តើកន្លែងណាដែលត្រជាក់ជាងគេបំផុតលើភពផែនដី? (យល់ដឹង)
(បរទេស)៖ កំពុងតែត្រជាក់ហើយនៅនិយាយអំពីរឿងត្រជាក់ទៀត, ប៉ុន្តែបើធៀបនឹងភាពត្រជាក់ នៅប្រទេសកម្ពុជាយើងអំលុងរដូវរងានេះ គឺមិនស្មើនឹងមួយចំណិតនៃប្រទេសស្ថិតនៅតំបន់ជុំវិញប៉ូល ឬសូម្បីតែតំបន់ត្រជាក់បង្គួរនោះឡើយ។ សម្រាប់ប្រិយមិត្តដែលមិនទាន់ដឹងថា ចំណុចណាមួយលើភពផែនដីនេះ ដែលត្រជាក់បំផុតនៅក្នុងកំណត់ត្រាបច្ចុប្បន្ននោះ អត្ថបទថ្មីមួយនេះគឺត្រូវចំចំណុចសំខាន់ហើយ។
យោងតាមអង្គការ NASA នៃសហរដ្ឋអាមេរិក ចំណុចដែលត្រជាក់បំផុតនៅលើភពផែនដីនេះ គឺស្ថិតនៅចំណុចខ្ពស់មួយនៃតំបន់ខ្ពង់រាបលើ ទ្វីបទឹកកកអង់តាទិក (Antarctica) ស្ថិតនៅប៉ូលខាងត្បូងភពផែនដី។ តំបន់ខ្ពង់រាបទឹកកកនោះមានឈ្មោះថា East Antarctic Plateau ឬ ខ្ពង់រាបអង់តាកទិកខាងកើត (ដូចមានបញ្ជាក់ក្នុងផែនទី)។ តើវាត្រជាក់ដល់កម្រិតណាទៅ? ចូរតាមដានអត្ថបទនេះបន្តទៀត។
សម្រាប់ប្រទេសកម្ពុជាយើង ដែលស្ថិតនៅតំបន់ត្រូពិកនោះ សីតុណ្ហភាពរដូវរងាអាចចុះត្រជាក់ត្រឹម ១៥អង្សាសេ និងក្រោមនេះតិចតួចប៉ុណ្ណោះ ជាពិសេសនៅតំបន់ភាគឦសានប្រទេស ដូចជាខេត្តរតនគិរី និងមណ្ឌលគិរីជាដើម ព្រោះទីនោះជាតំបន់ខ្ពង់រាប និងសម្បូរទៅដោយព្រៃឈើទាំងនៅលើទឹកដីយើង ក៏ដូចជាប្រទេសជិតខាង (វៀតណាម និងឡាវ)។
កម្រិតត្រឹម ១៥អង្សាសេនេះ គឺធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើនពិបាកទ្រាំណាស់ទៅហើយ ប៉ុន្តែវាមិនអាចធៀបនឹងកម្រិត -៩២អង្សាសេ នៅតំបន់ East Antarctic Plateau នោះឡើយ។ ពិតណាស់ កន្លែងដែលត្រជាក់តំបន់បំផុតនៅលើផែនដីមួយនោះ គឺមានសីតុណ្ហភាពត្រជាក់ដល់ទៅ -៩២អង្សាសេ ហើយបើធៀបនឹងទូរទឹកកកដែលបងប្អូនប្រើប្រាស់សម្រាប់បង្កកសាច់ ឬការ៉េមរាល់ថ្ងៃនេះ គឺអាចចុះត្រជាក់ត្រឹមតែ -២០អង្សាសេប៉ុណ្ណោះ… អាចស្រមៃបានទេថា East Antarctic Plateau ត្រជាក់កម្រិតណា?
កម្រិតសីតុណ្ហភាពត្រជាក់បំផុត -៩២អង្សាសេ (បើគិតជាមធ្យមលើកម្រិតត្រជាក់បំផុត) ខាងលើនេះត្រូវបានបញ្ចេញក្នុងលទ្ធផលសិក្សាកាលពីដើមខែធ្នូ ឆ្នាំ២០១៣ ដែលជាការបំបែកកំណត់ត្រាចាស់ នៃសីតុណ្ហភាពត្រជាក់បំផុតពីមុន នៅលើតំបន់ខ្ពង់រាប East Antarctic Plateau ដដែលនោះ តែមិនដល់កម្រិតត្រជាក់ដែលត្រូវបានកត់ត្រា កាលពីឆ្នាំ២០១០នោះឡើយ។ ការប្រមូលយកទិន្នន័យនេះ ត្រូវបានធ្វើឡើងជាប្រចាំតាមរយៈផ្កាយរណប Aqua របស់ NASA និង Landsat 8 ដែលគ្រប់គ្រងរួមគ្នាដោយ NASA និងស្ថាប័នស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)។
ទិន្នន័យពីបណ្តាញផ្កាយរណបអន្តរជាតិ ដែលបានធ្វើការសង្កេតពីលើទ្វីបទឹកកកអង់តាកទិក អស់រយៈពេល ៣២ឆ្នាំមកនេះ បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រគូសវាសផែនទីទ្វីបនេះ និងស្វែងយល់ពីកម្រិតសីតុណ្ហភាព។ នៅក្បែរចំណុចកំពូលបំផុតនៃតំបន់ខ្ពង់រាប East Antarctic Plateau ដែលអូសបន្លាយពីទីទួល Dome Arugs (Dome A) ទៅទីទួល Dome Fuji (Dome F) ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញតំបន់មានជ្រលងមួយចំនួន ដែលអាចធ្វើឲ្យអាកាសធាតុក្នុងជ្រលងនោះចុះត្រជាក់ខ្លាំងជាច្រើនដង។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ ផ្កាយរណបបានចាប់សញ្ញានៃធាតុត្រជាក់ដល់ទៅ -៩៣.២អង្សាសេឯណោះ នៅចំណុច Dome Arugs។
យ៉ាងណាក៏ដោយ កម្រិតត្រជាក់បំផុតជាមធ្យមគឺត្រូវបានគណនាក្នុងរង្វង់ –៩២អង្សាសេ ហើយភាពត្រជាក់ដល់កម្រិតនេះ គឺមានតែនៅតំបន់ East Antarctic Plateau របស់ទ្វីបអង់តាកទិកមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបែងចែករវាងតំបន់ត្រជាក់បំផុត ដែលមានមនុស្សរស់នៅជាប្រចាំ និងតំបន់ត្រជាក់បំផុត ដែលគ្មានមនុស្សរស់នៅជាប្រចាំផងដែរ។ សម្រាប់ East Antarctic Plateau គឺត្រូវបានចាត់ទុកជាតំបន់ត្រជាក់បំផុត ដែលគ្មានមនុស្សរស់នៅជាប្រចាំឡើយ ដោយកន្លងមកមានត្រឹមតែក្រុមអ្នកវិទ្យាសាស្ត្រ ដែលស៊ូទ្រាំរស់នៅ និងផ្លាស់វេនគ្នាសិក្សាស្រាវជ្រាវនៅទីនោះប៉ុណ្ណោះ។
ដោយឡែកសម្រាប់តំបន់ដែលមានមនុស្សរស់នៅជាប្រចាំ ហើយមានសីតុណ្ហភាពត្រជាក់បំផុតវិញនោះគឺ ក្រុងមួយចំនួននៅតំបន់ស៊ីប៊េរី (Siberia) ប្រទេសរុស្ស៊ី ដូចជាក្រុង Verkhoyansk ជាប់កំណត់ត្រាជាទីក្រុងត្រជាក់បំផុតលើភពផែនដីនៅឆ្នាំ១៨៩២ ជាមួយនឹងសីតុណ្ហភាព -៦៧.៨អង្សាសេ, ក្រុង Oimekon នៅឆ្នាំ១៩៣៣ ជាមួយនឹងសីតុណ្ហភាព -៦៧.៧អង្សាសេ និងក្រុង Yakutsk នៅឆ្នាំ២០២៣ ជាមួយនឹងសីតុណ្ហភាព -៦២.៧អង្សាសេ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤)