BREAKING៖ នេះជា «កាឡាក់ស៊ីឆ្ងាយបំផុត» ដែលតេឡេស្កូប James Webb រកឃើញ (មានវីដេអូ)
(បរទេស)៖ ជិត២ឆ្នាំមកហើយក្រោយការដាក់ឲ្យដំណើរការជាផ្លូវការនៃតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ហើយឧបករណ៍វិទ្យាសាស្ត្រទំនើបចុងក្រោយរបស់មនុស្សលោកមួយនេះ បាននិងកំពុងស្រាវជ្រាវចក្រវាលទាំងមូល ខណៈដែលវាកំពុងស្ថិតក្នុងគន្លងគោចរ L2 ដែលស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដីនោះ។
គោលដៅចម្បងបំផុតរបស់ James Webb គឺការសង្កេតរកកាឡាក់ស៊ី ដែលបានកកើតឡើងដំបូងៗកាលពីអំលុង ២០០-៣០០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang។ នៅក្នុងទ្រឹស្តី ដែលមនុស្សលោកបានប្រកាន់យកអស់ជាច្រើនទសវត្សរ៍មកនេះ Big Bang គឺជាចំណុចចាប់ផ្តើមដំបូងនៃចក្រវាល (universe) កាលពីប្រមាណ ១៣.៨ពាន់លានឆ្នាំមុន ហើយចក្រវាលក៏បានពង្រីកខ្លួន បន្តិចម្តងៗមកទល់នឹងពេលបច្ចុប្បន្ន ដូចដែលយើងកំពុងឃើញជាក់ស្តែង។

កាលពីចុងខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង James Webb បានបង្កការភ្ញាក់ផ្អើលជាថ្មី តាមរយៈការបញ្ចេញរូបភាពថ្មីនៃកាឡាក់ស៊ីមួយ ដែលស្ថិតនៅឆ្ងាយបំផុតមិនធ្លាប់ត្រូវបានរកឃើញ ហើយរូបភាពនេះគឺបានមកពីបេសកកម្មសង្កេតចក្រវាលជ្រៅៗ JWST Advanced Deep Extragalactic Survey (JADES) ដោយប្រើប្រាស់ឧបករណ៍សម្រិតសម្រាំងពន្លឺក្រហមអាំងហ្វ្រាជិត NIRSpec (Near-Infrared Spectrograph) កាលពីអំលុងខែតុលា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។

កាឡាក់ស៊ីឆ្ងាយបំផុតដែលទើបត្រូវបានបញ្ចេញឲ្យគ្រប់គ្នាដឹងនេះ បានកកើតឡើងនៅរយៈពេល ២៩០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang ឬមានន័យថា វាមានអាយុជាង ១៣.៥ពាន់លានឆ្នាំហើយគិតត្រឹមពេលនេះ។ នេះជាលើកដំបូងហើយដែលតេឡេស្កូបបង្កើតដោយដៃមនុស្ស អាចសង្កេតរកឃើញកាឡាក់ស៊ីក្នុងចក្រវាល ដែលបានកកើតឡើងក្រោម ៣០០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang ស្តែងៗនឹងមុខបែបនេះ។

កាឡាក់ស៊ីខាងលើនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា «JADES-GS-z14-0» ហើយទម្រង់នៃពន្លឺក្រហម (redshift) របស់វានេះ គឺជាសញ្ញាបង្ហាញអំពី ពពួកកាឡាក់ស៊ីដែលបានចាប់កំណើតឡើង នៅបន្ទាប់ពីព្រឹត្តិការណ៍ Big Bang បានកើតមានតែប៉ុន្មានរយលានឆ្នាំនោះឯង។ នៅមុនការរកឃើញកាឡាក់ស៊ី JADES-GS-z14-0 នេះ បេក្ខភាពកាឡាក់ស៊ីឆ្ងាយបំផុតពីមុនគឺ «JADES-GS-z13-0» ដែលបានកកើតឡើងកាលពីអំលុង ៣២០លានឆ្នាំបន្ទាប់ពី Big Bang។

ការឈ្វេងយល់អំពីអាយុរបស់ JADES-GS-z14-0 (កម្រិត redshift 14.32 មីក្រុង) គឺបានមកពីការសង្កេតរយៈពេល ១០ម៉ោង ដោយឧបករណ៍ NIRSpec របស់ Webb ទៅលើកាឡាក់ស៊ីនោះ ដោយប្រៀបធៀបទម្រង់ពន្លឺពណ៌ក្រហម redshift ចេញពីវា ជាមួយនឹងកាឡាក់ស៊ីឆ្ងាយបំផុតពីមុននោះគឺ JADES-GS-z13-0 (កម្រិត redshift 13.2 មីក្រុង)។ នៅក្នុងទ្រឹស្តីរូបវិទ្យា ការប្រែប្រួលនៃពន្លឺពណ៌ក្រហម (redshift) គឺបណ្តាលមកពីការកើនឡើងនៃរលកចម្ងាយ (wavelength) របស់ពន្លឺនោះ និងការថយចុះដោយស្របគ្នានៃថាមពលហ្វូតុង (photon) និងកម្រិតប្រេកង់ នៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច (electromagnetic radiation) (ព្រោះតែពន្លឺនោះ ត្រូវធ្វើដំណើរដ៏ឆ្ងាយមហាសែនឆ្ងាយ ទើបមកដល់យើង)។
គួរបញ្ជាក់ថា ពន្លឺពណ៌ក្រហម redshift របស់កាឡាក់ស៊ី JADES-GS-z14-0 នោះគឺមានអង្កត់ផ្ចិតជាង ១,៦០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលនោះត្រូវបានចាត់ទុកជាទំហំដ៏ធំធេងមួយ សម្រាប់កាឡាក់ស៊ីទើបចាប់កំណើតឡើងដំបូងៗបន្ទាប់ពី Big Bang បែបនោះ។ និយាយចំពោះកាឡាក់ស៊ីភាគច្រើនបច្ចុប្បន្ន ពន្លឺដ៏ភ្លឺចិញ្ច្រាចដែលជះចេញពីចំណុចកណ្តាល និងតំបន់ជុំវិញចំណុចកណ្តាលពួកវា ភាគច្រើនគឺជាឥទ្ធិពលនៃប្រហោងខ្មៅមហាយក្ស (supermassive black holes) ដែលជាបេះដូងនៃកាឡាក់ស៊ីទាំងនោះ។ ប៉ុន្តែសម្រាប់ JADES-GS-z14-0 ដែលមានចម្ងាយរាប់សិបពាន់លានឆ្នាំពន្លឺពីផែនដីនោះ ពន្លឺក្រហមចេញពីខ្លួនវាភាគច្រើនគឺចេញមកពីផ្កាយក្មេងៗ ដែលកំពុងចាប់កំណើតនៅក្នុងនោះតែម្តង៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤)
