តើពេលណាទើបបាតុភូតកម្រ «ចន្ទគ្រាសពេញលេញ» កើតឡើងលើប្រទេសកម្ពុជា? ឆាប់ៗខាងមុខនេះហើយ… (វីដេអូ)
(បរទេស)៖ អាចថាបាតុភូតចន្ទគ្រាសពេលលេញ (Total Moon Eclipse ឬ Lunar Eclipse) មិនមែនជាព្រឹត្តិការណ៍កម្រពេកដូចជាសូរ្យគ្រាសពេញលេញ (Total Solar Eclipse) នោះឡើយ នៅលើពិភពលោកយើងនេះ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ កាលពីអត្ថបទមុន Cambo Space បានជម្រាបជូនប្រិយមិត្តអំពី «សូរ្យគ្រាសពេញ» ដែលនឹងអាចកើតមានលើប្រទេសកម្ពុជានៅ «ឆ្នាំ២០៧០» ឯណោះ ដែលមានន័យថា ៤៦ឆ្នាំទៀតទើបយើងអាចភ្លក្សរសជាតិទស្សនា បាតុភូតនេះលើទឹកដីយើងផ្ទាល់។ ចុះពេលណាទើបកម្ពុជាជួបបាតុភូត «ចន្ទគ្រាសពេញលេញ»?
- តើអ្វីទៅជាបាតុភូតចន្ទគ្រាសពេញលេញ?
មុននឹងដឹងពីពេលវេលាជាក់លាក់ ដែលបាតុភូតចន្ទគ្រាសពេញលេញនឹងកើតឡើង នៅលើប្រទេសកម្ពុជាយើងនោះ ចូរគ្រប់គ្នាឈ្វេងយល់សិនថា តើអ្វីទៅជាបាតុភូតចន្ទគ្រាសពេញលេញ។ ចន្ទគ្រាសពេញលេញកើតឡើងនៅពេលដែលព្រះចន្ទ គោចរឆ្លងកាត់ស្រមោលងងឹតបំផុតរបស់ភពផែនដី នោះគឺស្រមោលអាំប្រា (umbral) ដែលធ្វើឲ្យផ្ទៃព្រះចន្ទទាំងមូលងងឹតតែម្តង (ព្រោះវត្តមានភពផែនដីបានគោចរ មកបិទបាំងពន្លឺព្រះអាទិត្យជិតឈឹង និងជះស្រមោលខ្មៅខ្លួនឯងលើផ្ទៃព្រះចន្ទទាំងមូល)។
យើងដឹងហើយថា ស្រមោលផែនដីដែលចោលទៅលើព្រះចន្ទ ពេលកើតមានចន្ទគ្រាសពេញលេញនោះមានចំនួន២ប្រភេទគឺទី១៖ ប្រមោលពែអាំប្រា (Penumbra) ដែលជាស្រមោលស្រាលស្ទើរតែមិនឲ្យភ្នែកយើងដឹងថា មានបម្រែបម្រួលពន្លឺនៅលើផ្ទៃព្រះចន្ទនោះឡើយ និងទី២៖ ស្រមោល Umbra ដែលជាប្រមោលខ្មៅរបស់ផែនដីតែម្តង ដោយពេលវាកំពុងដាលលើផ្ទៃព្រះចន្ទម្តងបន្តិចៗនោះ យើងឃើញផ្ទៃព្រះចន្ទចាប់ផ្តើមត្រូវពណ៌ខ្មៅដាលលើ តែពេលស្រមោល Umbra គ្របលើផ្ទៃព្រះចន្ទជិតទាំងស្រុងហើយ ផ្ទៃព្រះចន្ទនឹងប្រែជាពណ៌ក្រហមក្រមៅវិញ ដែលភ្នែកមនុស្សនឹងពិបាកសង្កេតឃើញផ្ទៃក្រហមងងឹតនោះបន្តិច តែបើយើងមានកាមេរ៉ាគុណភាពខ្ពស់ នោះនឹងអាចផ្តិតយកវត្តមានព្រះចន្ទរាងក្រហមងងឹតនោះបាន។
ជាធម្មតាបាតុភូតចន្ទគ្រាស (ពេលពេញលេញតែម្តង) អាចអូសបន្លាយពី ៣០នាទី រហូតដល់ទៅជាង ១ម៉ោងក៏មាន ប៉ុន្តែបើនិយាយពីព្រឹត្តិការណ៍ចន្ទ្រគ្រាសទាំងមូល ដោយរាប់ចាប់ពីការងងឹតផ្ទៃព្រះចន្ទបន្តិចម្តងៗ នោះគឺមានរយៈពេលជាង ២ម៉ោង ទៅជាង ៣ម៉ោង។ ផ្ទុយពីបាតុភូតសូរ្យគ្រាស, សម្រាប់ចន្ទគ្រាសពេញលេញវិញ អាចកើតឡើង ២-៣ដង ក្នុងមួយឆ្នាំៗ (ជាមធ្យម) ឬស្មើនឹងជាង ៣៧% នៃព្រឹត្តិការណ៍ចន្ទគ្រាសទាំងអស់ ដែលកើតឡើងក្នុងមួយឆ្នាំៗ។
- តើចន្ទគ្រាសពេញលេញលើប្រទេសកម្ពុជា នឹងកើតឡើងនៅពេលណា?
បាតុភូតចន្ទគ្រាសពេញលេញចុងក្រោយបំផុតលើប្រទេសកម្ពុជា បានកើតមានឡើងកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយក្នុងពេលនោះ ក៏ជាព្រឹត្តិការណ៍ពិសេសនោះគឺមានរហស្សនាមថា «Blood Moon ឬព្រះចន្ទក្រហម» ផងដែរ។ សម្រាប់បាតុភូតចន្ទគ្រាសពេញលេញថ្មីៗទៀត នឹងកើតឡើងនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥, ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៩…។
- ព្រឹត្តិការណ៍ចន្ទគ្រាសពេញលេញនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥
យើងសូមលើកយកមកនិយាយតែចំពោះព្រឹត្តិការណ៍ចន្ទគ្រាស ដែលនឹងកើតឡើងនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥ មួយសិនព្រោះវានឹងកើតឡើងនៅឆ្នាំក្រោយនេះហើយ។ យោងតាមវែបសាយ Time and Date ចន្ទគ្រាសពេញនេះនឹងចាប់ផ្តើម តាមដំណាក់កាលជាបន្តបន្ទាប់ដូចតទៅ (យើងមិនរាប់បញ្ចូលដំណាក់កាល Penumbra ដែលជាស្រមោលស្រាលរបស់ផែនដីជះលើព្រះចន្ទឡើយ)៖
- ចន្ទគ្រាសដោយផ្នែក (Partial Lunar Eclipse) ចាប់ផ្តើមយ៉ាងសន្សឹមៗពីម៉ោង ២៣៖២៧នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ (យើងនឹងឃើញស្រមោលខ្មៅ ចាប់ផ្តើមគ្របដណ្តប់លើផ្ទៃព្រះចន្ទបន្តិចម្តងៗ)
- ចន្ទគ្រាសពេញលេញ (Total Lunar Eclipse) កើតឡើងនៅវេលាម៉ោង ០០៖៣១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា (ម៉ោង ១៖១១នាទីរំលងអធ្រាត្រ ជាពេលស្ថិតនៅចំកណ្តាលភាពពេញលេញ)
- ការបាត់វត្តមានពន្លឺព្រះចន្ទទាំងស្រុងនេះ នឹងអូសបន្លាយដល់ម៉ោង ១៖៥៣នាទីយប់ (ប្រសិនបើព្យាយាមមើលទៅកាន់ផ្ទៃមេឃទិសខាងលិចពេលមេឃស្រឡះល្អ យើងនឹងអាចឃើញព្រះចន្ទត្រូវបានស្រមោលផែនដីជះពីលើនាំឲ្យងងឹត និងមានពណ៌រាងក្រហមតិចៗ)
- ក្រោយបញ្ចប់ចន្ទគ្រាសពេញលេញចាប់ពីម៉ោង ១៖៥៣នាទីយប់នោះ ព្រះចន្ទនឹងចាប់ផ្តើមរំលេចរូបរាង (ពន្លឺ) ម្តងបន្តិចៗរហូតដល់មានពន្លឺពេញលេញវិញនៅវេលាម៉ោង ២៖៥៦នាទីទាបភ្លឺ។
សរុបសេចក្តីមក ព្រឹត្តិការណ៍ចន្ទគ្រាសលើប្រទេសកម្ពុជា នឹងអាចមើលឃើញនៅគ្រប់ខេត្តក្រុងតែម្តង នៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥នោះ (ប្រសិនបើមេឃស្រឡះល្អគ្មានភ្លៀង)។ ការអាចទ្រាំរង់ចាំតាមដានបានឬមួយក៏អត់នោះ គឺអាស្រ័យលើបងប្អូនប៉ុណ្ណោះ…៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/Times and Date (ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤)