បេសកកម្ម Europa Clipper ទៅកាន់ព្រះចន្ទ Europa ធំធេងជាងការគិតរបស់អ្នក! (យល់ដឹង)

1,648

(បរទេស)៖ នៅទីបំផុតរ៉ុក្កែតខ្នាតធំ Falcon Heavy របស់ SpaceX បានពាំនាំយានស្រាវជ្រាវ Europa Clipper ជាបេសកកម្មតម្លៃ «៥.២ពាន់លានដុល្លារអាមេរិក» របស់អង្គការ NASA ទៅកាន់ទីអវកាស ដើម្បីគោចរសម្តៅទៅរកប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) និងជាពិសេសគឺព្រះចន្ទទឹកកក យូរ៉ូប៉ា (Europa) ដែលជាគោលដៅចម្បងនោះហើយ។ ប៉ុន្តែ, នេះមិនមែនជាបេសកកម្មធម្មតាៗ ដូចមនុស្សមួយចំនួនបានគិតនោះទេ។

(Video From YouTube: Cambo Space Edu)

ការបាញ់បង្ហោះបានកើតឡើងនៅឯមូលដ្ឋាន Kennedy Space Center របស់ NASA ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១២៖០៦នាទីថ្ងៃត្រង់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់នោះ) ត្រូវនឹងម៉ោង ១១៖០៦នាទីយប់ថ្ងៃដដែល (ម៉ោងនៅភ្នំពេញ) ក្រោយពីបានពន្យារពេលបាញ់អស់ ៣ថ្ងៃ ដោយសារព្យុះហឺរីខិន Milton ហើយរ៉ុក្កែត Falcon Heavy របស់ SpaceX ក៏បានបំពេញកិច្ចការងារយ៉ាងល្អប្រសើរ ទៅតាមដំណាក់កាលបច្ចេកទេសផង។

(Image Credit: NASA/SpaceX)
  • ភាពធំធេង និងគោលដៅចម្បងនៃបេសកកម្ម Europa Clipper របស់ NASA

យើងមិននិយាយអំពីតម្លៃនៃបេសកកម្មទាំងមូលនោះឡើយ ព្រោះការផលិត និងគ្រប់គ្រងបេសកម្ម James Webb គឺធំលើស Europa Clipper នេះស្ទើរគុណនឹង ២ ឯណោះ (៩.៨ពាន់លានដុល្លារ) ខណៈទំហំ និងទម្ងន់រវាងគ្រឿងយន្តអវកាសទាំង២នេះវិញ គឺប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ, អ្វីដែលជាភាពធំធេងមិនធ្លាប់មាននោះ គឺក្នុងនាមជាយានដែលត្រូវបញ្ជូនទៅកាន់ ប្រព័ន្ធភពដទៃក្រៅពីភពផែនដី ដែលអង្គការ NASA មិនធ្លាប់បានផលិតគ្រឿងយន្តអវកាសណា ដែលធំដូចជា Europa Clipper នេះឡើយពីមុនមក។

ទម្ងន់សរុបរបស់ Europa Clipper ពេលបាញ់បញ្ជូនចេញពីផែនដីគឺ ៦,០៦៥kg (ក្នុងនោះរួមទាំងឥន្ធនៈ ២,៧៥០kg) ខណៈយានទទេគ្មានឥន្ធនៈគឺ ៣,២៤១kg ទៅហើយ។ សម្រាប់ទំហំវិញ ប្រសិនបើគិតពីមិនទាន់ពន្លាតផ្ទាំងសូឡា គឺមានកម្ពស់ ៦ម៉ែត្រ តែនៅក្រោយពេលពន្លាតផ្ទាំងសូឡារួច គឺវានឹងមានស្លាបវែងដល់ទៅ ២២ម៉ែត្រ។

បេសកកម្ម Europa Clipper ទៅកាន់ព្រះចន្ទ Europa ធំធេងជាងការគិតរបស់អ្នក! (យល់ដឹង)
(Image Credit: NASA/JPL-Caltech)

ប្រៀបធៀបជាមួយប្រវែង និងទម្ងន់របស់ Europa Clipper ទៅនឹងយានអវកាស Juno ដែលបានទៅដល់ភពព្រហស្បតិ៍កាលពីឆ្នាំ២០១៦ នោះគឺវាធ្ងន់ជាងសឹងតែ ២ដង ហើយបើធៀបនឹងយាន Psyche ដែលទើបចាកចេញពីផែនដីកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ទៅកានប់បណ្តុំអាចម៍ផ្កាយ Trojan ដែលស្ថិតនៅគន្លងបណ្តាក់គ្នា ជាមួយភពព្រហស្បតិ៍ដែរនោះ ក៏ខុសគ្នាស្ទើរតែគុណនឹង ២ ដែរ។

គោលដៅចម្បងរបស់ Europa Clipper គឺការសិក្សា និងស្វែងរកតំរុយនៃជីវិត នៅក្នុងមហាសមុទ្រទឹករាវ ដែលមាននៅក្រោមសំបកទឹកកកកម្រាស់រាប់គីឡូម៉ែត្រ របស់ព្រះចន្ទ Europa នោះ។ បើតាមផែនការក្រោយការបង្ហោះយានអវកាសនេះ នឹងទៅដល់ព្រះចន្ទ Europa នៅអំលុងខែមេសា ឆ្នាំ២០៣០ នៅក្នុងដំណើរគោចរជារង្វង់ៗ កាត់ភពផែនដី និងភពអង្គារ ដែលមានចម្ងាយផ្លូវសរុប ២.៩ពាន់លានKm

ខាងក្រោមនេះឧបករណ៍សំខាន់ៗនៅក្នុងខ្លួនយាន Europa Clipper

១៖ ប្រព័ន្ធកាមេរ៉ាផ្តិតរូបភាព

  • Europa Imaging System (EIS)៖ ជាប្រព័ន្ធកាមេរ៉ាផ្តិតរូបភាពកម្រិតខ្ពស់ ពណ៌ធម្មជាតិ ព្រមទាំងមុំកៀក និងទូលាយដែលទាំង ២ នេះសុទ្ធតែមានទំហំ ៨ម៉េហ្គាភីចសែល។ វាក៏ធ្វើជាជំនួយដល់ឧបករណ៍ផ្សេងៗទៀត ឲ្យដំណើរការស្របទិសដៅគ្នាផងដែរ។
  • Europa Thermal Emission Imaging System (E-THEMIS)៖ ជាឧបរណ៍អ៊ីនហ្វ្រារ៉េដ ដែលអាចសង្កេតរកចំណុចមានទឹកកក ក្រោយសំបកទឹកកកស្តើងរបស់ផ្ទៃព្រះចន្ទយូរ៉ូប៉ា ដែលអាចកើតមានការផុសទឹកឡើងមកខាងក្រៅ ដូចអ្វីដែលតែងតែកើតឡើងលើនោះរួចទៅហើយ។ វាក៏អាចវិភាគរកសមាសធាតុផ្សំខ្លះ លើផ្ទៃទឹកកករបស់យូរ៉ូប៉ាផងដែរ។

២៖ ប្រព័ន្ធសង្កេតដោយពន្លឺក្រហមអាំងហ្វ្រា (infrared) និងស្វាយអ៊ុលត្រា (ultraviolet)

  • Europa Ultraviolet Spectrograph (Europa-UVS)៖ ជាឧបករណ៍តេឡេស្កូប សង្កេតរកកាំរស្មីស្វាយអ៊ុលត្រា និងបង្កើតចេញជារូបភាព ដើម្បីវិភាគរកសមាសធាតុផ្សំ នៅក្នុងបរិយាកាសដ៏ស្តើង (ជាឧស្ម័ននានា) ជុំវិញយូរ៉ូប៉ា ព្រមទាំងធ្វើការស្រាវជ្រាវរកកន្លែងដែលអាចមានការផុសចេញនូវកំសួលទឹក (plume) ពីផ្ទៃយូរ៉ូប៉ាផងដែរ។
  • Mapping Imaging Spectrometer for Europa (MISE)៖ ជាឧបករណ៍សង្កេតដោយ ពន្លឺក្រហមអាំងហ្វ្រា ដើម្បីគូសវាសផែនទីអំពីទីតាំងដែលកើតមាន ចរន្តនៃការផ្ទេរសមាសធាតុទឹកកក, អំបិល, អូកានិច និងទឹកក្តៅលើយូរ៉ូប៉ា។ ផែនទីនេះនឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រ យល់ដឹងពីអតីតកាលនៃការប្រែប្រួលផ្នែកភូមិសាស្ត្រ និងថាតើមហាសមុទ្រក្រោមសំបកទឹកកករបស់យូរ៉ូប៉ានោះ អាចឲ្យជីវិតកកើតឡើងដែរឬទេ។

៣៖ ប្រព័ន្ធសង្កេតធាតុផ្លាស្មា និងដែនម៉ាញេទិច

  • Europa Clipper Magnetometer (ECM)៖ ជាឧបករណ៍ម៉ាញេទិច សម្រាប់វាស់វែង និងបញ្ជាក់ឲ្យប្រាកដថា យូរ៉ូប៉ាពិតជាមហាសមុទ្រនៅក្រោមទឹកកក ហើយក៏គណនាកម្រាស់នៃសំបកទឹកកក និងជម្រៅនៃសមុទ្រក្រោមនោះ។ វាក៏នឹងគណនាអំពីរបៀបដែលបរិយាកាសអ៊ីយ៉ុងរបស់យូរ៉ូប៉ា ធ្វើការផ្សាភ្ជាប់គ្នាជាមួយបរិយាកាសអ៊ីយ៉ុងរបស់ភពព្រហស្បតិ៍ផងដែរ។
  • Plasma Instrument for Magnetic Sounding (PIMS)៖ ជាឧបករណ៍សិក្សាទំនាក់ទំនង រវាងស្រទាប់អ៊ីយ៉ុង និងផ្លាស្មារបស់យូរ៉ូប៉ា ដែលបង្ខាំងទុកក្នុងដែនម៉ាញេទិចភពព្រហស្បតិ៍ ហើយធ្វើឲ្យជាប់គាំងនៅក្បែរយូរ៉ូប៉ា។

៤៖ ប្រព័ន្ធរ៉ាដា និងសង្កេតកម្លាំងទំនាញ

  • Gravity/Radio Science៖ ជាឧបករណ៍វិភាគអំពីបម្រែបម្រួល នៃកម្លាំងទំនាញរបស់យូរ៉ប៉ា ខណៈព្រះចន្ទនេះតែងគោចរទៅកៀកបំផុត និងឆ្ងាយបំផុតពីភពព្រហស្បតិ៍ ហើយបម្រែបម្រួលនោះក៏អាចប្រាប់យើង អំពីផ្ទៃក្នុងរបស់ព្រះចន្ទនោះផងដែរ។
  • Radar for Europa Assessment and Sounding: Ocean to Near-surface (REASON)៖ ឧបករណ៍សិក្សាអំពីរចនាសម្ព័ន្ធរបស់សំបកទឹកកក និងកម្រាស់ជាក់លាក់របស់ តំបន់នីមួយៗ ព្រមទាំងសមាសធាតុផ្សំ និងបរិយាកាសពីលើតំបន់មានផុសកំសួលទឹកផងដែរ។

៥៖ ប្រព័ន្ធវិភាគរកសមាសធាតុគីមីផ្សំ

  • MAss Spectrometer for Planetary EXploration/Europa (MASPEX)៖ ឧបករណ៍សិក្សាពីឧស្ម័ន នៅក្នុងបរិយាកាសដ៏ស្តើងរបស់យូរ៉ូប៉ា ព្រមទាំងស្វែងសមុទ្រនៅក្នុងសំបកទឹកកករាក់ៗ ដែលអាចមានវត្តមាន។
  • SUrface Dust Analyzer (SUDA)៖ ឧបករណ៍ស្វែងរកកម្ទេចធូលី ដែលបង្កឡើងពីអាចម៍ផ្កាយធ្លាក់លើនោះ ឬមួយក៏អាចមកតាមកំសួលទឹក ដែលផុសចេញពីមហាសមុទ្រក្រោមទឹកកក មកលើសំបកទឹកកករបស់យូរ៉ូប៉ា។ វានឹងរកប្រភពនៃធូលីទាំងនោះ ព្រមទាំងវិភាគរកមូលហេតុដែលធ្វើឲ្យទឹកសមុទ្រយូរ៉ូប៉ាប្រៃ។
(Image Credit: NASA/JPL-Caltech)
  • ហេតុអ្វីត្រូវគោចររហូតដល់ទៅ ៥ឆ្នាំកន្លះទើបដល់យូរ៉ូប៉ា?

ការធ្វើដំណើររហូតទៅដល់ប្រព័ន្ធភពព្រហស្បតិ៍ និងព្រះចន្ទយូរ៉ូប៉ា គឺមានចម្ងាយសរុប ២.៩ពាន់លានគីឡួម៉ែត្រ។ ព្រោះយានអវកាសទាំងឡាយ ដែលត្រូវធ្វើដំណើរទៅភពផ្សេង ក្រោយការចាកចេញពីផែនដីនោះ គឺមិនអាចគោចរត្រង់សម្តៅទៅរក គោលដៅតែម្តងនោះឡើយ ខណៈ Europa Clipper នោះក៏ដូចគ្នាដែរ។

Europa Clipper បានចាកចេញពីផ្ទៃផែនដីកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ហើយបន្ទាប់ពីការហោះឡើង និងខ្ជាក់ចេញពីក្បាលគ្រាប់រ៉ុក្កែត Falcon Heavy នោះ វាបានបញ្ឆេះម៉ាស៊ីន និងធ្វើទំនាក់ទំនងជាមួយប្រព័ន្ធចានតេឡេស្កូប Deep Space Network របស់ NASA បានយ៉ាងជោគជ័យផងដែរ។

(Image Credit: NASA/JPL-Caltech)

Europa Clipper នឹងត្រូវគោចរជុំវិញផែនដីសិន រួចទើបបន្តឆ្ពោះទៅគោចរកៀកភពអង្គារ (Mars) នៅខែកុម្ភៈ ឆ្នាំ២០២៥ រួចទើបត្រលប់មកដល់គន្លងគោចរជុំវិញផែនដីវិញ នៅខែធ្នូ ឆ្នាំ២០២៦ ដើម្បីប្រើប្រាស់កម្លាំងទំនាញ (gravity) របស់ផែនដីក្នុងការបង្កើនសន្ទុះ។ ដោយសារតែមានជំនួយពីកម្លាំងរុញច្រានរបស់ផែនដីនេះហើយ ទើបយាននេះមានល្បឿនស្ទុះទៅមុខគ្រប់គ្រាន់ ដែលអាចទៅដល់ព្រះចន្ទ Europa នៅអំលុងខែមេសា ឆ្នាំ២០៣០៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/JPL-Caltech

480×240 Banner