តើព្រះអាទិត្យនឹងមានស្ថានភាព ដូចម្តេចនៅឆ្នាំ២០២៤? ដាច់ Internet? (យល់ដឹង) (មានវីដេអូ)

5,448

(បរទេស)៖ ដូចគ្រប់គ្នាបានយល់ដឹងរួចមកហើយ អំពីការព្យាករណ៍ជាថ្មីអំពីដំណើរនៃវដ្តព្រះអាទិត្យ (Solar Cycle) ដែលអាចនឹងមកដល់លឿនជាងការព្យាករណ៍លើកមុន ១ឆ្នាំ។ ប្រការនេះមានន័យថា ចលនាដ៏កញ្ជ្រោលរបស់ព្រះអាទិត្យ (Solar Maximum) នឹងមកដល់នៅឆ្នាំ ២០២៤ មិនមែនឆ្នាំ ២០២៥ នោះឡើយ។ ឥលូវនេះ យើងមកផ្តោតសំខាន់តែទៅលើ ឥទ្ធិពលដែលព្រះអាទិត្យនឹងបញ្ចេញ និងស្ថានភាពដែលភពផែនដីនឹងត្រូវជួបប្រទះដូចខាងក្រោម៖

  • តើព្រះអាទិត្យនឹងមានអការៈដូចម្តេចនៅឆ្នាំ២០២៤?

មិនចាំបាច់ដល់ឆ្នាំ ២០២៤ នោះទេ ដោយនៅអំលុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៣នេះ យើងបាននិងកំពុងមើលឃើញ សកម្មភាពកញ្ជ្រោលរបស់ព្រះអាទិត្យ កើនឡើងគួរឲ្យកត់សម្គាល់រួចទៅហើយ តាមរយៈវត្តមានរបស់តំបន់ចំណុចខ្មៅ លើផ្ទៃព្រះអាទិត្យ (sunspots)។ វត្តមានរបស់ sunspots ជាសញ្ញាបង្ហាញថា ព្រះអាទិត្យកើតមានកញ្ជ្រោលខ្លាំង ដូចជាការជះចេញនូវអណ្តាតភ្លើង (Flare) ដែលភាសាបច្ចេកទេសហៅថា Coronal Mass Ejections (CMEs) នោះ។

ដំណាក់កាលចុងវដ្តក្នុងឆ្នាំ ២០២៤ នោះមានន័យថា ផ្កាយរបស់យើងនេះនឹងបញ្ចេញចលនាកញ្ជ្រោលខ្លាំងបំផុត (Solar Maximum) នៅចុងវដ្ត ២៥ (Sun Cycle 25) មុននឹងឈានចូលដើមវដ្តថ្មីមួយទៀតគឺ វដ្ត ២៦ (Sun Cycle 26)។ ចំណុចកំពូលនៃភាពកញ្ជ្រោលនោះ នឹងអូសបន្លាយចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ហើយយើងនឹងអាចមើលឃើញចំណុចខ្មៅព្រះអាទិត្យ (Sunspots) ក្នុងចំនួនចាប់ពី ១៣៧ ទៅ ១៧៣ ចំណុច នៅលើផ្ទៃអណ្តាតភ្លើងរបស់ព្រះអាទិត្យ។

ឥទ្ធិពលនៃ Sunspot និង Solar Flares (រូបភាពពីបរទេស)
  • តើពពួក Sunspots នោះជាអ្វី ហើយវត្តមានរបស់ពួកវាមានន័យដូចម្តេច?

Sunspots គឺជា​តំបន់ខ្មៅៗព័ទ្ធជុំវិញដោយអណ្តាតភ្លើង ស្ថិតនៅលើស្រទាប់ ហ្វូថូហ្វៀរ (photosphere) ដែលជាស្រទាប់ផ្នែកខាងលើរបស់​ព្រះអាទិត្យ។ នៅតំបន់ខ្មៅៗនៃ Sunspot នោះ ជាទីតាំងដែលសីតុណ្ហភាពលើផ្ទៃ (Surface) របស់ព្រះអាទិត្យថយចុះខ្លាំង ដោយសារតែការកើនឡើង នៃចលនាដែនម៉ាញេទិចនៅតំបន់ជុំវិញនោះ ទើបរារាំងមិនឲ្យ Sunspot នោះកកើតឡើងនូវចំហេះដ៏ខ្លាំងក្លាបាន ទើបប្រែជាតំបន់ខ្មៅងងឹតបែបនោះ។

វត្តមាន Sunspots កាន់តែច្រើន ដែលភាគច្រើនស្ថិតនៅតំបន់ខ្សែអេក្វាទ័រព្រះអាទិត្យនោះ គឺជាសញ្ញាបង្ហាញថា ព្រះអាទិត្យកំពុងកើតមានចលនាកញ្ជ្រោល ដំណាក់កាលចុងក្រោយនៃវដ្តរបស់ខ្លួន។ ប្រការនេះតែងនាំឲ្យកើតមានព្រឹត្តិការណ៍ CMEs (ការជះចេញនូវអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណា) កាន់តែច្រើន ហើយដែលអាចបង្កើតទៅជាព្យុះព្រះអាទិត្យ (Solar Storm) ជះទៅកាន់ប្រព័ន្ធទាំងមូល។

ប្រសិនបើមាន Solar Storm ជះសំដៅមកកាន់ផែនដីយើងនោះ ដែនម៉ាញេទិច (Magnetic Field) ដែលលាតសន្ធឹងដល់រយៈចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីភពយើង នឹងមានសមត្ថភាពទប់ទល់កំសួលមរណៈនោះបាន ហើយភាគល្អិតផ្ទុកបន្ទុកអគ្គិសនី (charged particles) ដែលនៅសេសសល់ពីការទប់ស្កាត់នោះ នឹងចល័តសំដៅមករកច្រកចូលភពរបស់យើង តាមរយៈប៉ូលទាំង ២ ហើយក៏បញ្ចប់ឥទ្ធិពលត្រឹមការធ្វើប្រតិកម្មជាមួយភាគល្អិតនៅក្នុងបរិយាកាសផែនដី តាមរយៈការកកើតជាពន្លឺសំរាំងប៉ូល ឬ Aurora នោះឯង។

ដែនម៉ាញេទិចផែនដីទប់ទល់ព្យុះព្រះអាទិត្យ (រូបភាពពីបរទេស)
  • តើនៅឆ្នាំ២០២៤ វដ្តព្រះអាទិត្យអាចនឹងបង្កបញ្ហាអ្វីខ្លះ?

ឥទ្ធិពលនៃភាពកញ្ជ្រោលរបស់ព្រះអាទិត្យ បូករួមទាំងព្យុះព្រះអាទិត្យផងដែរ នឹងបង្កឲ្យភពផែនដីកើតមានបាតុភូតពន្លឺ Aurora ជាញឹកញាប់ នៅអំលុងពេល ១០ខែដំបូងនៃឆ្នាំ ២០២៤ (ដូចការព្យាករណ៍ថ្មីខាងលើ)។ ដែនម៉ាញេទិចរបស់ផែនដី នឹងរងការរំខានខ្លាំងពីឥទ្ធិពលព្រះអាទិត្យ ដែលអាចធ្វើឲ្យស្រទាប់ម៉ាញេតូ (Magnetosphere ជាស្រទាប់ខែលម៉ាញេទិច ដែលការពារផែនដី) រងឥទ្ធិពលអាក្រក់ ព្រមទាំងអាចកើតមានការដាច់វិទ្យុទាក់ទង និងចរន្តអគ្គិសនី ក៏ដូចជាការបង្កគ្រោះថ្នាក់ដល់អវកាសយានិក និងផ្កាយរណបក្នុងគន្លងគោចរផែនដីផងដែរ។

ឧទាហរណ៍ជាក់ស្តែងមួយ គឺកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៨៩ ព្យុះព្រះអាទិត្យដ៏ខ្លាំងក្លាមួយបានកើតឡើង និងជះឥទ្ធិពលដោយផ្ទាល់ ទៅលើប្រទេសកាណាដា។ កាលណោះត្រឹមតែរយៈពេល ២នាទីប៉ុណ្ណោះ អគ្គិសនីនៅទីក្រុង កេប៊ិច (Quebec) ត្រូវកាត់ផ្តាច់ ព្រោះតែបណ្តាញផ្គត់ផ្គង់អគ្គិសនីនៅក្រោមដី រងឥទ្ធិពលពីព្យុះព្រះអាទិត្យ។ ប្រជាជននៅទីក្រុង Quebec បានស្ថិតក្នុងភាពងងឹត អស់រយៈពេល ៩ម៉ោង។

កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន SpaceX បានប្រកាសថា ផ្កាយរណបរបស់ខ្លួនប្រមាណជា ៤០គ្រឿង ត្រូវបានឥទ្ធិពលនៃព្យុះព្រះអាទិត្យបំផ្លិចបំផ្លាញ។ SpaceX ក៏បានបង្ហើបផងដែរថា ផ្កាយរណបដែលលែងប្រើការបានទាំងនោះ ត្រូវបានបញ្ជាឲ្យទម្លាក់ខ្លួនចូលបរិយាកាសផែនដីវិញ ដើម្បីកម្ទេចចោល។

វត្តមាន sunspots កើនឡើងពេលឈានដល់ Solar Maximum (រូបភាពពីបរទេស)
  • តើសេវា Internet នឹងត្រូវកាត់ផ្តាច់?

ការព្យាករណ៍មួយពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ George Mason សហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Fox News កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ការកើតមាន «មហាព្យុះព្រះអាទិត្យ» (Solar Superstorm) អាចបង្កឲ្យ Internet លើភពផែនដីត្រូវកាត់ផ្តាច់ ដែលអាចអូសបន្លាយរយៈពេលរាប់សប្តាហ៍ ឬចូលដល់ខ្ទង់រាប់ខែ ដោយអាស្រ័យសមត្ថភាពរបស់មនុស្ស ក្នុងការស្តារស្ថានការណ៍ឡើងវិញ។

ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ ក៏បានអះអាងទៀតថា ពួកគេកំពុងសិក្សាទៅលើ ប្រព័ន្ធប្រកាសអាសន្នជាមុនហៅថា «Frontline Tonight» ដោយមានថវិកាទ្រទ្រង់ប្រមាណ ១៣.៦លានដុល្លារ ជាមួយនឹងស្ថាប័នកងទ័ពជើងអាមេរិក ដើម្បីស្វែងរកវិធីសាស្ត្របង្ការទុកជាមុន កុំឲ្យកើតមានការដាច់ Internet លើផែនដី ព្រមទាំងបណ្តាញទូរគមនាគមន៍តាមប្រព័ន្ធផ្កាយរណប ដោយសារតែឥទ្ធិពលនៃ Solar Superstorm នោះ។ ពួកគេថែមទាំងបានគណនាទៀតថា ការដាច់ Internet នឹងបង្កឲ្យមានការខាតបង់គិតជាទឹកប្រាក់ ៧ពាន់លានដុល្លារឯណោះនៅក្នុង១ថ្ងៃ។

ការអះអាងអំពីករណីដែលអាចកើតមាន «Solar Superstorm» ចំពេលដែលក្រុមអ្នកវិទ្យាសាស្ត្រ កំពុងបញ្ចេញការព្យាករណ៍ថ្មីអំពីការកើនឡើងនៃ ភាពកញ្ជ្រោលដល់កម្រិតកំពូលរបស់ព្រះអាទិត្យ (Solar Maximum) នៅឆ្នាំ២០២៤ ខាងមុខបែបនេះ បាននាំឲ្យសារព័ត៌មានជាច្រើន ទាញរឿងនេះមកភ្ជាប់ជាមួយគ្នា និងថែមទាំងបានអះអាងទៀតថា នៅឆ្នាំ២០២៤ ខាងមុខនេះអាចនឹងមានការដាច់ Internet លើភពផែនដី។ តែយ៉ាងណា ការចេញផ្សាយព័ត៌មានបែបនេះ គឺមិនមែនការពិតទាល់តែសោះ ព្រោះភពផែនដីយើងមិនធ្លាប់បានទទួលរង Solar Superstorm ឡើយ ហើយក៏មិនទាន់មានរបាយការណ៍ថា យើងនឹងរងបាតុភូតនេះនៅឆ្នាំ២០២៤នោះដែរ។

ដែនម៉ាញេទិចផែនដីទប់ទល់ព្យុះព្រះអាទិត្យ (រូបភាពពីបរទេស)

គួររំលឹកថា ព្យុះព្រះអាទិត្យ (Solar Storm) កម្រិតខ្លាំងបំផុតក្នុងកំណត់ត្រា (មិនទាន់អាចចាត់ទុកជា Superstorm នោះទេ) បានកើតមានឡើងកាលពីឆ្នាំ ១៨៥៩ ដោយបានបង្កឲ្យភូមិសាស្ត្រម៉ាញេទិចនៃភពផែនដី ជួបភាពចលាចលយ៉ាងខ្លាំង ព្រោះតែវាបានបង្កមហន្តរាយដល់បណ្តាញទូរលេខ (telegraphs) និងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍ទាំងស្រុងនៅក្នុងថ្ងៃនោះតែម្តង។ ដោយឡែកសម្រាប់ Solar Superstorm វិញ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា ធ្លាប់បានកើតមានឡើងកាលពីខ្ទង់ ១៤,០០០ឆ្នាំមុន ឬយើងហៅថា ព្រឹត្តិការណ៍ មីយ៉ាគិ (Miyake Event) ហើយ Cambo Space នឹងពន្យល់អំពីប្រធានបទនេះ នៅអត្ថបទក្រោយ៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NOAA/Fox News (ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner