ទិន្នន័យពី James Webb៖ «ភព LHS 1140 b អាចមានមហាសមុទ្រប្រវែង ៤,០០០km» (បេក្ខភាពពិសេស)

780

(បរទេស)៖ ការស្រាវជ្រាវរកភពនៅប្រព័ន្ធផ្កាយដទៃ ដែលអាចឲ្យជីវិតរស់នៅបាន (habitable Exoplanet) ត្រូវបានបង្រួមឲ្យមកនៅត្រឹមការរកវត្តមាន «ទឹក» ជាសំខាន់មុន រួចទើបគេស្វែងរកសមាសធាតុផ្សេងៗទៀត ដែលជាសញ្ញាបញ្ចេញដោយជីវិតទៅតាមក្រោយ។ ឥលូវនេះទិន្នន័យថ្មីពីតេឡេស្កូបអវកាស James Webb ត្រូវបានបញ្ចេញមកហើយ ដោយភព Exoplanet មួយឈ្មោះ LHS 1140 b ត្រូវបានគេសង្ស័យថា មានមហាសមុទ្រ និងឆ្នេរដែលអាចឲ្យជីវិតនៅលើនោះដើរលេងកម្សាន្តបាន (ប្រសិនបើមានជីវិតលើនោះមែន)។

(Video From YouTube: Cambo Space Edu)

លោកអ្នកមួយចំនួនអាចធុញទ្រាន់នឹងពាក្យ «អាច, សង្ស័យ, ទំនងជា ឬប្រហែល» ជាដើម ប៉ុន្តែចូរគ្រប់គ្នាចងចាំថា របកគំហើញ ឬការស្រាវជ្រាវរកការពិតលើអ្វីមួយ តែងតែកើតចេញពីការសង្ស័យជាមុន រួចទើបក្រុមអ្នកវិទ្យាសាស្ត្រកំណត់គោលដៅ ដើម្បីសិក្សាស្វែងរកភស្តុតាងដែលអាចបញ្ជាក់ពីការពិតនោះ។ ដូច្នេះវាមិនមែនជារឿងអ្វីដែលចម្លែក ចំពោះពាក្យទាំងអស់នេះឡើយ។

ការសន្និដ្ឋានពីមុនអំពីភព LHS 1140 b (រូបភាពពី NASA)

សម្រាប់បេក្ខភាពថ្មីជុំវិញការស្វែងរក Exoplanet ដែលអាចមានជីវិតរស់នៅខាងលើនេះ ស្ថិតនៅក្នុងប្រព័ន្ធផ្កាយ LHS 1140 ជាប្រភេទតារាក្រហមទំហំតូច (Red Dwarf) ដែលមានទំហំតូចជាងព្រះអាទិត្យយើង ៥ដង និងមានចម្ងាយ ៤៨ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ដោយយើងអាចស្វែងរកវាបាននៅក្នុងតារានិករ Cetus បើមើលទៅលើផ្ទៃមេឃភពផែនដី។

នៅមុនការដាក់ឲ្យដំណើរការ James Webb ក្រុមអ្នកវិទ្យាសាស្ត្រក៏បានដាក់ការសង្ស័យជាបឋមរួចទៅហើយ ចំពោះផ្កាយ LHS 1140 នោះថា កំពុងមានភពស្ថិតក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone ឬ Goldilocks Zone) នោះគឺ LHS 1140 b ហើយនៅទីបំផុតពួកគេក៏បានរកឃើញពិតមែន។ យ៉ាងណាក៏ដោយ ការចង់ដឹងថា តើឱកាសនៃការទ្រទ្រង់ជីវិតរបស់ភព LHS 1140 b មានច្រើនដល់កម្រិតណានោះ ពេលនេះមានតែ James Webb ប៉ុណ្ណោះទើបអាចស្វែងរកចម្លើយ ដែលមានភាពប្រាកដនិយមជាងគេបាន។

  • តើកត្តាអ្វីនាំឲ្យគេសន្និដ្ឋានថា LHS 1140 b ជាភពមានមហាសមុទ្រ?

លោក Ryan MacDonald តារាវិទូមកពីសាកលវិទ្យាល័យ Michigan និងអង្គការ NASA បានលើកឡើងថា «នេះជាលើកដំបូងហើយ ដែលយើងបានរកឃើញតំរុយនៃបរិយាកាសនៅជុំវិញភព Exoplanet ដែលជាប្រភេទភពថ្ម (rocky) ឬក៏អាចជាភពស្រោបដោយទឹកកក (ice) បែបនោះ (ចង់សម្តៅលើភព LHS 1140 b)។ ក្រុមការងាររបស់យើងទំនងជាបានរកឃើញភស្តុតាងនៃខ្យល់ នៅជុំវិញភពនោះផងដែរ…»។

ទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានរំពឹងថា នឹងរកឃើញវត្តមាន «ទឹក» នៅលើភព LHS 1140 b តាមរយៈតេឡេស្កូបអវកាស Hubble និង TESS ក៏ដោយ តែកន្លងមកនេះភាពស្រពិចស្រពិលនៅតែមាន។ រហូតមកទល់នឹងពេលនេះ ទិន្នន័យដែល James Webb ប្រមូលបានអំពីភពមួយនេះ កំពុងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។

ទិន្នន័យពី Webb បានបង្ហាញថា បរិយាកាសរបស់ LHS 1140 b អាចពោពេញទៅដោយ នីដ្រូសែន ឬអាសូត (nitrogen) ក្នុងបរិយាកាសច្រើនដូចជានៅលើភពផែនដីដែរ។ ប្រការនេះអាចនាំឲ្យពួកគេសន្និដ្ឋានថា LHS 1140 b អាចជាភពពោពេញដោយទឹក ឬមានវត្តមានមហាសមុទ្រ។ យ៉ាងណាក៏ដោយ សមត្ថភាពរបស់ James Webb ក៏មានដែនកំណត់ដែរ…។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)
  • ភាពអំណោយផលនៃផ្កាយរបស់ភព LHS 1140 b

បើធៀបនឹងផ្កាយជំពូកផ្កាយដូចគ្នាដូចជា TRAPPIST-1 ឬសូម្បីតែ Proxima Centauri នោះ ផ្កាយ LHS 1140 មានលក្ខណៈស្ងប់ស្ងាត់ និងមិនសូវជាសកម្មឡើយ។ ប្រការនេះពិតជាអំណោយផលណាស់ ព្រោះបើយោងតាមការសិក្សា និងពិសោធន៍តាមប្រព័ន្ធកុំព្យូទ័រ ផ្កាយដែលកញ្ជ្រោលខ្លាំងពេក (មានការផ្ទុះជះអណ្តាតភ្លើងក្នុងកម្រិតធ្ងន់ជារឿយៗ) អាចបំផ្លាញបរិយាកាស និងបរិស្ថានដែលអំណោយផលដល់ការកកើតជីវិត នៅលើភពដែលគោចរជុំវិញផ្កាយទាំងនោះបាន។

  • លក្ខណៈសម្បត្តិក្នុងការសន្និដ្ឋានរបស់ភព LHS 1140 b

ក្រោយការទទួលបានទិន្នន័យពី James Webb ភាពរំភើបដែលកើតឡើងចំពោះភព LHS 1140 b គឺពិតជាកើនឡើងមិនអាចទប់ជាប់។ ក្រុមការងារ Webb បានគណនាថា ពី ១០% ទៅ ២០% នៃម៉ាស់របស់ភពនេះគឺជាទឹក (water) ហើយរូបភាពបង្កើតឡើង ដោយកុំព្យូទ័រអំពី LHS 1140 b នោះក៏កាន់តែគួរឲ្យចាប់អារម្មណ៍ ថែមមួយកម្រិតទៀត។

រូបគំនូរអំពី LHS 1140 b បង្ហាញថា វាអាចជាភពស្រោបដោយទឹកកក (snow ball) ប៉ុន្តែដោយសារតែវាស្ថិតនៅក្នុងគន្លងគោចរបិទ ឬខ្ទាស់ (locked orbit) នោះធ្វើឲ្យផ្នែកម្ខាងទៀតរបស់វា បែរមុខទៅរកផ្កាយវារហូត ដែលនាំឲ្យកម្តៅពីផ្កាយវា ជះលើផ្ទៃម្ខាងនោះជាប្រចាំ រហូតដល់បង្កើតទៅមហាសមុទ្រទឹករាវ។ ដោយឡែកផ្នែកម្ខាងទៀត គឺងងឹតរហូត និងគ្របដណ្តប់ដោយទឹកកក។

ទិន្នន័យពី James Webb៖ «ភព LHS 1140 b អាចមានមហាសមុទ្រប្រវែង ៤,០០០km» (បេក្ខភាពពិសេស)
ការសន្និដ្ឋានថ្មីអំពីភព LHS 1140 b (Image credit: B. Gougeon/Université de Montréal)

គួរបញ្ជាក់តាមគំរូម៉ូដែលអំពីភព LHS 1140 b បានបង្ហាញថា ប្រសិនបើភពនោះមានបរិយាកាសស្រដៀងនឹងផែនដី នោះវានឹងមានមហាសមុទ្រទឹករាវ ស្ថិតនៅផ្នែកម្ខាងដែលបែរមុខទៅរកផ្កាយវារហូត ហើយបង្កើតចេញជាមហាសមុទ្រមានអង្កត់ផ្ចិត ៤,០០០km (មើលរូបមួយភ្លែតលោកអ្នកអាចច្រលំដូចជាគ្រាប់ភ្នែក) ជាមួយនិងសីតុណ្ហភាពជាមធ្យម ២០អង្សាសេ ដែលសមរម្យឲ្យជីវិតកកើត។ យ៉ាងណាក៏ដោយ យើងត្រូវការពេល និងឧបករណ៍អនាគតបន្ថែមទៀត ដើម្បីកំណត់ការពិតអំពី LHS 1140 b នោះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE via arXiv (ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤)

480×240 Banner