វៀតណាម៖ ខេត្ត Kon Tum រងគ្រោះរញ្ជួយដីជាង «៣០លើក» ក្នុងពេល២ថ្ងៃជាប់ៗគ្នា, ជាក្តីបារម្ភ (វីដេអូ)
(បរទេស)៖ សារព័ត៌មានរដ្ឋវៀតណាម VN Express បានរាយការណ៍ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះថា គ្រោះរញ្ជួយដីទាំងកម្រិតមធ្យម (quake) និងកម្រិតស្រាលៗ (tremor) បានកើតមានឡើងជាបន្តបន្ទាប់ ដោយនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា មានចំនួន ២១លើក និងថ្ងៃចន្ទ ទី២៩ ខែកក្កដា មានចំនួន ១១លើក។ តួលេខទាំងនេះសរុបចូលគ្នាមានចំនួន ៣២លើក ដោយគិតចាប់ពីវេលាម៉ោង ១១៖៣៥នាទីព្រឹកថ្ងៃអាទិត្យ រហូតដល់ម៉ោង ៧៖០០នាទីព្រឹកថ្ងៃចន្ទ (ម៉ោងនៅទីក្រុងហូជីមិញ)។
យោងតាមមជ្ឈមណ្ឌលតាមដានរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី ដែលស្ថិតក្រោម វិទ្យាស្ថាននៃភូគព្ភសាស្ត្រនៅវៀតណាមបានឲ្យដឹងថា គ្រោះរញ្ជួយដីទាំងអស់បានកើតឡើងនៅក្នុងស្រុក កុន ផ្លុង (Kon Plong) នៃខេត្ត កុន តឹម (Kon Tum) ដែលជាតំបន់ព្រៃខ្ពង់រាប និងប្រជុំភ្នំ មានព្រំដែនជាប់ប្រទេសឡាវ និងកម្ពុជា។
មិនទាន់បញ្ចប់នោះទេ នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ដដែលនោះ គ្រោះរញ្ជួយដីមួយលើកទៀតក្នុងកម្រិត ៣.៧រ៉ិចទ័រ បានកើតមានឡើងនៅតំបន់ខាងលើដដែល ដោយមានជម្រៅពីក្នុងដី ៨.១គីឡូម៉ែត្រ។ ហេតុការណ៍គ្រោះធម្មជាតិផ្ទួនៗបែបនេះបាននិងកំពុងបង្កឲ្យអាជ្ញាធរវៀតណាមព្រួយបារម្ភ អំពីសកម្មភាពមិនប្រក្រតីនៅខាងក្រោមតំបន់កើតមានរញ្ជួយដីនោះ។
វិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមគ្រោះរញ្ជួយដីទាំង ២១លើក ដែលបានកើតមានឡើងនៅខេត្ត Kon Tum កាលពីថ្ងៃអាទិត្យនោះ ធ្ងន់ជាងគេមានកម្រិត ៥.០រ៉ិចទ័រ ពីក្នុងជម្រៅដី ៨.១គីឡូម៉ែត្រ ហើយបើគិតពីហានិភ័យថ្នាក់ជាតិវិញ គឺស្ថិតនៅក្នុងកម្រិតទី ២ (Level 2) ដែលជាកម្រិតមធ្យម។
យោងតាមបណ្ឌិត ង្វៀន សួនអាញ់ (Nguyen Xuan Anh) នាយកនៃវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាមបានព្យាករណ៍ថា គ្រោះរញ្ជួយដីនឹងបន្តអង្រួនខេត្ត Kon Tum បន្ថែមទៀតនៅពេលឆាប់ៗខាងមុខ ប៉ុន្តែវាទំនងជាមិនអាចលើសពីកម្រិត ៥.៥រ៉ិចទ័រ នោះឡើយ។ អាជ្ញាធរវៀតណាមនៅតែកំពុងត្រួតពិនិត្យ ផលខូចខាតដែលត្រូវបានបង្កឡើងដោយគ្រោះរញ្ជួយខាងលើនេះនៅឡើយ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩០៣ ដល់ឆ្នាំ២០២០ ស្រុក Kon Plong នៃខេត្ត Kon Tum របស់វៀតណាម បានរងគ្រោះរញ្ជួយដីកម្រិតស្រាលៗសរុប ៣៣លើក (ក្នុងកម្រិត ២.៥រ៉ិចទ័រ ឬលើសពីនេះ)។ ដោយឡែកគិតចាប់ពីឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ តំបន់ដដែលនេះជួបគ្រោះរញ្ជួយដីសរុបជិត ២០០លើក។
យ៉ាងណាក៏ដោយ ក៏មានការបង្ហោះពីអ្នកលេងបណ្តាញសង្គម Facebook នៅប្រទេសកម្ពុជាយើង អំពីការទទួលអារម្មណ៍ថា បានកើតមាននូវរំញ័រដី (រញ្ជួយដីតិច) ផងដែរកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដានោះ សម្រាប់អ្នករស់នៅខេត្តរតនគិរីផ្ទាល់ តែក៏នៅមិនទាន់មានប្រភពផ្លូវការណា ចេញមកបញ្ជាក់នៅឡើយដែរ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ VN Express (ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤)