តើយើងអាចឆ្លុះមើលឃើញឆ្ងាយកម្រិតណា ទៅក្នុងចក្រវាលនេះ? (យល់ដឹង) (មានវីដេអូ)

663

(បរទេស)៖ ប្រសិនបើនិយាយពីភ្នែកទាំងគូ ដ៏ល្អប្រពៃរបស់មនុស្សលោកយើង ដែលជាអំណោយផ្តល់មកពីធម្មជាតិនោះ គឺអាចសម្លឹងឃើញពន្លឺ ៩,០០០ចំណុច នៅលើផ្ទៃមេឃដ៏ស្រឡះល្អពេលរាត្រី ដោយនោះគឺជាពពួកផ្កាយដែលមានលទ្ធភាពបញ្ចេញពន្លឺ មកដល់ភ្នែកមនុស្សលើផែនដីនោះឯង។ ប៉ុន្តែ, នេះគ្រាន់តែជាមួយចំណែកដ៏តូចជាទីបំផុតនៃចក្រវាល (Universe) ប៉ុណ្ណោះ។

(Video From: Cambo Space Edu’s YouTube Channel)
  • ផ្កាយជិតបំផុតតែយើងមិនអាចមើឃឃើញ
ប្រព័ន្ធផ្កាយ Alpha Centauri (រូបភាពពីបរទេស)

សម្រាប់ប្រព័ន្ធផ្កាយដែលស្ថិតនៅជិតយើងបំផុតនោះគឺ Alpha Centauri ហើយវាជាប្រភេទប្រព័ន្ធផ្កាយភ្លោះបី ក្នុងនោះផ្កាយ Proxima Centauri ដែលជាប្អូនតូចជាងគេ មានចម្ងាយខ្ទង់ ៤.២ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) និងជាប់ឈ្មោះជាប្រព័ន្ធផ្កាយ ដែលស្ថិតនៅកៀកផែនដីយើងបំផុត។ ទោះជាបែបនេះក្តី Proxima Centauri មានទំហំតូច និងពន្លឺស្រទន់ខ្លាំង (ព្រោះវាជា red dwarf star) ហើយភ្នែកមនុស្សពិតជាមើលមិនឃើញវត្តមានវាលើផ្ទៃមេឃឡើយ ដោយទាល់តែឆ្លុះមើលតាមតេឡេស្កូបទើបឃើញ។

  • ផ្កាយឆ្ងាយបំផុតដែលយើងអាចមើលឃើញ
រូបភាពផ្កាយ V762 Cas ថតដោយតេឡេស្កូប (រូបភាពពីបរទេស)

សម្រាប់ប្រព័ន្ធផ្កាយដែលស្ថិតនៅឆ្ងាយពីយើងបំផុត តែនៅតែឲ្យភ្នែកយើងមើលឃើញនោះគឺ V762 Cas ដែលមានចម្ងាយខ្ទង់ ១៦,០០០ឆ្នាំពន្លឺពីផែនដី។ វាអាចឲ្យយើងឃើញ ព្រោះតែពន្លឺរបស់វាមានកម្រិតខ្លាំងជាង ពន្លឺព្រះអាទិត្យយើងដល់ទៅ ១០០,០០០ដង។ ទោះបីជាស្ថិតនៅឆ្ងាយ តែនៅពេលពន្លឺវាភ្លឺខ្លាំង និងស្ថិតនៅចំទីតាំងល្អទៀតនោះ ប្រាកដជានាំឲ្យភ្នែកមនុស្សមើលឃើញមិនខាន។

ក្រុមអ្នកជំនាញអះអាងថា ផ្កាយទាំងអស់លើមេឃ ដែលអាចឲ្យយើងឃើញនឹងភ្នែក ដោយមិនចាំបាច់ប្រើតេឡេស្កូបនោះ គឺសុទ្ធសឹងតែមានម៉ាស់ និងទំហំធំធេងជាងព្រះអាទិត្យយើង។ បើនិយាយពីផ្កាយស្ថិតក្នុងប្រភេទដូចព្រះអាទិត្យយើងវិញ គឺពិតជាមានទំហំតូច និងពន្លឺស្រទន់ណាស់ ដែលមិនអាចឲ្យមើលឃើញពីរយៈចម្ងាយ រាប់ឆ្នាំពន្លឺឡើងទៅនោះឡើយរវាងភ្នែកមនុស្សលោកយើង និងផ្កាយទាំងនោះ។ បើយើងគិតពីតំបន់នៃទីអវកាស ដែលមានរយៈចម្ងាយពីចាប់ផែនដីយើងទៅកាន់ផ្កាយ V762 Cas ផ្កាយប្រមាណ ៩,០០០ដួង អាចបង្ហាញពន្លឺឲ្យយើងឃើញនឹងភ្នែក តែជាង១លានដួងទៀត គឺមិនអាចនោះឡើយ ព្រោះពួកវាមានពន្លឺខ្សោយ។

  • កាឡាក់ស៊ីជិតបំផុតដែលយើងមើលឃើញ
កាឡាក់ស៊ី Andromeda ពេលវេលាស្រឡះល្អ (រូបភាពពីបរទេស)

បើយើងនិយាយចំពោះ V762 Cas នោះគឺជាពន្លឺផ្កាយនៅឆ្ងាយបំផុត ដែលយើងអាចឃើញដោយភ្នែកទទេ មិនចាំបាច់ប្រើតេឡេស្កូប ប៉ុន្តែបើយើងនិយាយពីអ្វីផ្សេងទៀត ដែលស្ថិតនៅឆ្ងាយផងដែរ និងអាចបង្ហាញពន្លឺឲ្យយើងឃើញនឹងភ្នែកដែរ នោះគឺកាឡាក់ស៊ី Andromeda ដែលមានចម្ងាយខ្ទង់ ២.៥លានឆ្នាំពន្លឺពីផែនដី។ ការសម្លឹងមើលឃើញពន្លឺដ៏ស្រទន់ នៃកាឡាក់ស៊ី Andromeda មានន័យថា យើងកំពុងឃើញពន្លឺដែលបានជះមកកាលពីអតីតកាល ២.៥លានឆ្នាំមុនជាបន្តបន្ទាប់។

  • ការផ្ទុះនៅទីអវកាសដ៏ឆ្ងាយបំផុតដែលយើងមើលឃើញ
ព្រឹត្តិការណ៍ GRB 08319B (រូបភាពពីបរទេស)

ព្រឹត្តិការណ៍ផ្ទុះជះពន្លឺមួយចំនួនក្នុងចក្រវាល ក៏អាចឲ្យភ្នែកមនុស្សមើលឃើញដែរ បើទោះបីជាស្ថិតនៅទីឆ្ងាយមហាសែនឆ្ងាយក៏ដោយ ព្រោះតែកម្រិតពន្លឺដ៏ខ្លាំងអស្ចារ្យ នៃព្រឹត្តិការណ៍ទាំងនោះ។

ឧទាហរណ៍​៖ កាលពីឆ្នាំ២០០៨ មានព្រឹត្តិការណ៍ផ្ទុះជះកាំរស្មីហ្គាម៉ា (gamma-ray burst) ឈ្មោះ GRB 08319B ដែលបានមកដល់ផែនដី និងអាចឲ្យភ្នែកមនុស្សសម្លឹងមើលឃើញ ក្នុងរយៈពេលយ៉ាងហោចណាស់ ៣០វិនាទី ហើយវាបានធ្វើដំណើរពីចម្ងាយ ៧.៥ពាន់លានឆ្នាំពន្លឺ ទម្រាំមកដល់ផែនដីយើង។ ប្រការនេះមានន័យថា «ពេលពន្លឺនោះផ្ទុះជះមកដំបូង គឺប្រព័ន្ធព្រះអាទិត្យយើងទាំងមូល មិនទាន់កកើតឡើងនៅឡើយទេ»

  • ផ្កាយទោលដ៏សែនឆ្ងាយដំបូងក្នុងចក្រវាល ដែលយើងអាចវែករកឃើញ
វត្តមានផ្កាយ Earendel (រូបភាពពី NASA/ESA)

តាមរយៈការឈ្វេងយល់អំពី «បាតុភូត Gravitational Lensing ឬការពត់កោងពន្លឺនៃវត្ថុអវកាសអ្វីមួយក្នុងចក្រវាល ពេលឆ្លងកាត់បរិស្ថានអវកាសដ៏មហាសែនឆ្ងាយ» យើងអាចយល់ដឹងអំពី វត្តមានកាឡាក់ស៊ី, ផ្កាយ និងប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាលបន្ថែមទៀត។ យើងអាចដឹងរឿងរ៉ាវទាំងអស់នេះបាន ដោយសារតែតេឡេស្កូបនៅលើដី និងទីអវកាសដែលប្រកបដោយសមត្ថភាពខ្ពស់ជាងជំនាន់មុនៗ។

នៅក្នុងនោះ ផ្កាយទោលមានចម្ងាយឆ្ងាយបំផុតក្នុងចក្រវាល ដែលយើងអាចរកឃើញនោះមានឈ្មោះថា Earendel ដែលត្រូវបានក្រុមតារាវិទូគណនាថា មានចម្ងាយ ២៨ពាន់លានឆ្នាំពន្លឺពីផែនដី។ Earendel បានកកើតឡើងនៅពេលចក្រវាល ទើបមានអាយុ ៩០០លានឆ្នាំ ៩០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang (Big Bang ត្រូវបានចាត់ទុកជាពេលដែលចក្រវាល កកើតឡើងដំបូងកាលពី ១៣.៨ពាន់លានឆ្នាំមុន)។ ដូច្នេះ Earendel ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងចង្កោមតារាជំនាន់ដំបូង (first generation) ដែលបានលេចរូបរាងក្នុងចក្រវាល។

  • តេឡេស្កូបអវកាស James Webb និងការបង្កើតសមិទ្ធផលថ្មី
វត្តមានកាឡាក់ស៊ី JADES-GS-z13-0 (រូបភាពពី NASA/ESA/CSA)

តាមរយៈវិធីសាស្ត្រដូចតេឡេស្កូបមុនៗ តេឡេស្កូបអវកាស James Webb បានវែករកឃើញ កាឡាក់ស៊ី JADES-GS-z13-0 ដែលត្រូវបានចាត់ទុកថា ជាកាឡាក់ស៊ីស្ថិតនៅឆ្ងាយបំផុត មិនធ្លាប់ត្រូវបានរកឃើញ។ ក្រុមការងារគ្រប់គ្រង James Webb បានគណនាថា JADES-GS-z13-0 ស្ថិតនៅចម្ងាយខ្ទង់ ៣៣.៦ពាន់លានឆ្នាំពន្លឺពីផែនដី ឬមានន័យថា វាបានកកើតឡើងនៅពេលចក្រវាល ទើបមានអាយុត្រឹមតែ ៤០០លានឆ្នាំ

(រូបភាពពីបរទេស)

នៅហួសឆ្ងាយពីនោះទៀតរហូតដល់រយៈចម្ងាយ ៤៦ពាន់លានឆ្នាំពន្លឺ ទើបយើងលែងអាចសង្កេតឃើញអ្វីទៀត។ ប្រការនេះមិនមែនមកពីចក្រវាល ត្រូវបានបញ្ចប់ត្រឹមកាំប្រវែង ៤៦ពាន់លានឆ្នាំពន្លឺ (ស្មើនឹងអង្កត់ផ្ចិត ៩២ពាន់លានឆ្នាំពន្លឺ) នោះឡើយ តែវាជាសមត្ថភាពរបស់មនុស្សលោក ដែលអាចត្រឹមឆ្លុះមើលទៅដល់ចម្ងាយត្រឹមនោះ ឬយើងហៅថា ចក្រវាលដែលយើងអាចសង្កេតឃើញ (observable universe)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤)

480×240 Banner