តែ៣០ឆ្នាំនីវ៉ូទឹកសមុទ្រកើនជិត ១០cm ទៀត ហើយឆ្នាំ២០៥០ នឹងកាន់តែកើន (របាយការណ៍ពី NASA) (មានវីដេអូ)
(បរទេស)៖ សំណុំទិន្នន័យដែលត្រូវបានចងក្រង ទៅលើការស្ទាបស្ទង់ «កម្រិតនីវ៉ូទឹកសមុទ្រ (sea level)» ក្នុងរយៈពេលវែងបានបង្ហាញថា កម្ពស់ទឹកនៃផ្ទៃមហាសមុទ្រនានា នៅតែបន្តកើនឡើងក្នុងអត្រាលឿន ហើយក៏ទើបត្រូវបានជំរុញឲ្យកាន់តែលឿនបន្ថែមទៀត ដោយសារតែបាតុភូតរលកកម្តៅ អ៊ែល នីញ៉ូ (El Niño) លើកចុងក្រោយនេះ។
នីវ៉ូទឹកសមុទ្រជាមធ្យមរបស់ពិភពលោក បានកើនឡើងបន្ថែមរហូតដល់ ០.៧៦សង់ទីម៉ែត្រទៀត គិតតែអំំលុងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប៉ុណ្ណោះ ហើយតួលេខនេះពិតជាការ «បោះមួយជំហានដ៏ធំ» ដោយសារតែកត្តាអាកាសធាតុក្តៅខ្លាំង និងការវិវត្តនៃបាតុភូតរលកកម្តៅ El Niño ដ៏មានឥទ្ធិពលខ្លាំងលើសលើកមុនៗ។ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រសរុប គឺស្មើនឹងការបង្ហូរមួយភាគបួននៃទឹកបឹង ស៊ូពើរៀ (Superior Lake) ចូលទៅក្នុងមហាសមុទ្រក្នុងរយៈពេលមួយឆ្នាំ។
ការវិភាគដែលដឹកនាំដោយ NASA នេះ គឺផ្អែកលើសំណុំទិន្នន័យ នៃកម្រិតនីវ៉ូទឹកសមុទ្រ ដែលបានមកពីការសង្កេតតាមរយៈផ្កាយរណបអស់ជាង ៣០ឆ្នាំ ដោយចាប់ផ្តើមចេញពីបេសកកម្ម ថូផិច/ផូសីដុន (TOPEX/Poseidon) រវាងសហរដ្ឋអាមេរិក និងប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៩២។ បន្ថែមពីនេះ បេសកកម្មនៃផ្កាយរណប Sentinel-6 Michael Freilich ដែលត្រូវបានបាញ់បង្ហោះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ គឺជាផ្កាយរណបចុងក្រោយគេបង្អស់ ដែលបានរួមចំណែកដល់ការធ្វើកំណត់ត្រា នៃកម្រិតនីវ៉ូទឹកសមុទ្រនេះ។
ទិន្នន័យខាងលើនេះបានបង្ហាញទៀតថា នីវ៉ូទឹកសមុទ្រជាមធ្យមនៅទូទាំងពិភពលោក បានកើនឡើងសរុបប្រមាណ ៩.៤ សង់ទីម៉ែត្រ បន្ថែមទៀតគិតត្រឹមឆ្នាំ២០២៣ បើធៀបនឹងកំណត់ត្រាកាលពីឆ្នាំ១៩៩៣ ឬអាចនិយាយបានថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ទឹកសមុទ្របានកើនឡើងកម្ពស់ជិត ១០សង់ទីម៉ែត្រ (១តឹក) ទៀត។ វាក៏បង្ហាញពីកំណើនទៅលើអត្រាស្ទុះឡើង នៃនីវ៉ូទឹកសមុទ្រក្នុងមួយឆ្នាំៗផងដែរ ដោយបានហក់លោតពីអត្រា ០.១៨ សង់ទីម៉ែត្រក្នុង១ឆ្នាំក្នុងឆ្នាំ១៩៩៣ ដល់អត្រា ០.៤៣សង់ទីម៉ែត្រក្នុង១ឆ្នាំ ក្នុងឆ្នាំ២០២៣ កន្លងទៅ។
ជុំវិញដំណើរវិវត្តន៍នេះ លោកស្រី Nadya Vinogradova Shiffer នាយកគ្រប់គ្រងក្រុមការងារតាមដាន កម្រិតនីវ៉ូទឹកសមុទ្រនៃអង្គការ NASA បានលើកឡើងថា «អត្រាកើនឡើងលឿនជាងមុននេះមានន័យថា យើងកំពុងស្ថិតនៅលើផ្លូវឈានទៅរក ការកើនឡើងនៃនីវ៉ូទឹកសមុទ្រទូទាំងពិភពលោក ជាមធ្យមប្រមាណ ២០សង់ទីម៉ែត្រទៀត (២តឹក) បន្ថែមទៀតនៅឆ្នាំ២០៥០ ដែលការផ្លាស់ប្តូរនឹងមានទំហំទ្វេដង នៅក្នុងរយៈពេល ៣ទសវត្សរ៍ខាងមុខ បើប្រៀបធៀបទៅនឹង ១០០ឆ្នាំមុន ហើយគ្រោះទឹកជំនន់ក៏នឹងកើនឡើង កាន់តែញឹកញាប់ផងដែរនៅថ្ងៃអនាគត»។
គួរបញ្ជាក់តាមអ្នកជំនាញអង្គការ NASA ថា ការកើនឡើងនៃនីវ៉ូទឹកសមុទ្រនេះ គឺត្រូវបានជំរុញដោយការកើនឡើងកម្តៅនៃភពផែនដី (Global Warming) ហើយការកើនឡើងកម្តៅផែនដីនេះ គឺកើតចេញពីសមកម្មភាពរបស់មនុស្សលោក ដែលបាននិងកំពុងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅកាន់បរិយាកាសផែនដីជារៀងរាល់វិនាទី។ ឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gases) ដែលស្ថិតនៅក្នុងបរិយាកាសផែនដីកាន់តែច្រើន នោះនឹងក្លាយជាឧបករណ៍សម្រាប់ស្រូបទុកកម្តៅព្រះអាទិត្យកាន់តែខ្លាំងឡើង នៅក្នុងបរិយាកាសទៅតាមនោះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤)