មានភស្តុតាងកាន់តែច្បាស់ហើយ! ភព K2-18 b មានឱកាសខ្ពស់អាចផ្ទុក «ជីវិត» (មានវីដេអូ)

1,143

(បរទេស)៖ កាលពីអំលុងឆ្នាំ២០២៣ និង ២០២៤ ព័ត៌មានអំពីការប្រទះឃើញវត្តមាននៃ សមាសធាតុគីមីម្យ៉ាងនៅក្នុងបរិយាកាសភព K2-18 b បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្នេហាវិស័យស្វែងរក ភពដែលអាចមានជីវិតរស់នៅក្រៅពីផែនដី (habitable exoplanets alien planets) មានការភ្ញាក់ផ្អើល និងតាមដានមិនដាក់ភ្នែកនោះឡើយ។ ឈានចូលមកដល់ឆ្នាំ២០២៥នេះ ការសង្កេតស្រាវជ្រាវនៅតែកំពុងបន្ត ហើយនៅទីបំផុតសញ្ញានៃជីវិតលើភព ដែលមានចម្ងាយរាប់រយឆ្នាំពន្លឺពីយើងនោះបានលេចចេញមកកាន់តែខ្លាំងហើយ។ តើសញ្ញានោះជាអ្វី? ដើម្បីឈ្វេងយល់រឿងនេះ ចូរតាមដានអត្ថបទ (វីដេអូ) នេះឲ្យចប់។

(សូមចុចចូលទស្សនាក្នុង YouTube តែម្តងដើម្បីទទួលបានភាពច្បាស់ពេញលេញ)

ជាការពិតណាស់ កាលពីក្នុងលទ្ធផលសិក្សាដោយ James Webb លើកដំបូងបំផុតនៅឆ្នាំ២០២៣ ក្រុមតារាវិទូបានអះអាងថា ពួកគេបានប្រទះឃើញសញ្ញានៃសមាសធាតុ ឌីមេទីលស៊ុលភីត (dimethyl sulfide ឬ DMS) ក្នុងទម្រង់ព្រាលៗប៉ុណ្ណោះ។ តែឈានមកដល់ឆ្នាំ២០២៥ ពួកគេបានអះអាងពីសមាសធាតុមួយទៀតនោះគឺ ឌីមេទីល ឌីស៊ុលភីត (dimethyl disulfide ឬ DMDS) ហើយលើកនេះមិនដូចលើកមុនទេ ដោយក្រុមអ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា សញ្ញានៃវត្តមានជីវិតលើភព K2-18 b នោះបានផ្តល់មកយើងខ្លាំងក្លាបំផុត។

លទ្ធផលសង្កេតលើបរិយាកាសភព K2-18b ដោយ James Webb កាលពីឆ្នាំ២០២៣ (Image Credit: NASA/ESA/CSA)

តើសមាសធាតុ DMS និង DMDS នោះមានប្រភពមកពីណា? ចម្លើយគឺ ក្រុមអ្នកវិទ្យាសាស្ត្រមិនអាចឆ្លើយបាននោះទេ ព្រោះយើងត្រឹមប្រើប្រាស់ James Webb ដើម្បីសង្កេតភព K2-18b នោះពីចម្ងាយ ១២៤ឆ្នាំពន្លឺពីយើង ហើយរកឃើញ DMS និង DMDS ក្នុងបរិយាកាសភពនោះប៉ុណ្ណោះ។ ប៉ុន្តែ… ងាកមកកាន់ភពផែនដីយើងវិញ សមាសធាតុទាំង២មុខនេះមានតែពពួកមីក្រូជីវិតអតិសុខុមប្រាណ ក្នុងនោះមានដូចជាពពួកប្លង់តុង និងសារាយ (phytoplankton – algae) ប៉ុណ្ណោះ ដែលអាចបញ្ចេញវាទៅក្នុងបរិយាកាសបាន។

មិនសូវខុសពីលទ្ធផលសិក្សាដំបូងដោយ James Webb កាលពីឆ្នាំ២០២៣ទេ នោះគឺក្រុមអ្នកវិទ្យាសាស្ត្រក្នុងខែមេសា ឆ្នាំ២០២៥ មិនមែនកំពុងប្រកាសថា ភព K2-18 b នោះមាន «ជីវិត» រស់នៅឡើយ តែអ្វីដែលពួកគេអះអាងពេលនេះ គឺការស្វែងរកឃើញភស្តុតាងយ៉ាងច្បាស់លាស់ជាងមុន ឬមាំទាំជាងមុនអំពីសមាសធាតុ DMS ព្រមទាំង DMDS នៅលើភព K2-18 b ខណៈដែលកាលពីសិក្សាដំបូងនោះ គឺត្រឹមជាដានព្រាលៗនៃ DMS តែមួយប៉ុណ្ណោះ។

ជុំវិញលទ្ធផលសិក្សាបន្ថែមខាងលើនេះ អ្នកជំនាញខាងតារាសាស្ត្រ និងរូបសាស្ត្រ លោក Nikku Madhusudhan មកពីវិទ្យាស្ថានផ្នែកតារាសាស្ត្រ នៃសាកលវិទ្យាល័យ Cambridge បានគូសបញ្ជាក់ថា «នេះគឺជាការបំប្លែងការយល់ដឹងមួយដ៏ពិសេស នៅក្នុងការស្វែងរកជីវិតនៅភពផ្សេង ក្រៅពីប្រព័ន្ធព្រះអាទិត្យយើង ដែលយើងធ្លាប់ជំនះថា តើវាអាចទៅរួចឬអត់ក្នុងការស្វែងរកដាននៃជីវៈចំរុះ (biosignatures) នៅលើភពដែលជាបេក្ខភាពយើងសង្ស័យថាអាចឲ្យជីវិតរស់នៅ ជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្ន ដែលយើងមានដែរឬមួយក៏យ៉ាងណានោះ…»។

ទំហំភព K2-18 b (រូបតំណាង) ធៀបនឹងទំហំភពផែនដី (Image Source: NASA)

គួរបញ្ជាក់ថា ភព K2-18 b មានម៉ាសធ្ងន់ជាងផែនដី ៨.៦ដង និងអង្កត់ផ្ចិតវែងជាងផែនដី ២.៦ដង។ វាកំពុងគោចរក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) នៅជុំវិញផ្កាយ K2-18 ជាប្រភេទ Red Dwarf (ផ្កាយតូចពណ៌ក្រហម) ដែលមានទំហំតូច និងម៉ាសស្រាលជាងព្រះអាទិត្យយើង ហើយក៏មិនសូវភ្លឺដូចព្រះអាទិត្យយើងនេះដែរ។ នៅក្នុងប្រព័ន្ធផ្កាយ K2-18 នោះមានភពចំនួនហើយត្រូវបានរកឃើញនោះគឺ K2-18 b ដែលយើងកំពុងចាប់អារម្មណ៍នេះ និងភព K2-18 c ដែលមិនស្ថិតក្នុងតំបន់ habitable zone នោះទេ។

មានភស្តុតាងកាន់តែច្បាស់ហើយ! ភព K2-18 b មានឱកាសខ្ពស់អាចផ្ទុក «ជីវិត» (មានវីដេអូ)
រូបតំណាងភព K2-18 b (Image Credit: University of Cambridge / James Webb’s Team)

ទោះជាស្តាប់ទៅដូចជាពីរោះ និងកំពុងផ្តល់ក្តីសង្ឃឹមខ្លាំងក្លាជាងភព Exoplanets មួយចំនួនទៀតក្តី ក៏លោក Nikku Madhusudhan បានណែនាំថា «កុំទាន់អាលរំភើបពេក» ព្រោះយើងត្រូវការប្រើប្រាស់ James Webb ឬតេឡេស្កូបផ្សេងៗទៀត ដើម្បីសង្កេតរកវត្តមាន DMS និង DMDS យ៉ាងហោចណាស់ជាលើកទី និងទី បន្ថែមទៀត ដើម្បីឲ្យប្រាកដថា នៅក្នុងបរិយាកាសភពនោះ ពិតជាពោពេញដោយសមាសធាតុទាំង ប្រភេទនេះមែនឬក៏យ៉ាងណា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA via Reuters (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥)

480×240 Banner