រកឃើញ «សំបក​ពង​សត្វ​ស្លាប ជំនាន់​ដាយ​ណូ​ស័​រ» ដែល​អាចមាន​អាយុកាល រាប់រយ​លាន​ឆ្នាំ នៅ​ប្រទេស​ចិន…

171

(វ៉ាស៊ីនតោន)៖ ហ្វូ​ស៊ី​ល-ស៊ុត​ជាង ២០០គ្រាប់​របស់​សត្វ Pterosaurs ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ចិន ហើយ​ដែល​របក​កំ​ហើ​ញ​នេះ នឹង​ក្លាយជា​ការបកស្រាយ​មួយ​នៃ​ដំណើរ ជីវិត​របស់​សត្វ​ស្លាប​ក្នុង​ជំនាន់​ដៃ​ណូ​ស័​រ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​សុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។

ហ្វូ​ស៊ី​ល​ស៊ុត Pterosaurs ឬ​គេ​ស្គាល់​ថា Hamipterus ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​នៅឯ​តំបន់ Turpan-Hami Basin ស្ថិតនៅក្នុង​ខេត្ត Xinjiang ភាគ​ពាយ័ព្យ​ប្រទេស​ចិន ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​អាមេរិក U.S. journal Science។

ដោយឡែក ថ្លែងប្រាប់​អ្នកសារព័ត៌មាន អ្នកវិទ្យាសាស្ត្រ​ចិន​មួយរូប​មកពី វិទ្យាស្ថាន​បុរាណវិទ្យា​នៃ​បណ្ឌិតសភា វិទ្យាសាស្ត្រ​ចិន លោក Xiaolin Wang បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប និង​បាន​ប្រមូល​ស៊ុត​ទាំងនោះ​ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត…»។

បុរាណ​វិទូ​បាន​សង្កត់​ធ្ង​ន​ទៀតថា «មួយវិញទៀត​ផ្អែកលើ​របកគំហើញ​នេះ យើង​អាច​សន្និដ្ឋានបានថា កូនតូច​របស់​សត្វ Pterosaurs ទំនងជា​ដើរ​នៅលើ​ដី ប៉ុន្តែ​មិនអាច​ហោះ​នៅលើ​អាកាស​បាន​នោះទេ ដោយសារតែ​ស្លាប​ពួកវា​មានការ​វិវត្តន៍ មិនល្អ​នៅក្នុង​អុំ​ប្រ៊ី​យ៉ុង។ យើង​បានដឹងថា ស៊ុត និង​អុំ​ប្រ៊ី​យ៉ុង​ជាច្រើន​ផ្សេងទៀត​នៅ​ទីនោះ តែ​យើង​នៅ​ត្រូវការ​ពេលវេលា​បន្ថែម ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ភាព​អស្ចារ្យ​នៃ Pterosaurs»។

គួរ​បញ្ជាក់ថា បើតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ Pterosaurs គឺជា​ប្រភេទ​សត្វ​មាន​ឆ្អឹងខ្នង ដែល​អាច​ហោះហើរ ឬ​អាច​ចាត់ទុកបាន​ថា ជា​ស្ដេច​នៅលើ​អាកាស​នៅ​សម័យ​យុគ​ដាយ​ណូ​ស័​រ មាន អាយុ​កាលពី ២៥២លាន​ឆ្នាំ ទៅ ៦៦លាន​ឆ្នាំមុន។ ចំណែកឯ​ស៊ុត​ជាង ២០០គ្រាប់ ខាងលើ​របស់ Pterosaurs ត្រូវបាន​គេ​សន្និដ្ឋានថា មាន​អាយុកាល ១២០លាន​ឆ្នាំមុន៕

480×240 Banner