តើប្រព័ន្ធព្រះអាទិត្យអាចក្លាយជា Nebula ទេ? យល់ដឹងពីនីប៊ុយឡា Hourglas និង Helix (ព្រះនេត្រព្រះ) (អត្ថបទសំណូមពរ)
(បរទេស)៖ ប្រិយមិត្តពិតជាធ្លាប់បានដឹងរួចមកហើយអំពី នីប៊ុយឡា ឬណេប៊ូឡា (Nebula) ទាំងនៅក្នុងកម្មវិធីសិក្សានៅសាលារៀន និងតាមរយៈអត្ថបទ+វីដេអូដែល Cambo Space បានធ្វើជូនរួចមកហើយ។ ប៉ុន្តែ, ពេលនេះមានរូបភាព Nebula ចំនួន ២ ដែលប្រិយមិត្តខ្លះបានសួរថា តើមានពិតមែនឬទេ ឬមួយថារូបភាពទាំងអស់នេះអាចជារូបភាព AI?
សំនួរទាំងនេះត្រូវបានចោទសួរទៅលើ នីប៊ុយឡាឈ្មោះ Hourglass (នាឡិកាខ្សាច់ពីបុរាណ) និង Helix (លោកខាងលិចហៅថា Eye of God ឬព្រះនេត្រព្រះ) ផងដែរ។ នៅក្នុងអត្ថបទថ្មីនេះ ប្រិយមិត្តក៏នឹងយល់ដឹងផងដែរថា តើប្រព័ន្ធអាទិត្យយើងទាំងមូល អាចក្លាយជា Nebula ដែរឬមួយក៏យ៉ាងណា។
១៖ រូបភាព Hourglass Nebula
រូបភាពមួយសន្លឹករបស់នីប៊ុយឡា Hourglass នេះជារូបភាពពិតប្រាកដ ដែលមិនមែនត្រូវបានកែច្នៃ ឬបង្កើតឡើងដោយ AI អ្វីឡើយ។ វាត្រូវបានផ្តិតយកដោយតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ដោយប្រើប្រាស់កាមេរ៉ាលេខ២ (Wide Field and Planetary Camera 2 (WFPC2)) សម្រាប់ផ្តិតយករូបភាពជាលក្ខណៈ visible light ឬជាពន្លឺដែលភ្នែកមនុស្សអាចមើលឃើញ។
Hourglass Nebula ឬយើងអាចហៅឈ្មោះសម្គាល់មួយទៀតថា MyCn-18 មានទីតាំងស្ថិតនៅក្នុងតារានិករ Musca បើមើលទៅលើផ្ទៃមេឃផែនដី និងមានចម្ងាយប្រមាណ ៨,១៥៤ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺស្មើនឹង ៩.៤៦ទ្រីលានkm)។ វាត្រូវបានបង្កើតឡើងដោយសារតែផ្កាយមួយមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ បានបញ្ចេញឧស្ម័នស្រទាប់ក្រៅរបស់វា យ៉ាងកម្រោលទៅកាន់ទីអវកាសជុំវិញ ហើយដែលនោះជាសញ្ញាបញ្ជាក់ថា វាជាផ្កាយកំពុងឈានទៅរកទីបញ្ចប់។ ខណៈពេលនេះវាកំពុងស្ថិតនៅជាស្នូលផ្កាយពណ៌ស (White Dwarf) ទៅហើយ។
គួរបញ្ជាក់ថា នៅក្នុងរូបភាពជាលក្ខណៈ Visible Light មួយសន្លឹករបស់ Hourglass Nebula ផ្តិតដោយ Hubble នេះគឺ៖ ពណ៌ខៀវ (Blue) តំណាងឲ្យអុកស៊ីហ្សែន (Oxygen), ពណ៌បៃតង (Green) តំណាងឲ្យអ៊ីដ្រូហ្សែន (Hydrogen), ពណ៌ក្រហម (Red) តំណាងឲ្យនីដ្រូសែន ឬអាសូត (Nitrogen) និងសមាសធាតុអេល្យូមអាតូមិច (Atomic Helium) គឺស្ថិតនៅចំកណ្តាល Hourglass Nebula នោះតែម្តង។ Hourglass Nebula មានអង្កត់ផ្ចិតជាមធ្យម ០.២១ឆ្នាំពន្លឺ។
២៖ រូបភាព Helix Nebula (ជិតផែនដីបំផុត)
មិនមានអ្វីគួរងឿងឆ្ងល់ច្រើនឡើយចំពោះនីប៊ុយឡាឈ្មោះ Helix ដែលតែងតែជាគោលដៅ ដ៏ពេញនិយមសម្រាប់ក្រុមអ្នកស្រឡាញ់ការថតរូបភាពផ្ទៃមេឃពេលរាត្រីនោះ ព្រោះតែនីប៊ុយឡានេះងាយស្រួលរក និងមានចម្ងាយជិតជាងគេ បើធៀបនឹងនីប៊ុយឡាផ្សេងៗទៀត។ Helix Nebula មានចម្ងាយខ្ទង់ ៦៥០-៧០០ឆ្នាំពន្លឺពីផែនដី (យោងតាមការគណនាដោយអង្គការ NASA) និងស្ថិតនៅក្នុងតារានិករ Aquarius បើមើលទៅលើផ្ទៃមេឃផែនដី។
Helix Nebula មានអង្កត់ផ្ចិតរហូតដល់ទៅ ២.៥ឆ្នាំពន្លឺឯណោះ ដោយវាបានកើតមានឡើងនៅពេលដែល ផ្កាយមានម៉ាសប្រហាក់ប្រហែល ឬអាចធ្ងន់ជាងព្រះអាទិត្យយើងជិត ១០ដង បញ្ចេញអការៈកញ្ជ្រោល ដោយការជះចេញនូវកម្ទេចធូលី និងឧស្ម័ននានាទៅតំបន់ទីអវកាសជុំវិញវា នៅពេលដែលទីបញ្ចប់ជិតមកដល់ ហើយនៅទីបំផុតវាក៏បានក្លាយជាស្នូលផ្កាយតូចពណ៌ស (White Dwarf) នៅចំកណ្តាលពពកធូលី និងឧស្ម័ន (Nebula) នោះតែម្តង។
គួរបញ្ជាក់ថា នៅក្នុងរូបភាពទម្រង់ Visible Light នៃ Helix Nebula មួយសន្លឹកនេះ គឺត្រូវបានផ្តិតយកដោយតេឡេស្កូបអវកាស Hubble។ យើងអាចមើលឃើញនូវ បណ្តុំឧស្ម័នដ៏ក្តៅព័ទ្ធជុំវិញស្នូល (White Dwarf) ដ៏ក្តៅគគុកនៅកណ្តាល Nebula នោះ។ ការសម្លឹងមើលទម្រង់ជាពន្លឺក្រហមអាំងហ្វ្រា (Infrared) និងស្វាយអ៊ុលត្រា (Ultraviolet) ក៏បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងបន្ថែម អំពីរចនាសម្ព័ន្ធដ៏ស្មុគស្មាញ និងធំធេងរបស់ ពពកធូលី-ឧស្ម័ននៃ Nebula ខាងលើនេះផងដែរ។
៣៖ តើប្រព័ន្ធព្រះអាទិត្យយើងអាចក្លាយជា Nebula ដែរឬទេ?
ខណៈដែលព្រះអាទិត្យយើងមិនមានម៉ាសគ្រប់គ្រាន់ ក្នុងការឈានទៅរកបន្ទុះស៊ូពើណូវ៉ា (Supernova) នៅរយៈពេលរាប់ពាន់លានឆ្នាំខាងមុខនេះ ការក្លាយខ្លួនជា Nebula មួយវិញគឺអាច។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា នៅរយៈពេល ៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យយើងកាន់តែអស់ឧស្ម័នទ្រទ្រង់ចំហេះ រួចនឹងវិវត្តទៅរកភាពជាតារាយក្សក្រហម (Red Giant) ដោយនឹងលេបយកភពពុធ, ភពសុក្រ និងអាចភពផែនដីយើងផងដែរ។
បន្ទាប់ពីឥទ្ធិពលក្នុងភាពជាតារាយក្សក្រហម បានបញ្ចប់ទៅហើយនោះ ប្រព័ន្ធព្រះអាទិត្យយើងទាំងមូលនឹងក្លាយជា នីប៊ុយឡាខ្នាតតូច (Planetary Nebula) ដោយមានស្នូលព្រះអាទិត្យ (White Dwarf) នៅចំកណ្តាល។ White Dwarf បែបនោះនឹងអាចរក្សាវត្តមានបានចាប់ពីរាប់សិបដល់រាប់រយពាន់លានឆ្នាំឯណោះ មុននឹងវាចុះត្រជាក់ ហើយក្លាយជាស្នូលផ្កាយស្លាប់ពណ៌ខ្មៅ (Black Dwarf) នៅទីចុងបញ្ចប់តែម្តង៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/ESO/National Geographic (ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤)