តើទិដ្ឋភាពជាក់ស្តែងនៃ «កាឡាក់ស៊ី២រួមបញ្ចូលគ្នា» មើលទៅដូចម្តេច? (រូបភាពថ្មីពី James Webb) (វីដេអូ)

492

(បរទេស)៖ ជាការពិតណាស់ ទិដ្ឋភាពនៃកាឡាក់ស៊ីចំនួន ២ រួមបញ្ចូលគ្នានៅក្នុងចក្រវាល មិនមែនជាអ្វីដែលលោកអ្នកមិនធ្លាប់ឃើញនោះឡើយ ប៉ុន្តែការផ្តិតបានរូបភាពជាក់ស្តែង កាន់តែច្រើនក៏ជាការបង្ហាញថា ទ្រឹស្តីនៃការកកើតចក្រវាល កាឡាក់ស៊ី ផ្កាយ និងភពនានា គឺពិតជាគួរឲ្យទុកចិត្តបាន និងជាពិសេសគឺការគណនាថា កាឡាក់ស៊ី Milky Way របស់យើង និង Andromeda ដែលស្ថិតនៅចម្ងាយជិតជាងគេបំផុត ២.៥លានឆ្នាំពន្លឺនោះ នឹងរួមបញ្ចូលគ្នានៅរយៈពេលរាប់ពាន់លានឆ្នាំទៀត។

(Video From YouTube: Cambo Space Edu)

អង្គការ NASA ទើបតែបានបង្ហាញនូវទម្រង់ពន្លឺថ្មី នៃបាតុភូតអវកាសមានឈ្មោះថា Arp 107 ដែលស្ថិតនៅចម្ងាយ ៤៦៥លានឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡួម៉ែត្រ) ដោយនោះគឺជាកាឡាក់ស៊ីចំនួន ២ កំពុងរួមបញ្ចូលគ្នា (merging) នោះឯង។ ប្រាកដណាស់ វាគឺជាអតីតកាល ហើយអតីតកាលនោះអាចមកដល់យើងបាន ព្រោះតែការចល័តនៃពន្លឺឆ្លងកាត់ចក្រវាលដ៏វែងឆ្ងាយ ទម្រាំមកដល់ភ្នែកយើងបានឃើញ។ តើពេលណាទើប ការរួមបញ្ចូលគ្នានោះបញ្ចប់? ចម្លើយនឹងមាននៅពេលបន្តិចទៀតនេះ។

ទិដ្ឋភាព Arp 107 ផ្តិតដោយ Hubble (Image Credit: NASA/ESA)

សម្រាប់រូបភាពមួយសន្លឹករបស់ Hubble គឺស្ថិតក្នុងទម្រង់ជា visible light ឬជាពន្លឺដែលតេឡេស្កូប និងភ្នែកមនុស្សធម្មតាអាចមើលឃើញ។ នៅក្នុងទម្រង់បែបនេះ ក្រុមតារាវិទូអាចមើឃឃើញ បណ្តុំធូលី និងផ្កាយក្មេងៗដែលមានពណ៌ខៀវ ស្ថិតនៅបណ្តុំជារង្វង់រាងគូទខ្យង នៅក្នុងកាឡាក់ស៊ីមួយក្នុងចំណោមកាឡាក់ស៊ីទាំងពីរនោះ។ វាក៏ជាមេរៀនសម្រាប់ឲ្យមនុស្សលោក សិក្សាអំពីដំណើរប្រែប្រួលនៃផ្កាយនានា នៅក្នុងកាឡាក់ស៊ីទាំងសងខាង នៅពេលពួកកំពុងរួមបញ្ចូលគ្នានោះផងដែរ។

ទិដ្ឋភាព Arp 107 ផ្តិតដោយ James Webb (Image Credit: NASA/ESA/CSA)

ងាកមកកាន់រូបភាពមួយសន្លឹករបស់ James Webb វិញ គឺស្ថិតនៅក្នុងទម្រង់ជា infrared light ឬជាពន្លឺក្រហមអាំងហ្វ្រា ដែលភ្នែកមនុស្សមិនអាចមើលឃើញឡើយ។ នៅក្នុងទម្រង់បែបនេះ ក្រុមតារាវិទូអាចមើលឃើញវត្តមាននៃស្ពានចម្លង (តំបន់ចន្លោះកាឡាក់ស៊ីទាំង២ ដែលកំពុងផ្សាភ្ជាប់គ្នា) ព្រមទាំងតំបន់កកើតផ្កាយនានា និងធូលី ដែលពោពេញដោយម៉ូលេគុលអូកានិចពណ៌ខ្មៅមានឈ្មោះពេញថា ប៉ូលីស៊ីគ្លិច អារ៉ូម៉ាទិច អ៊ីដ្រូកាបូន (polycyclic aromatic hydrocarbons) (តំបន់មានពណ៌ក្រហម និងទឹកក្រូច)។

តើទិដ្ឋភាពជាក់ស្តែងនៃ «កាឡាក់ស៊ី២រួមបញ្ចូលគ្នា» មើលទៅដូចម្តេច? (រូបភាពថ្មីពី James Webb) (វីដេអូ)
ទិដ្ឋភាព Arp 107 ផ្តិតដោយ Hubble និង James Webb (Image Credit: NASA/ESA/CSA)

គួរបញ្ជាក់ថា នៅក្នុងរូបភាពថ្មីពី James Webb ដែលត្រូវបានបញ្ចេញក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាការបន្ថែមការយល់ដឹងទៅលើរូបភាពចាស់នៅតំបន់ដដែល ដែលត្រូវបានផ្តិតយកដោយ Hubble កាលពីមុននោះ។ វាគឺជាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃ Arp 107 ដែលមានកាឡាក់ស៊ី២កំពុងរួមបញ្ចូលគ្នា ហើយជះពន្លឺមកកាន់យើង។ ក្រុមតារាវិទូបានអះអាងថា វាត្រូវការពេលរាប់រយលានឆ្នាំទៀត (ពេលវេលាលើផែនដី) ដើម្បីឲ្យដំណើរការនោះបញ្ចប់ ប៉ុន្តែបើយើងគិតអំពីពេលនេះនៅគ្រប់កន្លែងតែម្តងនៃចក្រវាល នោះកាឡាក់ស៊ីទាំងនោះបានរួមបញ្ចូលគ្នារាប់រយលានឆ្នាំរួចមកហើយ ព្រោះស្ថិតនៅចម្ងាយដល់ទៅ ៤៦៥លានឆ្នាំពន្លឺពីយើងនោះអី៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner