បើសិនជា «ដាយណូស័រ មិនទាន់ផុតពូជ» តើភពផែនដីនឹងមានសភាពបែបណា?
(ភ្នំពេញ)៖ អាចចាត់ទុកថាជាសំនួរងាយស្រួលមួយ ប៉ុន្តែត្រូវការការបកស្រាយប្រកបដោយ លក្ខណៈវិទ្យាសាស្ត្រ និងទស្សនវិស័យពិតប្រាកដ បូករួមទាំងភស្តុតាងនានា មកបញ្ជាក់ឲ្យបានច្បាស់លាស់។ ពិតជាមិនងាយនោះឡើយ នៅក្នុងការប៉ាន់ស្មានអ្វីមួយ ដែលនឹងត្រូវកើតឡើងបន្ទាប់ពី ៦៥លានឆ្នាំមុន បើសិនជាមិនមានអាចម៍ផ្កាយបុកផែនដី ដែលធ្វើឲ្យជំនាន់ដាយណូស័រ អូសបន្លាយមកដល់ពេលបច្ចុប្បន្ននោះ។
តាមពិត Cambo Space ធ្លាប់ធ្វើការបកស្រាយម្តងរួចហើយ កាលពីពីរឆ្នាំមុន ប៉ុន្តែលើកនេះ បងប្អូនអាចបញ្ចេញមតិបាន ចំពោះអ្វីដែលខ្លួនយល់ឃើញ អំពីលទ្ធភាពនៃការវិវឌ្ឍន៍របស់ភពផែនដី នាពេលបច្ចុប្បន្ន ប្រសិនបើ ដាយណូស័រ បន្តវត្តមាននៃពូជពង្សរបស់ពួកគេនោះ។ អ្វីដែលយើងអាចស្មានបាននោះ គឺជីវិតមនុស្សប្រាកដជាគ្មាន ហើយវត្តមាននៃសត្វមួយចំនួនទៀត ជាពិសេសគឺការអភិវឌ្ឍបច្ចេកវិទ្យា និងអរិយធម៌ដ៏រុងរឿងនាពេលបច្ចុប្បន្ននេះ។
ជាក់ស្តែងបើតាមការសិក្សាផ្នែកវិទ្យាសាស្ត្រ ពូជពង្សរបស់មនុស្ស គឺបានវិវឌ្ឍន៍ចេញពីសត្វស្វាអង់ដ្រូប៉ូម័ក កាលពីរាប់លានឆ្នាំមុន ហើយបន្តកែប្រែរូបរាងទៅតាមបរិស្ថាន និងចំណីអាហារដែលពួកគាត់រស់នៅទទួលទាន រហូតមកទល់នឹងបច្ចុប្បន្ន។ ហេតុអ្វីក៏មនុស្សអាចអភិវឌ្ឍន៍ខ្លួនឯង និងភពផែនដីបាន? ចម្លើយបងប្អូនក៏អាចបកស្រាយបានដែរ នោះគឺរូបរាង និងអវៈយវៈ ដែលអំណោយផលពីធម្មជាតិ ជាពិសេសនោះ គឺវិចារណៈញ្ញាណតែម្តង។
យើងងាកទៅមើលជំនាន់ដាយណូស័រ កាលពីមុនពេលរលំរលាយ ៦៥លានឆ្នាំមុន ពពួកសត្វទាំងនោះ ភាគច្រើនគឺសាហាវ និងគិតតែពីការកាប់សម្លាប់សត្វដែលខ្សោយជាងវា ដើម្បីធ្វើជាចំណីអាហារ និងគ្រប់គ្រងតំបន់ដែលវាចង់បានប៉ុណ្ណោះ ហើយពួកវាគ្មានកាយសម្បទា និងអវៈយវៈអំណោយផល ដើម្បីអភិវឌ្ឍន៍អ្វី ដែលនៅជុំវិញខ្លួនវានោះឡើយ។ ខុសប្លែកពីស្វា អង់ដ្រូប៉ូម័ក ដែលព្យាយាមអភិវឌ្ឍន៍ខ្លួនយ៉ាងលឿន ពីការដើរជើងបួន រហូតដល់ជើងពីរ និងចេះបម្លាស់ទីស្វែងរកចំណី ហើយបុព្វបុរសយើងមានសារជាតិមិនសាហាវនោះឡើយ។
សរុបសេចក្តីនៃសំនួរខាងលើនេះ គឺផែនដីរបស់យើង ប្រាកដជាគ្មានការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ ប្រសិនបើជំពូកសត្វដាយណូស័រ នៅតែបន្តមានវត្តមាននៅលើផែនដីនោះ ហើយពូជពង្សមនុស្ស ក៏មិនអាចរីកដុះដាលបាន ឬមានវត្តមាន នៅក្នុងសម័យស៊ីសាច់ជាអាហារ ដូចជាជំនាន់ដាយណូស័រនោះឡើយ។ បន្ថែមពីនេះផែនដីអាចនឹងសម្បូរទៅដោយ សត្វដាយណ័រ ឬក៏អាចមានសត្វសាហាវផ្សេងទៀត មកជំនួសពួកវាក៏ថាបាន។
គួរបញ្ជាក់ថា ការបកស្រាយទាំងអស់ គឺគ្រាន់តែជាការសន្មត់របស់យើងខ្ញុំ ក្រោយពីបានធ្វើការប្រមូលផ្តុំ និងអានឯកសារពាក់ព័ន្ធនានាប៉ុណ្ណោះ ប៉ុន្តែបើសិនជាបងប្អូនអាចមានគំនិតដែលអាចទទួលយកបាន ប្រសើរជាងនេះទៀតនោះ បងប្អូនអាចធ្វើការបញ្ចេញយោបល់បាន ដើម្បីការត្រិះរិះ និងពិចារណាទាំងអស់គ្នា៕
អត្ថបទដោយ៖ Cambo-Space