លទ្ធផលសង្កេតដោយ James Webb លើអាចម៍ផ្កាយ 2024 YR4៖ «វាអាចបុកព្រះចន្ទ…» (មានវីដេអូ)
(បរទេស)៖ តាមការពិតក្តីព្រួយបារម្ភចំពោះ 2024 YR4 បានស្ងប់ស្ងាត់ទៅវិញទៅហើយ បន្ទាប់ពីវាបានបង្កការភ្ញាក់ផ្អើលខ្លាំងកាលពីដើមឆ្នាំ២០២៥នេះ ប៉ុន្តែការប្រើប្រាស់ James Webb ដើម្បីសង្កេតអាចម៍ផ្កាយមួយនេះបន្ថែម គឺជារឿងមួយផ្សេងទៀត ដែលមិនត្រឹមតែដើម្បីការយល់បន្ថែមប៉ុណ្ណោះទេ តែក៏ជាការតេស្តអំពីសុក្រិតភាពរវាងតេឡេស្កូបនានាលើផែនដី និងតេឡេស្កូបអវកាសផងដែរ ហើយលទ្ធផលសង្កេតពេលនេះបានចេញមកហើយ។
អ្វីដែលលោកអ្នកត្រូវដឹងពេលនេះគឺ 2024 YR4 មិនអាចគំរាមកំហែងភពផែនដីយើងទេ ហើយតាមរយៈការសង្កេតដោយឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រាពីអាចម៍ផ្កាយនោះ James Webb បានកំណត់ថា វាមានមុខកាត់យ៉ាងហោចណាស់ ៦០ម៉ែត្រ (ស្មើនឹងអគារកម្ពស់ ១៥ជាន់) ដែលទិន្នន័យនេះមិនសូវខុសពីលទ្ធផលសង្កេតដោយ តេឡេស្កូបនានានៅលើដីនោះឡើយ។ ការយល់ដឹងពីទំហំអាចម៍ផ្កាយជាក់លាក់ គឺពិតជាចាំបាច់ណាស់ ព្រោះទំហំរបស់វាគឺបង្ហាញពីអានុភាពនៃការកម្ទេចរបស់វា ពេលបុកចំភពរបស់យើង ឬក៏ទីឋានផ្សេងៗទៀតនោះឯង។

បន្ថែមពីការខាងលើនេះ ការប្រើប្រាស់ James Webb ក៏ដើម្បីស្វែងយល់អំពីបម្របម្រួល សីតុណ្ហភាពនៃ 2024 YR4 ថាតើស្ថិតនៅក្នុងល្បឿនកម្រិតណា និងថាតើវាក្តៅកម្រិតណាដែរ ពេលស្ថិតនៅរយៈចម្ងាយបច្ចុប្បន្នរវាងព្រះអាទិត្យនោះ។ វាជាតេស្តសំខាន់មួយ ព្រោះបើធៀបនឹងវត្ថុអវកាសផ្សេងៗដែល James Webb បានសង្កេតកន្លងមកនោះ អាចម៍ផ្កាយ 2024 YR4 ប្រៀបបីដូចជាគ្រាប់ខ្សាច់ ឬកម្ទេចធូលីមួយប៉ុណ្ណោះ។
សម្រាប់ 2024 YR4 គឺជាវត្ថុអវកាសតូចជាទីបំផុតហើយដែល James Webb បានសង្កេតគិតចាប់តាំងពីការដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មកនោះ ហើយនៅពេលតេឡេស្កូបអវកាសដែលមនុស្សយើងបានផលិតឡើង អាចសង្កេតកម្ទេចធូលីអវកាសដ៏តូច និងយល់ដឹងពីលក្ខណៈសម្បត្តិរបស់វាបានថែមទៀតនោះ គឺពិតជាសមត្ថភាពមិនធម្មតាមួយ ដែលនឹងសាងប្រយោជន៍បន្ថែមទៅថ្ងៃមុខ ជាពិសេសលើការរក្សាសន្តិសុខភពផែនដី ពីអាចម៍ផ្កាយទាំងនោះ។
- តើ 2024 YR4 អាចបុកព្រះចន្ទ?
លទ្ធផលវិភាគចុងក្រោយដោយអង្គការ NASA នៃសហរដ្ឋអាមេរិកកាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញរួចហើយថា អាចម៍ផ្កាយ 2024 YR4 មានឱកាសតែ ០.០០៤% ប៉ុណ្ណោះអាចបុកផែនដី (ជាការច្រានចោលព័ត៌មានមួយចំនួន ដែលបានចេញផ្សាយបែបបំប៉ោងហួសហេតុ នាំឲ្យខូចតម្លៃនៃការស្រាវជ្រាវដើមផ្នែកវិទ្យាសាស្ត្រ)។
ប៉ុន្តែ, សម្រាប់ឱកាសដែលវាអាចបុកព្រះចន្ទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០៣២ នោះបានស្ថិតនៅក្នុងមន្ទិលនៅឡើយ រហូតមកដល់ដើមឆ្នាំមេសា ឆ្នាំ២០២៥នេះទើបតំរុយបានចេញមក តាមរយៈលទ្ធផលសង្កេតថ្មីដោយ James Webb ដែលបានសង្កេត 2024 YR4 ពេលវាស្ថិតនៅចម្ងាយជាង ៥៩លានkm ពីផែនដី និងជាង ២០០លានkm ពីព្រះអាទិត្យ កាលពីថ្ងៃទី៨ ខែមីនា បូកថែមនឹងទិន្នន័យមានស្រាប់ដោយតេឡេស្កូបនៅលើដី។
យោងតាម NASA ឱកាសដែលអាចម៍ផ្កាយ 2024 YR4 អាចបុកព្រះចន្ទនោះ បានកើនឡើងពី ១.៧% ទៅដល់ ៣.៨% ហើយ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ពី NASA នៅដើមខែមេសានេះ ក៏មិនភ្លេចរម្លឹកផងដែរថា «នៅមានឱកាស ៩៦.២% ទៀតដែលវាមិនបុកព្រះចន្ទនោះទេ…»។

គួរបញ្ជាក់ថា ការរម្លឹកដោយ NASA ដូចខាងលើនេះ គឺចង់ឲ្យបណ្តាអ្នកតាមដានព័ត៌មានអំពីអាចម៍ផ្កាយនេះ កុំចាត់ទុកការកើនឱកាសបុកព្រះចន្ទជារឿងដែលត្រូវព្រួយបារម្ភធ្វើអី ហើយបើទោះបីជា 2024 YR4 បុកព្រះចន្ទមែន ក៏វាគ្មានថាមពលអ្វីដែលបង្កឲ្យព្រះចន្ទប្រែប្រួលគន្លងគោចរ ឬក៏ខ្ទាតកម្ទេចថ្មមកបង្កគ្រោះដល់ភពផែនដីយើងនេះដែរ… ពិតណាស់! ត្រឹមតែ ៦០ម៉ែត្រ វានឹងមិនមានអានុភាពអ្វីទៅបង្កការខូចខាតចំពោះព្រះចន្ទឡើយ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥)
