ដាក់ដេញថ្លៃ «ដុំថ្មភពអង្គារ» ក្នុងតម្លៃរាប់លានដុល្លារ… ប៉ុន្តែឈប់សិន! ហេតុអ្វីគេដឹងថាវាមកពីភពអង្គារ? (មានវីដេអូ)
(បរទេស)៖ ថ្មីៗនេះមានការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយថា ថ្មមួយដុំដែលគេអះអាងថា មានប្រភពដើមមកពីភពព្រះអង្គារ (Mars) នោះនឹងត្រូវដាក់ឲ្យដេញថ្លៃជាសាធារណៈ ដោយចាប់ផ្តើមពីតម្លៃ «៤លានដុល្លារសហរដ្ឋអាមេរិក» ហើយកម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅកន្លែងដេញថ្លៃមួយឈ្មោះ Sotheby’s auction ស្ថិតក្នុងទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today។
ថ្មដែលនឹងត្រូវដាក់ឲ្យដេញថ្លៃនេះ គឺត្រូវបានចាត់ទុកថាដុំថ្មមានប្រភពដើមពីភពអង្គារ (Martian meteorite) ដែលមានលេខសម្គាល់ NWA 16788។ ថ្មនេះមានទំហំធំបំផុតមិនធ្លាប់មាន ហើយអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិវាបាន ប្រសិនបើដេញថ្លៃបានសម្រេច។ លោកអ្នកក៏មិនបាច់ត្រូវភ័យព្រោះដែរ ព្រោះដុំថ្មនេះត្រូវបានទទួលស្គាល់ថា ពិតជាមានប្រភពមកពីភពអង្គារប្រាកដមែន ដោយត្រូវបានទទួលស្គាល់ដោយស្ថាប័ន Meteoritical Society ដែលមានជំនាញខ្ពស់ក្នុងវិស័យនេះ។

- តើគេអាចដឹងថា ដុំថ្មនោះមកពីភពអង្គារដោយរបៀបណា?
មនុស្សស្ទើរគ្រប់គ្នាប្រាកដជាឆ្ងល់ចំពោះចំណុចនេះ ប៉ុន្តែយើងគួរមកស្គាល់ដុំថ្មភពអង្គារនេះសិន។ NWA 16788 មានទម្ងន់ ២៥គីឡូក្រាម និងមានទំហំ ១៥អ៊ីញ X ១១អ៊ីញ X ៦អ៊ីញ។ ថ្មនេះត្រូវបានរកឃើញនៅតំបន់វាលខ្សាច់ Agadez នៃប្រទេសនីហ្សេ (Niger) ដែលស្ថិតក្នុងតំបន់វាលខ្សាច់សាហារ៉ា (Sahara) ផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នេះមិនមែនជាលើកទី១នោះទេ ដែលមនុស្សលោកលើភពផែនដីបានរកឃើញ និងរក្សាទុកដុំថ្មដែលមានប្រភពមកពីភពអង្គារ ហើយក្រុមអ្នកស្រាវជ្រាវនៃស្ថាប័នអន្តរជាតិ Meteoritical Society អាចកំណត់ប្រភពដើមថ្មទាំងនោះបាន តាមរយៈការសង្កេតភាពសំបូរបែបនៃអ៊ីសូតូបដ៏កម្រជាច្រើននៅក្នុងថ្មទាំងនោះ ហើយវាត្រូវស្របនឹងអ្វីដែលកំពុងមានស្រាប់លើភពអង្គារ ដែលមនុស្សបានយល់ដឹងកន្លងមក តាមរយៈយានស្រាវជ្រាវជាច្រើននៅទីនោះ។
សម្រាប់ពពួកអ៊ីសូតូប (isotopes) ឬសមាសធាតុគីមីនានាកកជាប់ក្នុងដុំថ្ម ដែលអាចឲ្យគេវិភាគយ៉ាងច្បាស់ថា មានប្រភពដើមពីភពអង្គារនោះមានដូចជា ណេអុង (neon), អាហ្គុង (argon), ហ្សីណុង (xenon) និងគ្រីបតុង (krypton) ជាដើម ហើយសមាសធាតុទាំងអស់នេះ ត្រូវគ្នាទាំងស្រុងនឹងសមាសធាតុផ្សំនៃបរិយាកាសភពព្រះអង្គារតែម្តង។

- ចម្ងល់មួយទៀត! តើវាមកដល់ផែនដីដោយវិធីណា?
សម្រាប់ដុំថ្មភពអង្គារឈ្មោះ NWA 16788 ឬសូម្បីតែអាមួយមុនគឺ EETA 79001 ត្រូវបានក្រុមអ្នកស្រាវជ្រាវកំណត់ថា បានខ្ទាតចេញពីភពអង្គារមកធ្លាក់លើផែនដី ក្រោយពេលដែលភពអង្គាររងការវាយប្រហារដោយអាចម៍ផ្កាយដ៏កក្រើក ដែលធ្វើឲ្យដុំថ្មលើផ្ទៃភពនោះខ្ទាតចេញពីភពហើយរសាត់អណ្តែតទៅកាន់ទីអវកាសជុំវិញ និងរហូតមកដល់ធ្លាក់លើភពផែនដី។
ក្រុមអ្នកវិទ្យាសាស្ត្រថែមទាំងបានជឿជាក់ទៀតថា ថ្មភពអង្គារ NWA 16788 ទំនងជាបានធ្លាក់មកលើផែនដី នាប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ ក្រោយពីពួកគេបានពិនិត្យឃើញបម្រែបម្រួលកម្រិតស្រាលលើផ្ទៃថ្ម ដែលបង្កឡើងដោយបរិយាកាសរបស់ផែនដី។ យោងតាម Meteoritical Society ក្នុងចំណោមដុំថ្មអវកាស (meteorites) ឬជាភាសាសាមញ្ញៗយើងហៅថា «អាចម៍ផ្កាយ» សរុបចំនួន ៧៧,០០០ដុំ ដែលបានទទួលការសិក្សា និងវិភាគកន្លងមកនោះ ចំនួនប្រមាណតែ ៤០០ដុំប៉ុណ្ណោះ ត្រូវបានគេរកឃើញថា មានប្រភពដើមពីភពអង្គារ។
គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថា ភពអង្គារត្រូវបានអាចម៍ផ្កាយធំមួយបុកធំ កាលពីខ្ទង់ ១១លានឆ្នាំមុន ហើយប្រការនេះត្រូវបានគេជឿជាក់ថា បានបង្កឲ្យខ្ទាតចេញនូវកម្ទេចកម្ទីថ្មជាច្រើនដុំទៅកាន់ទីអវកាស និងរហូតខ្លះគោចរមកធ្លាក់លើភពផែនដី។ សម្រាប់ដុំថ្មភពអង្គារដំបូងដែលមានក្នុងកំណត់ត្រាលើផែនដីនោះ មានឈ្មោះថា Lafayette Meteorite ដែលត្រូវបានរកឃើញកាលពីឆ្នាំ១៩២៩ និងយកទៅរក្សាទុកនៅឯសាកលវិទ្យាល័យ Purdue នៃរដ្ឋ Indiana សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៣១ ហើយក្រោយមកត្រូវបានគេរកឃើញថា វាមានប្រភពមកពីភពអង្គារ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ USA Today (ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥)
