NOAA, សហរដ្ឋអាមេរិក៖ «បាតុភូត ឡា នីញ៉ា (La Niña) កំពុងកកើតឡើងហើយ តែមានភាពមិនប្រក្រតីខ្លះ»

5

(បរទេស)៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ (ពេលវេលានៅអាមេរិក) រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិកបានប្រកាសថា បាតុភូតចុះត្រជាក់ខ្លាំង ឬយើងស្គាល់ថា ឡា នីញ៉ា (La Niña) បានកកើតឡើងហើយ ខណៈភាពមិនប្រក្រតីមួយចំនួន ក៏កំពុងលេចឡើងផងដែរ។ ឡា នីញ៉ា នេះបាននិងកំពុងធ្វើឲ្យសហរដ្ឋអាមេរិក កាណាដា និងប្រទេសជាច្រើនទូទាំងពិភពលោក ជួបប្រទះធាតុអាកាស និងបរិយាកាសប្រែប្រួលជារួម។

យ៉ាងណាក៏ដោយ ស្ថាប័ន NOAA តាមរយៈទិន្នន័យពីផ្កាយរណប និងនៅលើដីផ្ទាល់ បានគណនាឃើញថា បាតុភូត ឡា នីញ៉ា លើកនេះគឺមានភាពខ្សោយ ដោយនឹងមិនអូសបន្លាយយូរដូចលើកមុនឡើយ។ NOAA បានប្រទះឃើញសញ្ញាដែលបានបង្ហាញពីឱកាស នៃការកកើតឡើងរបស់ ឡា នីញ៉ា តាំងតែពីរដូវក្តៅឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិកមកម្ល៉េះ។

ការឲ្យសញ្ញានៃការកើតមាន ឡា នីញ៉ា តាំងតែពីខែតុលា ឆ្នាំ២០២៤ (រូបភាពពី NOAA)

សម្រាប់លោកអ្នកដែលមិនទាន់ស្គាល់, ឡា នីញ៉ា គឺជាបាតុភូតធម្មជាតិមួយប្រភេទ ពាក់ព័ន្ធនឹងធាតុអាកាសចុះត្រជាក់ខ្លាំងលើសឆ្នាំធម្មតា ដោយស្ថិតនៅក្នុងចង្កោមនៃ វដ្តលំយោលទៅមកនៃបាតុភូត អែល នីញ៉ូ (El Niño Southern Oscillation ឬ ENSO)។ ផ្ទុយពី អែល នីញ៉ូ, ពេល ឡា នីញ៉ា កើតឡើងយើងនឹងឃើញលំនាំសីតុណ្ហភាពមហាសមុទ្រ និងបរិយាកាស មានការប្រែប្រួលនៅតំបន់ត្រូពិចនៃមហាសមុទ្រប៉ាស៊ីហ្វិក (តំបន់សងខាងខ្សែអេក្វាទ័រ) ហើយការប្រែប្រួលនេះនឹងប៉ះពាល់ដល់អាកាសធាតុ និងធាតុអាកាសនៃសកលលោកទាំងមូលតែម្តង។

ភាពខុសគ្នារវាងបាតុភូតទាំងពីររបស់ ENSO (រូបភាពពីបរទេស)

បើនិយាយឲ្យងាយយល់ជាងនេះបន្តិច ENSO គឺជាវដ្តនៃលំយោលទៅវិញទៅមក ក្នុងអំលុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដោយក្នុងនោះតែងបង្កើតឲ្យមានបាតុភូតរលកកម្តៅ El Niño និង La Niña នោះឯង។ វាអាចកើតឡើងចាប់ពីរយៈពេល ២ឆ្នាំ ទៅ ៧ឆ្នាំម្តង ហើយទាំង២បាតុភូតនេះ នៅពេលកើតឡើងម្តងៗគឺអាចអូសបន្លាយយ៉ាងហោចណាស់ ១ឆ្នាំ

ឧទាហរណ៍ជាក់ស្តែងគឺ បាតុភូតរលកកម្តៅ El Niño បានកើតឡើង និងអូសបន្លាយពីអំលុងជាងពាក់កណ្តាលឆ្នាំ២០២៣ ដល់ពាក់កណ្តាលឆ្នាំ២០២៤ ដូច្នេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្របានរំពឹងរួចជាស្រេចថា ជំហានបន្ទាប់មកទៀតគឺ La Niña នឹងកកើតឡើង (ដំបូងត្រូវបានព្យាករណ៍ថាអាចនៅអំលុងខែកញ្ញា ឆ្នាំ២០២៤) ប៉ុន្តែ La Niña បែរជាបានកើតឡើងយឺតយ៉ាវជាងការរំពឹងទុក នោះគឺកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលភាពមិនប្រក្រតីនេះ ពួកគេនៅមិនទាន់អាចផ្តល់ចម្លើយបាននៅឡើយទេ (អាចថាមកពីឆ្នាំ២០២៤នោះ កម្តៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកត្រង់តំបន់ត្រូវពិតអូសបន្លាយយូរ និងខ្ពស់ជាងកម្រិតមធ្យមពេក)

ងាកមកកាន់ព័ត៌មានយើងវិញ នោះគឺនៅអំលុងការកើតមានបាតុភូត ឡា នីញ៉ា តំបន់ភាគខាងជើងសហរដ្ឋអាមេរិក និងប្រទេសកាណាដា តែងតែទទួលរងនូវធាតុអាកាស ដែលចុះត្រជាក់ខ្លាំង និងរដូវរងាអូសបន្លាយយូរ ខណៈដែលភាគខាងត្បូងសហរដ្ឋអាមេរិកវិញ បែរជាមានអាកាសធាតុក្តៅ និងស្ងួត។ យោងតាម NOAA បាតុភូត ឡា នីញ៉ា នេះនឹងជម្រុញឲ្យកើតមានព្យុះហឺរីខិនកំណាច ច្រើនជាងគេធម្មតានៅមហាសមុទ្រអាត្លង់ទិច សម្រាប់ឆ្នាំ២០២៥នេះ។

ភាគខាងជើងសហរដ្ឋអាមេរិក និងប្រទេសកាណាដា កំពុងរងធាតុអាកាសត្រជាក់ខ្លាំងបំផុត (រូបភាពពី NASA)

បាតុភូត ឡា នីញ៉ា ដែលបានមកដល់យឺតជាងការរំពឹងទុកលើកនេះ ក៏ជាសញ្ញាបញ្ជាក់ថា វាមិនបានមានឱកាសបង្កើនឥទ្ធិពលខ្លាំង តាំងពីមុនរដូវរងាចាប់ផ្តើម ដូចកាលពីបាតុភូត ឡា នីញ៉ា លើកមុនឡើយ (ឡា នីញ៉ា លើកមុនបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២០)។ ហេតុដូច្នេះហើយទើប NOAA ចាត់ទុកបាតុភូត ឡា នីញ៉ា លើកនេះថា «មិនប្រក្រតី»

បើតាមការព្យាករណ៍ពី NOAA តំបន់ភាគខាងជើងសហរដ្ឋអាមេរិក និងកាណាដាជាដើម នឹងរងឥទ្ធិពលបាតុភូត ឡា នីញ៉ា នេះរហូតដល់ចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៥។ នៅក្នុងការប្រកាសអំពី ឡា នីញ៉ា កកើតឡើងជាផ្លូវការនេះ NOAA ក៏បានបង្ហាញទិន្នន័យមួយចំនួនទៀតដែរ នោះគឺសីតុណ្ហភាពពីលើតំបន់ត្រូពិច នៃសមុទ្រប៉ាស៊ីហ្វិក កំពុងថយចុះដោយមានកម្រិត ០.៥អង្សាសេ ក្រោមកម្រិតសីតុណ្ហភាពមធ្យមនៅតំបន់នោះទៅទៀត ហើយវានឹងអូសបន្លាយដល់ចុងខែមីនា ឆ្នាំ២០២៥។

  • តើ La Niña អាចបង្កហានិភ័យអ្វីខ្លះជាសកល?

ទោះបីជាប្រជាជននៅតំបន់ខ្លះលើពិភពលោក ជាពិសេសបណ្តាប្រទេសនៅតំបន់ត្រូពិច បាននិងកំពុងរីករាយនឹងអាកាសធាតុត្រជាក់ខ្លាំងក្តី ក៏បាតុភូតចុះត្រជាក់ខ្លាំងខុសប្រក្រតី (La Niña) នេះអាចជះផលអាក្រក់មួយមិនសូវខុសពី អ៊ែល នីញ៉ូ ប៉ុន្មានដែរ។

យោងតាមអង្គការសហប្រជាជាតិ (UN) បាតុភូត La Niña អាចបង្កឲ្យតំបន់ខ្លះជួបគ្រោះរាំងស្ងួត និងតំបន់ខ្លះទៀតបែរជាមានភ្លៀងធ្លាក់ខុសប្រក្រតី រហូតកើតមានជាគ្រោះទឹកជំនន់។ ប្រសិនបើគ្រោះធម្មជាតិទាំងនេះ បង្កផលប៉ះពាល់ដល់ផលដំណាំ និងវិស័យឧស្សាហកម្មនោះ សេដ្ឋកិច្ចប្រទេស ឬតំបន់រងគ្រោះនោះ នឹងត្រូវរងការខាតបង់។

បន្ថែមពីនេះ វិស័យសុខាភិបាលក៏នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ព្រោះអាកាសធាតុចុះត្រជាក់ខ្លាំងខុសប្រក្រតីបែបនេះ ងាយណាស់នឹងបង្កឲ្យកើតមានជំងឺរាតត្បាត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NOAA / National Geographic (ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥)

480×240 Banner