,០០០គីឡូម៉ែត្រ ពីលើចំណុចខ្មៅព្រះអាទិត្យ (sunspot) ដែលជាតំបន់ខ្មៅងងឹត កកើតឡើងដោយសារតែដែនម៉ាញេទិចព្រះអាទិត្យកើនឥទ្ធិពលខ្លាំង នៅត្រង់ចំណុចនោះ។ តារាវិទូនៅលើផែនដីបានសង្កេតឃើញ បាតុភូតបែបនេះអូសបន្លាយអស់រយៈពេល ១សប្តាហ៍ឯណោះនៅលើតំបន់ចំណុចខ្មៅព្រះអាទិត្យនោះ។

កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញរលកសញ្ញាវិទ្យុក្នុងទម្រង់ដូច Aurora នៅលើផ្កាយដទៃតែប៉ុណ្ណោះ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលពួកគេបានឃើញសញ្ញាប្រភេទនេះ នៅលើព្រះអាទិត្យរបស់យើងផ្ទាល់។ លទ្ធផលអង្កេតថ្មីនេះ ត្រូវបានចុះផ្សាយលើកាសែត Nature Astronomy កាលពីកំលុងពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់នៅលើផែនដី ពន្លឺសំរ៉ាងប៉ូល ឬ Aurora តែងកើតឡើងដោយសារតែភាគល្អិត ផ្ទុកបន្ទុកអគ្គិសនី (Charged Particles) ដែលជះចេញមកពីព្យុះព្រះអាទិត្យ (Solar Storm) ឬព្រឹត្តិការណ៍ CME (Coronal Mass Eject) ដែលជាការជះអណ្តាតភ្លើងយ៉ាងកម្រោល ចេញពីស្រទាប់ ខូរ៉ូណា (Corona) របស់ព្រះអាទិត្យនោះ ធ្វើប្រតិកម្មជាមួយភាគល្អិតនៅក្នុងបរិយាកាសផែនដី ពីលើតំបន់ប៉ូលទាំងពីរ។

ដោយឡែក អ្វីដែលដូចនឹង Aurora នៅលើតំបន់កើតមាន Sunspot របស់ព្រះអាទិត្យវិញនោះ ត្រូវបានក្រុមតារាវិទូសន្និដ្ឋានថា កើតឡើងដោយសារតែប្រតិកម្មនៃកំទេចកំទី ដែលជាធម្មតាតែងតែជះចេញពីព្រះអាទិត្យ នៅពេលដែនម៉ាញេទិចនៅជុំវិញ Sunspot បានធ្លាក់ចុះឥទ្ធិពល មុននឹងវាចាប់ផ្តើមបញ្ចេញឥទ្ធិពលវិញភ្លាមៗ។ ដំណើរការបែបនេះហើយ ទើបនាំឲ្យកើតមានព្រឹត្តិការណ៍ CME ឡើងនោះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់តេឡេស្កូប អង្កេតជាប្រចាំទៅលើ Sunspot នៅលើផ្ទៃអណ្តាតភ្លើងព្រះអាទិត្យនោះតែម្តង ទើបគេអង្កេតឃើញបណ្តុំពន្លឺ ដែលប្រៀបបីដូចជា Aurora នៅលើនោះ។ ពួកគេជឿជាក់ថា ពន្លឺនោះត្រូវបានបង្កើតឡើងដោយសារ ពពួកអេឡិចត្រុង (electrons) មានប្រភពមកពី អណ្តាតភ្លើងព្រះអាទិត្យ (Solar Flare) កើតមានចលនាច្រួលច្របល់ ពេលមកប៉ះត្រូវនឹងខ្សែបន្ទាត់ដ៏កញ្ជ្រោលនៃដែនម៉ាញេទិចលើ Sunspot នោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Nature Astronomy (ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣)