ខ្មោចផ្កាយរណបចិនធ្លាក់បុកបរិយាកាស ពីលើសហរដ្ឋអាមេរិក, ពលរដ្ឋខ្លះច្រលំស្មានថា «ទេពច្យុត»
(បរទេស)៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ពលរដ្ឋអាមេរិកជាច្រើនដែលរស់នៅរដ្ឋ កាន់សាស់ (Kansas), អាកាន់សាស់ (Arkansas), ធិនណែសស៊ី (Tennessee), មីសួរី (Missouri), ល្វីស្យាណា (Louisiana), មីស៊ីស៊ីពី (Mississippi), និងផ្លូរីដា (Florida) ជាដើម បានមើលឃើញទិដ្ឋភាពពិសេសមួយលើផ្ទៃមេឃពេលរាត្រី ដោយមានលក្ខណៈស្រដៀងនឹងទេព្យចុះ (meteor shower) ប៉ុន្តែតាមការពិតទៅ វាមិនមែនជាទេពច្យុតអ្វីនោះទេ។
សារព័ត៌មាន Live Science តាមរយៈអាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា នោះគឺជាផ្កាយរណបមួយគ្រឿងឈ្មោះ GaoJing 1-02 របស់ប្រទេសចិន ដែលបានធ្លាក់បុកបរិយាកាស ពីលើផ្ទៃមេឃភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១១៖០៨នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក ខណៈទិដ្ឋភាពបែបនោះ តែងតែត្រូវបានច្រលំថាជា «ទេពច្យុត»។
យោងតាមទិន្នន័យពីវិទ្យាស្ថាន Harvard and Smithsonian នៃសហរដ្ឋអាមេរិក ដែលមានជំនាញខាងតាមដាន ព្រឹត្តិការណ៍ពីទីអវកាសដូចខាងលើនេះបានឲ្យដឹងថា ផ្កាយរណបពាណិជ្ជកម្ម GaoJing 1-02 ដែលមានមុខងារផ្តិតរូបភាពផ្ទៃផែនដីមួយនោះ បានគោចរក្នុងល្បឿន ២៧,៤០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាធ្លាក់មកបុកបរិយាកាសពីលើទីក្រុង ញូ អូលីនស៍ (New Olreans) នៃរដ្ឋ Mississippi កាលពីវេលាម៉ោង ១១៖០៨នាទីយប់ថ្ងៃទី២១ ខែធ្នូ នោះតែម្តង។
វិទ្យាស្ថាន Harvard and Smithsonian បានដឹងជាមុនរួចទៅហើយថា ផ្កាយរណប GaoJing 1-02 នឹងមានថ្ងៃណាមួយត្រូវធ្លាក់បុកបរិយាកាសផែនដី ខណៈវាត្រូវបានភាគីចិនប្រកាសថា បានខូចលែងដំណើរការតាំងតែពីខែមករា ឆ្នាំ២០២៣មកម្ល៉េះ។ យ៉ាងណាក៏ដោយ ការធ្លាក់របស់ GaoJing 1-02 ត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបានឡើយ ព្រោះជាធម្មតាផ្កាយរណប ឬគ្រឿងអវកាសដែលគេដឹងមុនថា នឹងលែងដំណើរការបែបនេះ ភាគច្រើនត្រូវបញ្ជាឲ្យទម្លាក់ខ្លួនចូលក្នុងសមុទ្រ អំលុងពេលដែលពួកវានៅអាចគ្រប់គ្រងបាន តែផ្កាយរណបចិននេះបានធ្លាក់ពីលើសហដ្ឋអាមេរិក។
បើតាមអង្គការ NASA វិញបានអះអាងថា ផ្កាយរណបសង្កេតផែនដី GaoJing 1-02 ឬ Superview 1-02 គ្រប់គ្រងដោយក្រុមហ៊ុន Beijing Space View Tech Co Ltd. ត្រូវបានបាញ់បង្ហោះចេញពីប្រទេសចិនកាលពីចុងឆ្នាំ២០១៦ ហើយវាត្រូវបានបិទដំណើរទាំងស្រុងកាលពី ២ឆ្នាំមុន ខណៈការធ្លាក់មកផែនដីវិញ ត្រូវបានគេគណនាកាលណោះថា រង់ចាំតែថ្ងៃមកដល់ប៉ុណ្ណោះ។
ដោយឡែកអ្នកជំនាញមួយរូបឈ្មោះ McDowell បានសរសេរសារបង្ហោះលើគណនី X របស់លោកថា «ការទម្លាក់ខ្លូនរបស់ផ្កាយរណបនានាមកកាន់គន្លងគោចរកម្រិតទាប តែងតែកើតឡើងដោយឯកឯង ហេតុដូច្នេះហើយទើបអ្នកគ្រប់គ្រងត្រូវបញ្ជាឲ្យពួកវាបញ្ឆេះម៉ាស៊ីនជារឿយៗ ដើម្បីរុញច្រានខ្លួនពួកវាឲ្យបន្តស្ថិតក្នុងគន្លងគោចរដើម ហើយសម្រាប់ផ្កាយរណបមួយនេះ (ចិន) បានបិទដំណើរ ២ឆ្នាំមកហើយ…»។
គួរបញ្ជាក់ថា មូលហេតុដែលពលរដ្ឋអាមេរិកជាច្រើន ច្រលំព្រឹត្តិការណ៍ខាងលើនេះថា «ទេពច្យុត» នោះ ក៏ព្រោះតែវាបានកើតឡើងចំកំលុងពេលនៃព្រឹត្តិការណ៍ភ្លៀងទេពច្យុត «Ursid meteor shower» ដែលបានឈានដល់កម្រិតកំពូលនៅចុងសប្តាហ៍មុននោះដែរ។ សម្រាប់ផ្កាយរណបភាគច្រើន ដែលបានឆាបឆេះពេលធ្លាក់បុកបរិយាកាសផែនដីនោះ កម្ទេចកម្ទីខ្លះដែលនៅសល់នឹងធ្លាក់ចូលក្នុងទឹកសមុទ្រ តែសម្រាប់ករណី GaoJing 1-02 វិញ គឺមិនទាន់មានសេចក្តីរាយការណ៍ អំពីការប្រទះឃើញកម្ទេចកម្ទីណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤)