ប្រទេសចិន «គ្រោងបិទរោងចក្ររាប់ពាន់កន្លែង ឲ្យបាននៅឆ្នាំ២០២០» ព្រោះការបំពុលហួសកម្រិតប្រកាសអាសន្នហើយ
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបិទក្រុមហ៊ុនដំឡើងសម្ភារៈចំនួន ១,០០០កន្លែង រួមជាមួយមជ្ឈមណ្ឌលទីផ្សារ និងឡូជីស្ទីក ៣០០កន្លែងផ្សេងទៀត ឲ្យបាននៅត្រឹមឆ្នាំ២០២០ ដើម្បីបើកផ្លូវសម្រាប់គោលដៅសមាហរណកម្ម នៃទីក្រុងប៉េកាំង-ធានជីន-ហេប៊ៃ គេចចេញពីការបំពុលដែលកាន់តែលើសកម្រិតប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ដោយឡែក សម្រាប់ឆ្នាំ២០១៨នេះ ទីក្រុងប៉េកាំង នឹងបិទក្រុមហ៊ុនដំឡើងសម្ភារៈប្រមាណ ៥០០កន្លែង ព្រមទាំងមជ្ឈមណ្ឌលទីផ្សារនិងឡូជីស្ទីកចំនួន ១៧៦កន្លែង ហើយធ្វើការផ្លាស់ប្តូរមហាវិទ្យាល័យ ក៏ដូចជាមន្ទីរពេទ្យមួយចំនួនទៀត ទៅកាន់ជាយក្រុងវិញដើម្បីគេចចេញពីការបំពុល និងចរាចរណ៍ដ៏កកស្ទះ។ នេះបើតាម លោក Liu Bozheng អនុប្រធាននៃការិយាល័យទីក្រុងប៉េកាំង ដែលទទួលបន្ទុកលើការធ្វើសមាហរណកម្មតំបន់ ប៉េកាំង-ធានជីង-ហេប៊ៃ។
គួរជម្រាបថា កាលពីឆ្នាំ២០១៥ ប្រទេសចិន បានដាក់ចេញនូវគម្រោងរយៈពេល ០៣ឆ្នាំ សម្រាប់ការអភិវឌ្ឍ ដោយរួមបញ្ចូលគ្នានូវទីក្រុងប៉េកាំង ធានជីង (Tianjing) និង ហេប៊ៃ (Hebei) ដែលជាយុទ្ធសាស្រ្តមួយ ដើម្បីធ្វើឲ្យមានតុល្យភាពនៃការអភិវឌ្ឍតំបន់ទាំងបី។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង បានសម្រេចការងារប្រមាណ៩៩០មុខហើយ ដើម្បីលើកស្ទួយការអភិវឌ្ឍជារួម នៅក្នុងតំបន់ទាំងនេះ។
សម្រាប់ប្រទេសចិន ជាពិសេសទីក្រុងប៉េកាំងតែម្តង សារធាតុពុលបញ្ចេញពីរោងចក្រ និងការកកស្ទះចរាចរណ៍ ពិតជាចំណោទដ៏ធំបំផុត នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកំណើតនៃការអភិវឌ្ឍ និងចំនួនប្រជាជនច្រើនជាង ២១លាននាក់។ កាលពីពេលថ្មីៗកន្លងទៅ អ្នកជំនាញបានព្រមានថា ទីក្រុងប៉េកាំង និងស្រុតចូលទៅក្នុងដី ប្រសិនបើការសាងសង់អគារ កំណើនប្រជាជន និងជាពិសេសការបូមទឹកក្រោមដីយកមកប្រើប្រាស់ នៅតែមិនព្រមកាត់បន្ថយទេនោះ៕