Facebook កំពុងអនុវត្តន៍ «កម្មវិធីកម្ចាត់គណនី Fake ទ្រង់ទ្រាយធំ» ដែលអាចប្លុកគណនីរាប់លានរៀងរាល់ថ្ងៃ…
(វ៉ាស៊ីនតោន)៖ បណ្តាញសង្គមយក្សរបស់អាមេរិក Facebook បានប្រកាសថា ខ្លួនបានដាក់ចេញនូវមុខងារថ្មីៗ ដើម្បីការពារអ្នកប្រើប្រាស់ពីការរំខានផ្សេងៗ ក៏ដូចជាការទាក់ទង ដែលពួកគេមិនចង់បានពីអ្នកដទៃ។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី អានទីហ្គន ដាវីស (Antigone Davis) ប្រធានផ្នែកសុវត្ថិភាពរបស់ Facebook បានលើកឡើងនៅក្នុងវែបសាយផ្លូវការ របស់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះថា Facebook កំពុងដាក់ចេញនូវមុខងារថ្មីៗ ដែលអាចរកឃើញ និងទប់ស្កាត់ទំនាក់ទំនងបែបរំខានផ្សេងៗ រួមមាន «ការស្នើសុំធ្វើមិត្ត» និង «ការផ្ញើសារ» ពីអ្នកប្រើប្រាស់ ដែលត្រូវបានប្លុកម្តងរួចមកហើយ ដែលអាចធ្វើការព្យាយាមសាជាថ្មីម្តងទៀត តាមរយៈការបង្កើតគណនីថ្មី។
លោកស្រី Davis បានបន្តថា ជាមួយមុខងារថ្មីៗទាំងអស់នេះ អ្នកប្រើប្រាស់ Facebook មានលទ្ធភាពអាចមិនរវីលរវល់នឹងការសន្ទនារបស់ Messenger ណាមួយបាន ដែលនឹងត្រូវយកចេញទៅក្រៅ Inbox របស់អ្នកប្រើប្រាស់ ដោយពុំចាំបាច់ប្លុកអ្នក ដែលផ្ញើមកឡើយ។
ជាមួយគ្នានេះ បើតាមលោកស្រី Davis មុខងារស្វ័យប្រវត្តិទាំងនេះអាចជួយដល់ក្រុមការងារ Facebook ក្នុងការស្វែងរកគណនីមិនពិត បានឆាប់រហ័សជាងមុន ហើយប្លុកគណនីទាំងនោះរាប់លានគណនី នៅពេលចុះឈ្មោះជារៀងរាល់ថ្ងៃតែម្តង។
លោកស្រី Antigone Davis បានបញ្ជាក់ថា ក្រុមហ៊ុន Facebook បាននិងកំពុងខិតខំឥតឈប់ឈរ ដើម្បីកសាងសហគមន៍មានសុវត្ថិភាពមួយ ដែលមនុស្សរាល់គ្នាអាចគ្រប់គ្រងទៅលើ អ្វីដែលពួកគេចង់ចែករំលែក នរណាដែលពួកគេចង់ចែករំលែកជាមួយ និងនរណាដែលអាចធ្វើទំនាក់ទំនងជាមួយពួកគេបាន៕