NASA ថតបានរូបភាពនេះ នៅជុំវិញផ្កាយភ្លឺបំផុតមួយលើមេឃ តែនៅមិនទាន់ដឹងថាជាអ្វីឡើយ… (វីដេអូ)

376

(បរទេស)៖ នៅក្នុងខ្សែភាពយន្តប្រឌិតតាមបែបវិទ្យាសាស្ត្រ មួយមានចំណងជើង “Contact” កាលពីឆ្នាំ១៩៩៧ ដែលត្រូវបានកែសម្រួលចេញពីរឿងប្រលោមលោកមួយ កាលពីឆ្នាំ១៩៨៥ របស់លោក ខាល សាហ្គេន (Carl Sagan) បាននាំឲ្យយើងឃើញតួឯកមួយរូបដើរតួជាអ្នកវិទ្យាសាស្ត្រឈ្មោះ អេលី អារ៉ូវេយ៍ (Ellie Arroway) (សម្តែងដោយលោកស្រី Jodi Foster) ជិះយានឆ្លងកាត់ច្រក wormhole បង្កើតឡើងដោយពួកអេលៀន (Alien) ទៅកាន់ផ្កាយ វេហ្គា (Vega) ដែលមានចម្ងាយប្រមាណ ២៥ឆ្នាំពន្លឺពីផែនដី។

(Video From YouTube: Cambo Space Edu)

នៅក្នុងខ្សែភាពយន្ត “Contact” យានអវកាសដែលចូលតាមច្រក wormhole នោះបានផុសឡើងនៅខាងក្នុងព្យុះព្រិលនៃកម្ទេចកម្ទីមួយបណ្តុំ ដែលគោចរជុំវិញផ្កាយ Vega នោះ ប៉ុន្តែគ្មានភពច្បាស់លាស់ណាមួយ អាចឲ្យអ្នកនៅលើយានមើលឃើញនោះទេ។ វាហាក់ដូចជាអ្នកផលិតភាពយន្ត កាលណោះយល់ដឹងយ៉ាងត្រឹមត្រូវ ចំពោះទិដ្ឋភាពដែលអាចកើតមាន នៅក្នុងទីអវកាសជាក់ស្តែងតែម្តង។

NASA ថតបានរូបភាពនេះ នៅជុំវិញផ្កាយភ្លឺបំផុតមួយលើមេឃ តែនៅមិនទាន់ដឹងថាជាអ្វីឡើយ… (វីដេអូ)
ផ្កាយ Vega និង Disk ធូលី-ឧស្ម័នដែលព័ទ្ធជុំវិញ (រូបភាពពី NASA/ESA/CSA)

អ្វីដែលពិសេសបំផុតក្នុងឆ្នាំ២០២៤នេះ តេឡេស្កូបអវកាស Hubble និង James Webb របស់អង្គការ NASA ESA និង CSA បានបង្វែរការសម្លឹងដូចគ្នាទៅកាន់ផ្កាយ Vega នោះ ដែលជាផ្កាយភ្លឺបំផុតមួយផងដែរនៅលើមេឃផែនដីពេលរាត្រី។ នៅក្នុងការសង្កេតនោះ ក្រុមតារាវិទូបានរកឃើញរចនាសម្ព័ន្ធអវកាស ដ៏គួរឱ្យចាប់អារម្មណ៍អំពីថាសធូលី-ឧស្ម័ន (disk) ជុំវិញផ្កាយនោះ ដែលលាតសន្ធឹងប្រវែងជាង ១០០ពាន់លានគីឡូម៉ែត្រឯណោះ។ ផ្ទុយពីការរំពឹងទុកពីមុន disk នោះមានភាពរលូនគួរឱ្យកត់សម្គាល់បំផុត តែគេនៅតែគ្មានភស្តុតាងច្បាស់លាស់ ដែលអាចបញ្ជាក់ថា មានភពធំៗកំពុងកកើតនៅក្នុងនោះនៅឡើយទេ។

ក្រុមអ្នកស្រាវជ្រាវ NASA បានកត់សម្គាល់ថា ការមានរបៀបរៀបរយបំផុតនៃ disk ខាងលើនេះ គឺជាចំនោទដ៏ធំមួយទៅនឹងទ្រឹស្ដីដែលមានស្រាប់ អំពីប្រព័ន្ធនៃការកកើតភព (exoplanet) ដែលបច្ចុប្បន្នយើងបានឃើញដំណើរការបង្កើតបែបនេះតែមួយគត់ គឺនៅជុំវិញផ្កាយ Vega នោះឯង បើធៀបទៅនឹងផ្កាយផ្សេងទៀតដូចជា ហ្វូម៉លហត (Fomalhaut) ដែលបុគ្គលិកលក្ខណៈនៃ disk ជុំវិញផ្កាយ Fomalhaut មានលក្ខណៈស្មុគស្មាញជាង មើលទៅលើទម្រង់នៃកម្ទេចកម្ទីក្នុង disk នោះ។

គួរបញ្ជាក់ថា រចនាសម្ព័ន្ធដូចក្នុងរូបភាពថ្មីនេះ គឺថាស (disk) ពោពេញដោយភាគល្អិតទំហំប៉ុនគ្រាប់ខ្សាច់ ខណៈភាគល្អិតដែលតូចជាងនេះទៀត ត្រូវបានរុញទៅឆ្ងាយពីនោះទៀត ដោយសារតែសម្ពាធពីពន្លឺផ្កាយ Vega។ ប្រការនេះបានបណ្តាលឱ្យកម្ទេចធូលី បែងចែកជាស្រទាប់ៗ ហើយ disk នោះមានចម្ងាយខ្ទង់ ៦០ AU (៦០ X ១៥០លានkm) ពីផ្កាយ Vega

ផ្កាយ Vega និង Disk ធូលី-ឧស្ម័នដែលព័ទ្ធជុំវិញ (រូបភាពពី NASA/ESA/CSA)

បើតាមការពិនិត្យទម្រង់ ក្រុមតារាវិទូធ្លាប់មានការសង្ស័យថា អាចមានភពមានម៉ាសប្រហែលភពណិបទូន (Neptune) មួយចំនួនបញ្ចេញឥទ្ធិពលដែលនាំឲ្យ disk ធូលី និងឧស្ម័នជុំវិញផ្កាយ Vega មានទម្រង់បែបនោះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញភពណាមួយនៅឡើយទេ។ អ្វីដែលនាំឲ្យកើតមានរង្វង់ disk ដ៏មានរបៀបរយនោះនៅតែជាចម្ងល់ ហើយក្រុមតារាវិទូនឹងបន្តការសិក្សាទៅមុខទៀត ដើម្បីរកឃើញនូវកត្តាដែលជំរុញវាឡើង៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner