ប្រទេសទាំង ១០ នេះមានផ្ទៃដីធំណាស់ តែអត់មានព្រំដែនជាប់​សមុទ្រទេ! តើធំដល់​កម្រិតណាទៅ?

151

(បរទេស)៖ សម្រាបប្រទេសមួយ ដែលអាចហៅថា Landlocked គឺជាជាបណ្តា​ប្រទេស​នៅជុំវិញពិភពលោក ដែលមានព្រំដែន​ត្រូវហ៊ុនព័ទ្ធ​ទាំងស្រុង​ ដោយ​ប្រទេស​ដទៃៗទៀត ពោលគឺប្រទេសទាំងនោះ ពុំមានច្រកព្រំដែន​ភ្ជាប់ទៅនឹងដែន​សមុទ្រនោះឡើយ។ ដោយឡែក ប្រទេស​មួយ​​ចំនួនទៀត ទោះបីជាមាន​សមុទ្រក៏ដោយ នៅតែត្រូវចាត់ទុកថា ប្រទេស Landlocked ដដែល ប្រសិនបើសមុទ្រទាំងនោះ ​​​​មិនផ្តល់​ការចេញចូលទៅ​កាន់មហាសមុទ្រ​បើកចំហ ណាមួយ​ដដែលទេនោះ។

សព្វថ្ងៃ​មានវត្ត​មានប្រទេសចំនួន ៤៤ នៅលើពិភពលោក ដែលពុំមានចក្រ​ចេញចូលទៅកាន់​សមុទ្របើក​ចំហឡើយ។ ​​​នៅទ្វីប​អា​មេរិក​ខាងជើង និងទ្វីបអូស្រ្តាលី គឺពុំមានវត្តមាន​នៃប្រទេស Landlocked ឡើយ ខណៈប្រទេសគ្មាន​ព្រំដែនសមុទ្រ​​ភាគ​ច្រើន ពោល​គឺដល់ទៅ ១៨ប្រទេស ស្ថិតនៅទ្វីបអាហ្រ្វិក។ ចំណែកនៅ​ទ្វីបអឺរ៉ុបវិញ គឹមាន ១៣ប្រទេស និងនៅទ្វីប​អាស៊ីមាន ១២ប្រទេស​ ស្របពេលដែល​ទ្វីបអាមេរិក​ខាងត្បូង មានត្រឹម ០២ប្រទេស។

ខាងក្រោមនេះ គឺជា​បញ្ជីនៃ​ប្រទេសគ្មានព្រំដែន​ជាប់សមុទ្រ ដ៏ធំជាងគេទាំង ១០ នៅលើពិភពលោក៖

១. កាហ្សាក់ស្ថាន គឺជា​ប្រទេស​ Landlocked ដ៏ធំមានគេបង្អស់ ដែលមានផ្ទៃដី​ទំហំសរុប ២,៧២៤,៩០០គីឡូម៉ែត្រក្រឡា ហើយវា​ត្រូវហ៊ុមព័ទ្ធ​ដោយប្រទេស​ចំនួន ០៥ រួមមាន ចិន, កៀរហ្សីស៊ីស្ថាន (Kyrgystan), រុស្ស៊ី, តួកមេនីស្ថាន (Turkmenistan), និង អូបេគីស្ថាន។

២. ម៉ុងហ្គោលី គឺជាប្រទេស Landlocked ដ៏ធំទី០២បន្ទាប់ពី​កាហ្សាក់ស្ថាន ដែលមានផ្ទៃដីទំហំ ១,៥៦៦,៥០០គីឡូម៉ែត្រក្រឡា ហើយវាត្រូវបានហ៊ុមព័ទ្ធ​ដោយប្រទេស​រុស្ស៊ី និង ចិនប៉ុណ្ណោះ ។

៣. ឆាដ គឺជា​ប្រទេស Landlocked ធំទី០៣ ដែលមាន​ទំហំ​ ១,២៨៤,០០០គីឡូម៉ែត្រក្រឡា និងហ៊ុមព័ទ្ធ​​ដោយ​ លីប៊ី, ស៊ូដង់, សា​ធា​រណ​រដ្ឋ​​អាហ្រ្វិកកណ្តាល, កាមេរូន, នីហ្សេរីយ៉ា, និង នីហ្សេ។

៤. នីហ្សេ គឺជាប្រទេស Landlocked ដ៏ធំលំដាប់​ថ្នាក់ទី០៤ ដែលមានផ្ទៃដីលាត​សន្ធឹងទំហំ​១,២៦៧,០០០គីឡូម៉ែត្រក្រឡា និង​​ស្ថិត​នៅ​ចន្លោះ​ អាល់ហ្សេរី, ​ប៊ីនីន (Benin), ប៊ើគីណា ហ្វាសូ (Burkina Faso), ឆាដ (Chad), លីប៊ី, ម៉ាលី, និង នីហ្សេរីយ៉ា។

៥. ម៉ាលី គឺជា​ប្រទេស Landlocked ខ្នាតធំទី០៥ ដែលមានទំហំ ១,២៤០,១៩២​គីឡូម៉ែត្រ​ក្រឡា និងហ៊ុមព័ទ្ធ​ដោយ​ អាល់ហ្សេរី, ប៊ើគីណា ហ្វាសូ (Burkina Faso), កូឌីវ័រ (Cote d’ lvoire), ហ្គីណេ (Guinea), មូរីតានា (Mauritania), នីហ្សេ, និង សេនីហ្កាល់។

៦. អេត្យូពី គឺជាប្រទេស Landlocked ធំទី០៦ ដែលមានផ្ទៃដីទំហំ ១,១០៤,៣០០​គីឡូម៉ែត្រក្រឡា និងហ៊ុមព័ទ្ធ​​ដោយ​ជីប៊ូទី, អេរីទ្រា (Eritrea), កែនយ៉ា, សូម៉ាលី, និង ស៊ូដង់។

៧. បូឡាវី ដែលមានទំហំ ១,០៩៨,៥៨១គីឡូម៉ែត្រក្រឡា គឺជាប្រទេស Landlocked ធំជាងគេបង្អស់ នៅក្រៅក្រុមទ្វីបអាស៊ី និង​អាហ្រ្វិក និងមានប្រទេស​សរុបចំនួន ០៥ នៅព័ទ្ធជុំវិញ រួមមានដូចជា អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៉ារ៉ាហ្កាយ និង ប៉េរូ។​

៨. ហ្សាមបៀ ជាមួយផ្ទៃដីទំហំ​ ៧៥២,៦១២គីឡូម៉ែត្រក្រឡា ដែលឈរនៅលេខ​រៀងទី០៨ ស្ថិតនៅចន្លោះប្រទេស​អាហ្រ្វិកចំនួន​០៨ រួមមាន អាន់ហ្កូឡា (Angola), សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ, ម៉ាឡាវី (Malawi), ម៉ូហ្សំប៊ីក (Mozambique), ណាម៊ី​បៀ (Namibia), តង់ហ្សានី, ហ្ស៊ីមបាវេ, និង បូតស្វាណា (Botswana)។

៩. អាហ្វហ្គានីស្ថាន ដែលជាប្រទេស Landlocked ធំទី០៩ លើលោក មានផ្ទៃដី ៦៥២,២៣០គីឡូម៉ែត្រក្រឡា ត្រូវហ៊ុមព័ទ្ធដោយ​ចិន, ប៉ាគីស្ថាន, តាជីគីស្ថាន, តួកមេនីស្ថាន (Turkmenistan), អូបេគីស្ថាន, និង ឥណ្ឌា។

១០. ចុងក្រោយ សាធារណរដ្ឋអាហ្រ្វិកកណ្តាល គឺជាប្រទេស Landlocked ដ៏ធំទី១០ ដែលមានទំហំ ៦២២,៩៨៤គីឡូម៉ែត្រ​ក្រឡា ដោយប្រទេសនេះ​ត្រូវបានហ៊ុមព័ទ្ធដោយ​ប្រទេសអាហ្រ្វិក​ចំនួន ០៦ផ្សេងទៀត រួមមាន កាមេរូន​, ឆាដ, ស៊ូដង់, ស៊ូដង់ខាងត្បូង, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និងសាធារណរដ្ឋ​កុងហ្គោ៕

480×240 Banner