យានតែ៤គ្រឿងប៉ុណ្ណោះ ធ្លាប់ចុះដល់ផ្ទៃភពសុក្រ និងថតបានរូបភាពពិតៗ (មានរូបភាព-វីដេអូ)
(បរទេស)៖ បើនិយាយទៅដល់ភពពុធ (Mercury) និងភពអង្គារ (Mars) ឬសូម្បីតែភពផែនដីយើងនេះ ការផ្តិតរូបភាព ឬអង្កេតផ្ទៃស្រទាប់លើ (surface) របស់ភពទាំងអស់នេះ អាចធ្វើបានត្រឹមតែតាមរយៈកាមេរ៉ាលើយានអវកាស និងតេឡេស្កូបក៏បាន។ តែសម្រាប់ភពសុក្រ (Venus) វិញ យើងអាចឃើញត្រឹមឃើញបរិយាកាសខាងក្រៅតែប៉ុណ្ណោះ ព្រោះផ្ទៃស្រទាប់លើរបស់ភពនេះ បិទបាំងដោយបណ្តុំពពកដ៏ក្រាស់ឃ្មឹកជាប្រចាំហើយ។

យើងត្រូវអរគុណដល់បេសកកម្មយាន Venera (Venera ជាភាសារុស្ស៊ី ដែលចង់សំដៅលើភព Venus នោះឯង) របស់អតីតសហភាពសូវៀត ដែលបានចេញបេសកកម្មសរុប ២៨លើក គិតចាប់តាំងពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៨៤ ទៅកាន់ភពសុក្រ ក្នុងនោះយាន ១៣គ្រឿងបានធ្វើការទម្លាក់ខ្លួនចូលក្នុងបរិយាកាសភពសុក្រ និងបញ្ជូនទិន្នន័យត្រលប់មកផែនដីវិញដោយជោគជ័យ ខណៈយាន ១០គ្រឿង បានចុះចតដោយជោគជ័យ នៅលើផ្ទៃភពសុក្រ តែក្នុងនោះមានយានតែ ៤គ្រឿងប៉ុណ្ណោះ ដែលអាចផ្តិតរូបភាពបានពិតៗ និងបញ្ជូនមកកាន់ផែនដីវិញ ឬព្រោះតែពួកវាមានបំពាក់កាមេរ៉ាជាប់ខ្លួន មុននឹងត្រូវបានបរិយាកាសភពសុក្រផ្តាច់សង្ខាឲ្យរលត់ក្នុងពេលតែ ១ម៉ោង ទៅ ២ម៉ោងប៉ុណ្ណោះ។

យានស៊េរី Venera ទាំង ៤គ្រឿង ដែលមានបំពាក់កាមេរ៉ា និងអាចបានផ្តិតនូវរូបភាព១បណ្តុំ ដែលគ្មានយានណាផ្សេងទៀតអាចធ្វើបានលើភពសុក្រនោះមានដូចជា យាន Venera 9 ដំំណើរការបាន ៥៣នាទីក្រោយជាន់ផ្ទៃភពសុក្រ និងយាន Venera 10 ដំណើរការបាន ៦៥នាទី (ជាបេសកកម្មនៅអំលុងឆ្នាំ១៩៧៥)។ សម្រាប់យាន Venera 13 ដែលដំណើរការបាន ១២៧នាទី និង Venera 14 បាន ៥៧នាទី ក៏បានផ្តិតរូបភាពផ្ទៃភពសុក្រ និងបញ្ជូនមកកាន់ផែនដីវិញផងដែរ (ជាបេសកកម្មនៅអំលុងឆ្នាំ១៩៨១ – ១៩៨២)។ ខាងក្រោមនេះជារូបភាពពិតៗពីផ្ទៃភពសុក្រ ថតដោយកាមេរ៉ារបស់យានទាំង ៤៖
ទី១៖ ជារូបភាពលក្ខណៈសខ្មៅ និងទ្រវែង (Panorama) ១សន្លឹកថតដោយកាមេរ៉ាយាន Venera 9 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៧៥

ទី២៖ ជារូបភាពលក្ខណៈសខ្មៅ និងទ្រវែង (Panorama) ១សន្លឹកថតដោយកាមេរ៉ាយាន Venera 10 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៧៥

ទី៣៖ ជារូបភាពលក្ខណៈពណ៌ធម្មជាតិ និងទ្រវែង (Panorama) សន្លឹកទី១ ថតដោយកាមេរ៉ាយាន Venera 13 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៨២

ទី៤៖ ជារូបភាពលក្ខណៈពណ៌ធម្មជាតិ និងទ្រវែង (Panorama) សន្លឹកទី២ ថតដោយកាមេរ៉ាយាន Venera 13 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៨២

ទី៥៖ ជារូបភាពលក្ខណៈពណ៌ធម្មជាតិ និងទ្រវែង (Panorama) សន្លឹកទី១ ថតដោយកាមេរ៉ាយាន Venera 14 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៨២

ទី៦៖ ជារូបភាពលក្ខណៈពណ៌ធម្មជាតិ និងទ្រវែង (Panorama) សន្លឹកទី២ ថតដោយកាមេរ៉ាយាន Venera 14 លើផ្ទៃភពសុក្រកាលពីឆ្នាំ១៩៨២

គួរបញ្ជាក់ថា បេសកកម្ម Venera របស់អតីតសហភាពសូវៀត ពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិស័យអវកាស និងវិទ្យាសាស្ត្ររបស់អន្តរជាតិ ព្រោះទិន្នន័យអំពីធាតុផ្សំក្នុងបរិយាកាស និងស្ថានភាពនៃពពកដ៏ក្រាស់របស់ភពសុក្រ ហើយជាពិសេសគឺរូបភាពពិតៗរបស់ផ្ទៃភពសុក្រ នៅតែជាតម្លៃមិនខ្វះបានដល់ការសិក្សាស្រាវជ្រាវ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ The Planetary Society (ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣)
