អ្នកជំនាញព្រមាន៖ រដ្ឋចំនួន៦នៃប្រទេសម៉ាឡេស៊ី កំពុងប្រឈមនឹងគ្រោះរញ្ជួយដី… (មានវីដេអូ)

124

(បរទេស)៖ ដោយសារតែបានជួបប្រទះគ្រោះធម្មជាតិរញ្ជួយដីតិចៗនៅរដ្ឋ ចូហ័រ (Johor) នាអំលុងពេល២ខែចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមធ្វើការការសិក្សាយ៉ាងលម្អិត ទៅលើតំបន់នានាដែលអាចឲ្យគ្រោះធម្មជាតិនេះលេចឡើងក្នុងកម្រិតខ្ពស់ ហើយនៅទីបំផុតចម្លើយបឋមបានចេញមកហើយ។

(សូមប្រិយមិត្តជួយចុច Subscribe ឆាណែលថ្មីនេះផង)

ទីភ្នាក់ងារសិក្សាអំពីបម្រែបម្រួលភូមិសាស្ត្រ នៃរដ្ឋាភិបាលម៉ាឡេស៊ីបានរកឃើញថា រដ្ឋចំនួន៦ដូចជា ប៉ាហាង (Pahang), ទែរែងហ្គានូ (Terengganu), ភែរ៉ាក (Perak) និង ណេហ្គេរី សឹមប៊ីឡេន (Negeri Sembilan) ស្ថិតនៅឧបទ្វីបម៉ាឡេស៊ីជាប់ប្រទេសថៃ និងរដ្ឋ សាបាហ៍ (Sabah) និងសារ៉ាវ៉ាក (Sarawak) ស្ថិតនៅដែនដីម៉ាឡេស៊ីជាប់ប្រទេសឥណ្ឌូណេស៊ី ឬនៅលើកោះធំ ប័រណេអូ (Borneo) ដែលមានប្រទេសព្រុយណេនៅក្នុងនោះដែរ គឺជាតំបន់ដែលងាយរងគ្រោះរញ្ជួយដីខ្លាំងគេប្រចាំប្រទេសនេះ។

លទ្ធផលសិក្សាខាងលើនេះ បានមកពីការរួមគ្នាសិក្សារវាងក្រសួងគាំពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងក្រសួងរ៉ែ និងវិទ្យាសាស្ត្រភូមិសាស្ត្រ (JMG) របស់ម៉ាឡេស៊ី ដែលត្រូវបានបញ្ចេញជាបឋមកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ហើយក្នុងនោះមន្ត្រីជំនាញម៉ាឡេស៊ីបានរកឃើញ និងគូសវាសផែនទីនៃតំបន់ប្រេះស្រាំសំបកផែនដី (fault) នៅតាមរដ្ឋចំនួន៦ដូចបានរៀបរាប់ខាងលើ ដែលងាយប្រឈមមុខនឹងគ្រោះរញ្ជួយដី។

អ្នកជំនាញព្រមាន៖ រដ្ឋចំនួន៦នៃប្រទេសម៉ាឡេស៊ី កំពុងប្រឈមនឹងគ្រោះរញ្ជួយដី… (មានវីដេអូ)
(Image Source: NHESS)

ក្រុមមន្ត្រីជំនាញម៉ាឡេស៊ីបានព្យាយាមយ៉ាងខ្លាំង នៅក្នុងការសិក្សាជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិរបស់ខ្លួន ដើម្បីឈ្វេងយល់អំពីចលនាតិចតូនិចនៅក្នុងតំបន់ទាំងនោះ និងប្រវត្តិដែលរំញ័រធ្លាប់បានកើតមាន ព្រមទាំងតំបន់មានស្នាមប្រេះនៃសំបកផែនដី (fault) ដោយស្ថិតនៅក្នុងន័យជួយពួកគេឲ្យធ្វើការព្យាករណ៍ដ៏ត្រឹមត្រូវ អំពីគ្រោះធម្មជាតិរញ្ជួយដីទៅថ្ងៃមុខ។

មិនត្រឹមតែរដ្ឋទាំង ៦ ខាងលើនេះប៉ុណ្ណោះទេ អាជ្ញាធរ និងក្រុមអ្នកជំនាញម៉ាឡេស៊ី ក៏កំពុងត្រួតពិនិត្យអំពីលទ្ធភាពដែលរញ្ជួយដី អាចកើតមាននៅរដ្ឋផ្សេងៗទៀត ក្នុងចំណោមរដ្ឋទាំង ១៣ របស់សហព័ន្ធម៉ាឡេស៊ី។ ថវិកាប្រមាណជាង ៧សែនដុល្លារអាមេរិក ក៏ត្រូវបានសភានៃសហព័ន្ធម៉ាឡេស៊ីអនុម័តរួចហើយដែរ ដើម្បីកសាងស្ថានីយតាមដានគ្រោះរញ្ជួយដីចំនួននៅក្នុងរដ្ឋ Johor ខណៈស្ថានីយប្រភេទនេះចំនួន ១២ទៀត កំពុងស្ថិតក្នុងគម្រោងសិក្សា និងសាងសង់ នៅតាមបណ្តារដ្ឋមួយចំនួនទៀតដែលប្រឈមមុខបញ្ហានេះខ្លាំងជាងគេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតខ្សោយ និងមធ្យមត្រូវបានគេចាប់បាន នៅក្នុងអំលុងពេល ២ខែចុងក្រោយនេះដែលមានកម្រិត 2.5 ទៅ 4.1 magnitudes នៅរដ្ឋ Johor កាលពីចុងខែសីហា ឆ្នាំ២០២៥ និងថ្មីៗនេះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្រិត 3.5 magnitude នៅតំបន់មួយចម្ងាយ ២៥km ពីក្រុង បាទូ ប៉ាហាត (Batu Pahat) របស់រដ្ឋដដែល។ ក្រុមអ្នកជំនាញម៉ាឡេស៊ីបានអះអាងថា គ្រោះរញ្ជួយដីទាំងអស់នេះ មានជាប់ពាក់ព័ន្ធនឹងតំបន់ប្រេះស្រាំ មើស៊ីង (Mersing Fault)

ទោះបីជារញ្ជួយដីខាងលើនេះមានកម្រិតខ្សោយ និងមធ្យមក៏ពិតមែន តែប្រជាជនដែលរស់នៅតំបន់មួយចំនួនដូចជា សេហ្គាម៉ាត់ (Segamat), យ៉ុងផេង (Yong Peng) និង ឃ្លួង (Kluang) ជាដើម បានអះអាងថា ពួកគេបានទទួលអារម្មណ៍នៃការញ័ររញ្ជួយដី។ យ៉ាងណាក៏ដោយ នៅក្នុងការបកស្រាយមួយក្នុងសភាម៉ាឡេស៊ី ក្រុមជំនាញបានអះអាងថា ទោះបីជាមានការកម្រើកតិចតួចនៃតំបន់ប្រេះស្រាំ Mersing Fault (ភាគខាងលិចរដ្ឋ Johor) ក៏តំបន់ Segamat ឬសូម្បីតែរដ្ឋ Johor ទាំងមូលស្ថិតនៅក្នុងតំបន់សុវត្ថិភាពនៅឡើយ។

ចំពោះសំនួរដែរថា តើម៉ាឡេស៊ីអាចប្រឈមមុខនឹងគ្រោះរញ្ជួយដីកម្រិតធ្ងន់ដែរឬទេ? ចម្លើយគឺ៖ «ប្រាកដណាស់» ព្រោះប្រទេសនេះស្ថិតនៅក្បែរតំបន់ដែលមានសកម្មភាពញ័ររញ្ជួយដីច្រើន មិនមែនត្រឹមតែតំបន់ខ្សែក្រវាត់ភ្លើង (Ring of Fire) នៃតំបន់ប៉ាស៊ីហ្វិកនោះឡើយ។ ទោះបីជាមិនមានប្រវត្តិរងគ្រោះធ្ងន់ធ្ងរ ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ តែម៉ាឡេស៊ីស្ថិតនៅជាប់ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលជាដែនដីតែងរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរ។

(Image Source: Strait Times)

ក្រុមអ្នកជំនាញបានព្រមានថា តំបន់ Sebah របស់ម៉ាឡេស៊ីមានហានិភ័យខ្ពស់ជាងគេទៅនឹងគ្រោះរញ្ជួយដី រួចបន្ទាប់មកទើបឧបទ្វីបម៉ាឡេស៊ី ដូច្នេះអាជ្ញាធរត្រូវតែបង្កើនការត្រៀមខ្លួនចំពោះមហន្តរាយនៅថ្ងៃអនាគត ក្នុងនោះមានដូចជាការសាងសង់អគារដែលអាចទប់ទល់រញ្ជួយដី និងការហ្វឹកហ្វឺនជំនាញសង្គ្រោះបន្ទាន់ ពេលមានរញ្ជួយដីកើតឡើងភ្លាមៗជាដើម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CNA (ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥)

480×240 Banner