«២០០លានដុល្លារ» ទៀតត្រូវផ្តល់ឲ្យក្រុមការងារ SETI ដើម្បីបន្តស្វែងរកអេលៀន (Alien)

431

(អាមេរិក)៖ វិទ្យាស្ថានស្វែងរកជីវិតឆ្លាតវៃ នៅទីឋានដទៃក្រៅពីភពផែនដី (Search for Extraterrestrial Intelligence Institute ឬ SETI) នៃសហរដ្ឋអាមេរិក ទើបតែទទួលបានជំនួយប្រមាណ ២០០លានដុល្លារទៀត ដើម្បីទ្រទ្រង់បេសកកម្មស្វែងរកសញ្ញានៃជីវិតឆ្លាតវៃអេលៀន (Alien) បន្តទៀត បើទោះបីជាដឹងថា ផែនដីប្រៀបបីដូចជាគ្រាប់ខ្សាច់ នៅក្នុងលំហអវកាសដ៏ធំល្វឹងល្វើយនេះក៏ដោយ។ តើក្រុមការងារ SETI ជាច្រើនឆ្នាំមកនេះ បានរកឃើញសញ្ញាពី Alien ឬនៅ?

ថវិកាជំនួយថ្មីនេះ ពិតជាការផ្តល់ក្តីសង្ឃឹមដ៏ធំធេងមួយដល់ក្រុមការងារ SETI ដើម្បីបន្តកិច្ចការងាររបស់ខ្លួនទៅមុខទៀត ក្នុងការស្រាវជ្រាវតាមគ្រប់វិធីសាស្ត្រ ដែលខ្លួនអាចធ្វើបាននៅក្នុងការអង្កេត និងប្រមូលភស្តុតាងនានា ជាពិសេសទៅលើការឆ្លើយតប ចំពោះសំណួរជាច្រើនឆ្នាំមកនេះថា «Are we alone?»

បណ្តាញតេឡេស្កូប Allen របស់ SETI (រូបភាពពីបរទេស)

យើងត្រូវអរគុណដល់បុគ្គលមួយរូប ដែលបានទទួលមរណភាពទៅហើយកាលពីខែឧសភា ឆ្នាំ២០២២ នោះគឺលោកលោក Franklin Antonnio ដោយអតីតសហស្ថាបនិករបស់ក្រុមហ៊ុនយក្ស Qualcomm នៃសហរដ្ឋអាមេរិករូបនេះ បានចំណាយពេលរហូតដល់ ១២ឆ្នាំជាមួយ SETI ក្នុងបរិច្ឆាគថវិកាជួយទ្រទ្រង់សកម្មភាពទាំងមូល រហូតដល់ដង្ហើមចុងក្រោយរបស់លោក។

ជុំវិញរឿងនេះលោក Andrew Siemion នាយកផ្នែកស្រាវជ្រាវរបស់ SETI មកពីសាកលវិទ្យាល័យ Oxford បានថ្លែងថា «លោក Franklin មិនត្រឹមតែបានជួយគាំទ្រដល់ការបង្កើត និងគ្រប់គ្រងតេឡេស្កូប Allen (Allen Telescope Array ឬ ATA) ប៉ុណ្ណោះទេ តែលោកថែមទាំងបានចូលរួមជាផ្នែកមួយដ៏សំខាន់ នៅក្នុងក្រុមការងារបច្ចេកទេសរបស់យើងផងដែរ។ ចំណេះដឹងដ៏វិសេសវិសាល លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍របស់លោក ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការធ្វើឱ្យ ATA ប្រសើរឡើង ហើយក្លាយទៅជាតេឡេស្កូបចាប់រលកសញ្ញាវិទ្យុ លំដាប់ពិភពលោកដូចសព្វថ្ងៃនេះ»។

លោក Andrew Siemion កាលនៅរស់ (រូបកណ្តាល) (រូបភាពពីបរទេស)

គួរបញ្ជាក់ថា វិទ្យាស្ថាន SETI ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៤ ដោយមានអ្នកវិទ្យាសាស្ត្រសរុបជាង ១០០នាក់បំពេញការងារ ទៅលើកម្មវិធីដាច់ដោយឡែកពីគ្នាចំនួន ១៧៣។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់ឧបត្ថម្ភរបស់ SETI តែងតែធ្លាក់ចុះពី ២៥-៣០លានដុល្លារអាមេរិកក្នុង ១ឆ្នាំ ហើយប្រាក់ឧបត្ថម្ភថ្មីចុងក្រោយនេះ កំពុងធ្វើឲ្យក្រុមការងារ SETI មានក្តីសង្ឃឹមបន្ថែមថា នឹងបន្តការងារទៅមុខទៀត។

កម្មវិធី Breakthrough Listen របស់ SETI និង TESS/NASA (រូបភាពពីបរទេស)

គោលដៅចម្បងរបស់ SETI គឺស្វែងរកសញ្ញាដែលបង្ហាញអំពី «វត្តមានជីវិតឆ្លាតវៃ» នៅទីឋានដទៃក្រៅពីភពផែនដី ដោយរាប់ទាំងនៅក្នុងកាឡាក់ស៊ី Milky Way ឬសូម្បីតែចក្រវាល (Universe) នេះ។ តើ Alien មានឬទេ? តើពួកអាចមានបច្ចេកវិទ្យាដូចយើង ឬលើសយើងឆ្ងាយ? ទាំងអស់នេះសុទ្ធសឹងតែ ជាគោលដៅក្នុងការស្វែងរករបស់ SETI។ គិតមកទល់នឹងពេលនេះ SETI «មិនទាន់បានរកឃើញ» សញ្ញាគួរឲ្យទុកចិត្តណាមួយដែលអាចបញ្ជាក់ថា មានវត្តមាន Alien នៅឡើយទេ ដោយកន្លងមកបានត្រឹមរកឃើញសញ្ញាសង្ស័យថា អាចជះមកពីភព Alien តែក៏ត្រូវបានច្រានចោលទៅវិញ។

«២០០លានដុល្លារ» ទៀតត្រូវផ្តល់ឲ្យក្រុមការងារ SETI ដើម្បីបន្តស្វែងរកអេលៀន (Alien)
បណ្តាញតេឡេស្កូប Allen របស់ SETI (រូបភាពពីបរទេស)

សម្រាប់វិធីសាស្ត្រចម្បងរបស់ SETI ក្នុងការស្វែងរក Alien គឺការប្រើប្រាស់តេឡេស្កូបចាប់រលកសញ្ញាវិទ្យុ ដើម្បីតាមដានរកសញ្ញានៃវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (electromagnetic radiation) ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចបញ្ចេញមកពីអរិយធម៌ Alien ជឿនលឿន ដែលកំពុងមានវត្តមាននៅលើភពនានា។ យើងក៏ធ្លាប់បានស្គាល់ផងដែរតាមរយៈកម្មវិធី Breakthrough Listen របស់ SETI ដែលបានសហការជាមួយ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស TESS របស់ NASA ជាដើម នៅក្នុងដំណើរការស្វែងរក Alien កន្លងមកនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner