ការមកដល់នៃផ្កាយដុះកន្ទុយ ATLAS G3 និងភពព្រះអង្គារ ខណៈភពព្រហស្បតិ៍ និងអង្គារត្រៀមរះអមព្រះចន្ទ (យល់ដឹង)

8

(បរទេស)៖ សម្រាប់នៅអំលុងខែមករា ឆ្នាំ២០២៥នេះ មានទិដ្ឋភាពលើមេឃពិសេសៗមួយចំនួន ដែលសមគួរឲ្យប្រិយមិត្តចំណាយពេលគយគន់ ក្នុងនោះមានដូចជា ការរះអមព្រះចន្ទដោយភពព្រហស្បតិ៍ (Jupiter) និងការគោចរមកកៀកភពផែនដីបំផុត ពីសំណាក់ភពព្រះអង្គារ (Mars) អមដោយព្រះចន្ទពេញវង់ (Full Moon)។ ដោយឡែកការមកដល់នៃផ្កាយដុះកន្ទុយ ATLAS (C/2024) G3 ក៏មានបកស្រាយនៅចុងបញ្ចប់អត្ថបទនេះដែរ។

១៖ ភពព្រហស្បតិ៍រះអមព្រះចន្ទជិតពេញវង់

ឱកាសដ៏ពិសេសនេះនឹងកើតឡើងនៅយប់ថ្ងៃសុក្រ ទី១០ និងថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ និងចាប់ពីវេលាម៉ោង ៧៖៣០នាទីយប់តទៅ ទើបងាយទស្សនាបានពេញភ្នែកតែម្តង។ យើងនឹងឃើញព្រះចន្ទជិតពេញវង់ មានផ្កាយមួយដួងដ៏ភ្លឺរះអមយ៉ាងកៀក ប៉ុន្តែនោះនឹងមិនមែនជាផ្កាយទេ តែគឺជាភពព្រហស្បតិ៍ (Jupiter) ដែលនៅយប់ថ្ងៃទី១០ និង១១ ខែមករានោះនឹងមានចម្ងាយខ្ទង់ ៦៤០លានkm ពីភពផែនដី (អាចចាត់ទុកថាស្ថិតនៅកៀកផែនដីដដែល បើធៀបនឹងអំលុងខែធ្នូ ឆ្នាំ២០២៤)

(រូបភាពពីបរទេស)

២៖ ភពអង្គារមកកៀកផែនដីបំផុត និងរះអមព្រះចន្ទពេញវង់ថែមទៀត

ឱកាសពិសេសបំផុតនេះ នឹងកើតឡើងនៅអំលុងយប់ថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២៥។ សម្រាប់ថ្ងៃអាទិត្យ ទី១២ ខែមករា គឺជាពេលដែលភពអង្គារ និងផែនដីគោចរមកដល់ ចំណុចកៀកគ្នាបំផុតនោះគឺ ៩៦លានkm ដែលឱកាសបែបនេះតែងកើតមានឡើងក្នុងរង្វង់ ២៦ខែម្តងប៉ុណ្ណោះ ខណៈយើងបានឃើញភពអង្គារ ចាប់ផ្តើមរះពីទិសខាងកើតចាប់ពីម៉ោង ៨៖០០នាទីយប់ តាំងតែពីចុងឆ្នាំ២០២៤ មកម្ល៉េះ។

សម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥វិញ គឺជាយប់ព្រះចន្ទពេញវង់នៅកម្ពុជាយើង ដោយអ្នកតាមដានទស្សនាទិដ្ឋភាពលើផ្ទៃមេឃ នឹងឃើញវត្តមានព្រះចន្ទ និងភពអង្គារ ស្ថិតនៅអមជិតគ្នាតែម្តង ក្រោយព្រះចន្ទរះនៅទិសខាងកើត ហើយឱកាសដែលអាចទស្សនាបាននោះគឺចាប់ពីម៉ោង ៧៖០០នាទីល្ងាចតទៅ (សូមត្រៀមទស្សនា និងផ្តិតរូបភាពផង)។

ដោយឡែកសម្រាប់តំបន់ខ្លះនៃពិភពលោកវិញដូចជា សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក និងភាគខាងលិចទ្វីបអាហ្វ្រិកជាដើម នឹងមើលឃើញព្រឹត្តិការណ៍ «ព្រះចន្ទគោចរកាត់មុខភពអង្គារ ឬភពអង្គារគោចរកាត់ពីក្រោយព្រះចន្ទ (Lunar occultation of Mars)» នៅអំលុងម៉ោង ៨៖៤៤នាទីយប់ថ្ងៃទី១៣ ខែមករា រហូតដល់ម៉ោង ១២៖៥២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ដោយនៅកម្ពុជាយើងមិនអាចឃើញព្រឹត្តិការណ៍នេះទេ។

(Image Credit: Andrew McCarthy)

៣៖ ការមកដល់ផ្កាយដុះកន្ទុយ ATLAS (C/2024) G3

សូមជម្រាបជូន និងជាការបញ្ជាក់ឲ្យច្បាស់លាស់ជូនបងប្អូនផងដែរថា ផ្កាយដុះកន្ទុយ ATLAS (C/2024) G3 កំពុងបង្ហាញវត្តមានឲ្យមនុស្សលោកលើផែនដីមើលឃើញព្រាលៗហើយ ប៉ុន្តែគឺសម្រាប់បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងប៉ុណ្ណោះ ដោយអ្នករស់នៅអឌ្ឍគោលខាងជើងដូចជាកម្ពុជាយើងជាដើម មិនអាចមើលឃើញវាទេ។

ATLAS (C/2024) G3 កំពុងបង្ហាញវត្តមានឲ្យអ្នករស់នៅអឌ្ឍគោលខាងត្បូងដូចជា អូស្ត្រាលី នូវែលសេឡង់ អាហ្សង់ទីន ឈីលី និងអាហ្វ្រិកខាងត្បូងជាដើម មើលឃើញនៅរៀងរាល់ព្រឹកព្រហាម (មុនមានពន្លឺព្រះអាទិត្យខ្លាំងចេញមករំខាន) ចាប់ពីថ្ងៃទី៩ ខែមករានេះតទៅ ខណៈនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គឺជាពេលដែលវាគោចរទៅកៀកព្រះអាទិត្យបំផុតនោះគឺ ១៣.៥លានkm៕

ការមកដល់នៃផ្កាយដុះកន្ទុយ ATLAS G3 និងភពព្រះអង្គារ ខណៈភពព្រហស្បតិ៍ និងអង្គារត្រៀមរះអមព្រះចន្ទ (យល់ដឹង)
រូបពិតនៃផ្កាយដុះកន្ទុយ ATLAS (C/2024) G3 ថតដោយតេឡេស្កូបលើដី (រូបភាពពីបរទេស)

រៀបរៀងដោយ៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Time and Date, Earth Sky, Sky Live (ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥)

480×240 Banner