អន្តរាយ! កម្តៅពិភពលោកស្ទុះឡើងយ៉ាងគំហុក «ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦…»
(អាមេរិក)៖ កម្រិតសីតុណ្ហភាពលើផ្ទៃពិភពលោក កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ មានការស្ទុះឡើងជាខ្លាំង ដែលប្រការនេះធ្វើកម្រិតកម្តៅសរុបនៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ១៩០០មក កើនឡើងជាង ២៥ភាគរយ ក្នុងរយៈពេលត្រឹម ០៣ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
កម្រិតសីតុណ្ហភាពលើផ្ទៃដីជាមធ្យមនៃភពផែនដី បានហក់ឡើងប្រមាណ ០.៩អង្សាសេ ដោយគិតចាប់ពីឆ្នាំ១៩០០ រហូតដល់ ឆ្នាំ២០១៣។ តាមរយៈការវិភាគទៅលើកំណត់ត្រាផ្សេងៗ ស្តីពីសីតុណ្ហភាពពិភពលោក Jianjun Yin ដែលជាអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យអារីហ្សូណា នៃសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារ បានរកឃើញថា នៅចុងឆ្នាំ២០១៦ កម្រិតសីតុណ្ហភាពលើផ្ទៃភពរបស់យើង ក៏បានកើនឡើង ០.២៤ភាគរយ បន្ថែមទៀត។
ប្រការនេះពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដែលបរិយាកាសនៃភពផែនដី អាចកើនឡើងកម្តៅយ៉ាងច្រើន ក្នុងរយៈពេលយ៉ាងខ្លីបែបនេះ។ ម៉្យាងវិញទៀត បើតាមការសង្កេត ការស្ទុះឡើងនៃកម្រិតកម្តៅ កាលពីឆ្នាំ២០១៤ និង២០១៦នេះ គឺចំពេលកើតមានព្រឹត្តិការណ៍អាកាសអាក្រក់ទូទាំងពិភពលោក រួមមានរលកកម្តៅ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការរំលាយផ្ទាំងទឹកកកធំៗនៅតំបន់ប៉ូលជាដើម។
គួរបញ្ជាក់ថា ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញបានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រនឹងកើនឡើង ហើយទីក្រុងជាប់ ឬក្បែរឆ្នេរសមុទ្រ និងតំបន់ឆ្នេរនានានឹងរងការជន់លិចខ្លាំង លើសមុនទ្វេដងទៅទៀត ខណៈតំបន់រិតតែច្រើន នឹងប្រឈមមុខគ្រោះរាំងស្ងួតរឹតតែខ្លាំង។
បន្ថែមពីលើគ្រោះរាំងស្ងួត តាមការសិក្សារបស់អ្នកជំនាញសកល ទឹកជំនន់ដែលបង្កឡើងដោយនីវ៉ូទឹកសមុទ្រកើនឡើង ដែលជាគ្រោះមហន្តរាយនៃការកើនឡើងកម្តៅពិភពលោកនោះ គឺជារឿងមិនអាចបកក្រោយនោះឡើយ ហើយសម្រាប់ដែនកោះតូចៗនានា ឬប្រទេសដីកោះមួយចំនួន ពិតណាស់ថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕