BREAKING: តេស្តលើកទី៥នៃ Starship និងរ៉ុក្កែត Super Heavy Booster ទទួលជោគជ័យ (អាចថា១០០%) (វីដេអូ)

4,088

(បរទេស)៖ រ៉ុក្កែតយក្ស Super Heavy Booster បានបញ្ឆេះម៉ាស៊ីនទាំង ៣៣គ្រឿង និងរុញនាវអវកាស Starship ឡើងទីអវកាសយ៉ាងសន្សឹមៗនៅវេលាម៉ោង ៧៖២៥នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤នេះ (ម៉ោងនៅភ្នំពេញ) ហើយដំណាក់កាលផ្តាច់ខ្លួនរវាងនាវា និងរ៉ុក្កែត (Hot-staging) ក៏ទទួលបានជោគជ័យផងដែរ នៅរយៈកម្ពស់ ៧៤km និងល្បឿនជាង ៥,៣០០km ក្នុងមួយម៉ោង ក្នុងរយៈពេល ២នាទី និង ៤៨វិនាទីក្រោយការហោះឡើងផុតពីផ្ទៃដី។

(Video From SpaceX)

អ្វីដែលអស្ចារ្យពុំធ្លាប់មាន និងជាគោលដៅធំបំផុតមួយ សម្រាប់តេស្តលើកទីនៃ Starship Orbital Flight របស់ SpaceX នោះគឺជោគជ័យនៃការបញ្ជាឲ្យរ៉ុក្កែតយក្ស Super Heavy Booster ឲ្យចុះចតមកវិញដោយសុវត្ថិភាព (បន្សល់ទុករូបរាងទាំងមូល) លើជើងទម្រមានដៃចាប់ នៅឯមូលដ្ឋានបាញ់បង្ហោះរបស់ SpaceX ស្ថិតនៅឆ្នេរ Boca Chica នៃរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិកវិញនោះ ខណៈកាលពីលើកទី គឺវាបានចុះចតក្នុងសមុទ្រប៉ុណ្ណោះ និងលើកមុនៗទៀត គឺត្រូវបានបំផ្ទុះលើអាកាស។

ការធ្វើតេស្ត Starship លើកទី៥ (រូបភាពពី SpaceX)

Super Heavy Booster បានចុះមកដល់ដីវិញនៅរយៈពេល ៦នាទី និង ៥៩នាទី ក្រោយពីការហោះឡើង និងបញ្ជូន Starship ទៅដល់រយៈកម្ពស់ ៧៤km ដែលត្រូវផ្តាច់ខ្លួន។ បន្ទាប់ពីនោះ Starship ដែលមានម៉ាស៊ីនរ៉ុក្កែតជាប់ខ្លួនផងដែរនោះ បានបន្តរុលឡើងទៅដល់រយៈកម្ពស់ជិត ២០០km ពីផ្ទៃផែនដី ដើម្បីបន្តគោចរក្នុងល្បឿនជាង ២៦,២០០km ក្នុងមួយម៉ោងឲ្យបានកន្លះជុំផែនដី សម្តៅទៅទម្លាក់ខ្លួនលើផ្ទៃមហាសមុទ្រឥណ្ឌានៅរយៈពេលជាង ១ម៉ោង ក្រោយការហោះចេញពីផ្ទៃដីកាលពីវេលាម៉ោង ៧៖២៥នាទីយប់ (ម៉ោងនៅភ្នំពេញ)។

BREAKING: តេស្តលើកទី៥នៃ Starship និងរ៉ុក្កែត Super Heavy Booster ទទួលជោគជ័យ (អាចថា១០០%) (វីដេអូ)
ការធ្វើតេស្ត Starship លើកទី៥ (រូបភាពពី SpaceX)

អ្វីដែលពិសេសដូចលើកមុន និងជាងមុនផងដែរនោះ គឺកិច្ចសហការរវាង Flight Test លើកទី នេះជាមួយបណ្តាញផ្កាយរណបផ្តល់សេវាអ៊ីនធើណិតកម្រិតខ្ពស់ Starlink របស់លោក Elon Musk ដែលបានដាក់បំពាក់កាមេរ៉ា និងធ្វើការ Live នៅគ្រប់ជ្រុងនៃនាវាអវកាស Starship ព្រមទាំងរ៉ុក្កែត Super Heavy ដើម្បីប្រមូលទិន្នន័យសំខាន់ ព្រមទាំងថតទុកនូវវីដេអូ ដើម្បីជាប្រយោជន៍ដល់ការសិក្សាអំពើឥរិយាបថទូទៅនៃតេស្ត។

គួរបញ្ជាក់ថា សម្រាប់លើកនេះគឺអាចត្រូវបានចាត់ទុកថា ជាភាពជោគជ័យ ១០០% ទៅចុះ នៅក្រោយនាវាអវកាស Starship បានចុះចតលើផ្ទៃមហាសមុទ្រឥណ្ឌា នៅរយៈពេល ១ម៉ោង និង ៦នាទី ក្រោយការហោះឡើងពីផ្ទៃផែនដី កាលពីម៉ោង ៧៖២៥នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ (គិតតាមម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា)៕

រៀបរៀង៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SpaceX via X

480×240 Banner