ភពពុធមិនឯកោ, យានជប៉ុន-អឺរ៉ុបទើបហោះកាត់ និងផ្តិតរូបភាព ដែលកំពុងបង្កការងឿងឆ្ងល់… (វីដេអូ)

2,044

(បរទេស)៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ យានអវកាស BepiColombo របស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) និងអឺរ៉ុប (ESA) បានហោះឆ្វែលរយៈពេល ២៣នាទី ព្រមទាំងបានផ្តិតរូបភាពដ៏ច្បាស់បំផុតកម្រមានពីលើផ្ទៃនៃតំបន់ជុំវិញប៉ូលខាងត្បូងរបស់ភពពុធ (Mercury) ដែលជាភពស្ថិតនៅលេខរៀងទីបន្ទាប់ពីព្រះអាទិត្យ និងក៏ជាភពមានទំហំតូចជាងគេបំផុតក្នុងចំណោមភពផ្លូវការទាំង នៃប្រព័ន្ធរបស់យើងនេះផងដែរ។

(Video From YouTube: Cambo Space Edu)

ការហោះឆ្វែលភពពុធដោយ BepiColombo ត្រូវបានធ្វើឡើងនៅក្នុងរយៈចម្ងាយកៀកបំផុតមិនធ្លាប់មាន នោះគឺត្រឹមតែ ១៦៥km ប៉ុណ្ណោះពីផ្ទៃភពនោះ ហើយនៅក្នុងកំលុងពេលនោះ យានអវកាសដែលត្រូវបានបាញ់បញ្ជូនទៅភពផែនដីតាំងតែពីឆ្នាំ២០១៨មួយនេះបានប្រើប្រាស់កាមេរ៉ាពិសេស M-CAMs ទាំង ៣គ្រឿងនៅជាប់ខ្លួនវា ដើម្បីផ្តិតរូបភាពគុណភាពខ្ពស់មួយចំនួន។ ពេលយើងមើលឃើញរូបទាំងអស់មួយភ្លែត ក៏អាចច្រឡំថាជាព្រះចន្ទរបស់ផែនដីផងដែរ តែតាមការពិតទៅនោះគឺជាភពពុធ

រូបភាពទី១៖ ទិដ្ឋភាពតំបន់ប្រជុំក្រហូងតូចធំ ផ្តិតដោយយាន BepiColombo (Image credit: JAXA/ESA)

សម្រាប់រូបភាពថ្មីៗនៃផ្ទៃភពពុធ ក៏បង្ហាញឲ្យយើងឃើញនូវក្រហូង Vivaldi (ត្រូវបានដាក់ឈ្មោះតាម អ្នកនិពន្ធដ៏ល្បីនៅអ៊ីតាលីលោក Antonio Vivaldi និងក្រហូងទើបដាក់ឈ្មោះថ្មីមួយទៀតថា Stoddart (ត្រូវបានដាក់ឈ្មោះតាម អ្នកនិពន្ធនូវែលសេឡង់មួយរូបឈ្មោះ Margaret Olrog Stoddart)។ ក្រហូងទាំងពីរនេះ គឺស្ថិតនៅក្នុងបណ្តុំបាសាំង ដែលត្រូវបានបង្កើតឡើងដោយការធ្លាក់នៃអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ ហើយវាក៏បង្ហាញពីភាពស្មុគស្មាញនៃការហូរកម្អែលភ្លើង លើផ្ទៃភពពុធកាលពីអតីតកាលផងដែរ។

ភពពុធមិនឯកោ, យានជប៉ុន-អឺរ៉ុបទើបហោះកាត់ និងផ្តិតរូបភាព ដែលកំពុងបង្កការងឿងឆ្ងល់… (វីដេអូ)
ទិដ្ឋភាពតំបន់ប្រជុំក្រហូងតូចធំ ផ្តិតដោយយាន BepiColombo (Image credit: JAXA/ESA)

បើតាមរូបភាពជាក់ស្តែង ដែលត្រូវបានថតកំលុងការហោះឆ្វែលដោយយាន BepiColombo ក្នុងរយៈចម្ងាយ ៣,៥០០km និងទៅកៀកបំផុត ១៦៥km នោះ គេឃើញតំបន់ប្រជុំក្រហូងលើផ្ទៃភពពុធនោះ ក៏មានក្រហូងកកើតពីលើក្រហូងផងដែរ (និយាយចំពោះក្រហូងធំ) ហើយក៏មានក្រហូងរាងរង្វង់ៗដូចចិញ្ចៀនមួយចំនួនទៀត នៅតម្រៀបជាជួរលើតំបន់ខ្ពង់រាប ពីចំហៀងក្រហូងធំៗនោះថែមទៀត។ ជុំវិញទិដ្ឋភាពបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រហាក់ពិបាកក្នុងការបកស្រាយបន្តិច តែយើងក៏នៅតែអាចស្វែងយល់បានខ្លះៗដែរ។ ទោះបីជាទី១ និងទី២ ត្រូវបានថតនៅទីទាំងផ្សេងពីគ្នាមែន តែមើលទៅគឺមានលក្ខណៈស្រដៀងគ្នា អំពីសណ្ឋានផ្ទៃភពនោះ។

រូបភាពទី២៖ ទិដ្ឋភាពតំបន់ប្រជុំក្រហូងតូចធំ ផ្តិតដោយយាន BepiColombo (Image credit: JAXA/ESA)

ជុំវិញទិដ្ឋភាពបែបនេះ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រភពមួយរូបឈ្មោះ David Rothery មកពីសាកលវិទ្យាល័យ Open នៃចក្រភពអង់គ្លេសបានពន្យល់ថា «អាង (បាសាំង ឬក្រហូងរាងរង្វង់មូលៗ) នានានៅលើតំបន់ខ្ពង់រាបនៃភពពុធ (ដូចក្នុងរូបភាព) នោះ គឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះរបៀបដែលពួកវាត្រូវបានបង្កើតឡើង រហូតមកទល់នឹងបច្ចុប្បន្ននេះនៅតែជាអាថ៌កំបាំងនៅឡើយ។ តែយ៉ាងណា ក្រហូងរាងរង្វង់ៗលើតំបន់ខ្ពង់រាបបែបនោះត្រូវបានគេសន្មត់ថា អាចកកើតឡើងនៅពេលមានការប៉ះទង្គិចខ្លាំងក្លាណាមួយ ដែលអាចធ្វើឲ្យមានចលនាងើបឡើង និងផុងចុះទៅវិញនៃផ្ទៃត្រង់តំបន់នោះ ហើយសម្រាប់ជម្រៅរបស់ពួកវាវិញ ក៏យើងមិនទាន់បានដឹងច្បាស់លាស់នោះដែរ…»

គួរបញ្ជាក់ថា យានអវកាស BepiColombo គឺជាកិច្ចសហប្រតិបត្តិការគ្នារវាង ទីភ្នាក់ងារអវកាសជប៉ុន JAXA និងអឺរ៉ុប ESA ដែលត្រូវបានបញ្ជូនពីភពផែនដីកាលពីខែតុលា ឆ្នាំ២០១៨ ដោយមានគោលដៅចម្បងក្នុងការសិក្សា អំពីភពពុធនោះតែម្តង។ យាន BepiColombo បានហោះឆ្វែលភពស្ថិតនៅលេខរៀងទី ១ នោះជាលើកដំបូងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ខណៈបេសកកម្មនេះបាននិងកំពុងសិក្សាស្វែងយល់អំពី សមាសធាតុផ្សំ, ទីតាំងភូមិសាស្ត្រ, បរិយាកាស, ស្រទាប់ម៉ាញេតូ និងប្រវត្តិរបស់ភពពុធ។

ភពពុធថតដោយយាន BepiColombo (Image Credit: JAXA/ESA)

ទោះជាយ៉ាងណា យានមួយគ្រឿងនេះត្រឹមហោះឆ្វែល (Flyby) ភពពុធជារឿយៗសិនប៉ុណ្ណោះ ដោយសារតែកន្លងមកនេះ វាបានជួបបញ្ហាផ្នែកបច្ចេកទេសនៃម៉ាស៊ីនជំរុញល្បឿន (thruster) ដែលមិនអាចធ្វើការឲ្យពេញកម្លាំងបាន។ បើតាមផែនការថ្មី ESA និង JAXA គ្រោងបញ្ជាឲ្យ BepiColombo ជ្រៀតចូលគន្លងគោចរជុំវិញភពពុធនោះតែម្តង នៅខែវិច្ឆិកា ឆ្នាំ២០២៦ (គម្រោងចាស់គឺខែធ្នូ ឆ្នាំ២០២៥) ហើយបេសកកម្មស្នូលនឹងត្រូវធ្វើឡើងចាប់ពីនោះដល់ខែមេសា ឆ្នាំ២០២៨ទើបបញ្ចប់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/ESA/JAXA (ថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner