០៥ ចំណុចធំៗនេះ! បើអនុវត្តន៍មិនបានទេ ផែនដីនឹងរលាយកាន់តែឆាប់!
(ភ្នំពេញ)៖ ពិតណាស់ថា មហាអំណាចនានាកាន់តែបង្ហាញភាពគគ្លើន និងបង្កើនឥទ្ធិពលដាក់គ្នាទៅវិញទៅមក ដើម្បីរក្សាការពារអំណាចរបស់ពួកគេ ក៏ដូចជាគំរាមសត្រូវរបស់ខ្លួនមិនឲ្យបង្កើនឥទ្ធិពលជ្រុលហួស លើសពីដែនកំណត់។ នេះជាសិទ្ធិរបស់មហាអំណាច ទាំងនោះ ប៉ុន្តែវាក៏ជាក្តីព្រួយបារម្ភរឹតតែខ្លាំង សម្រាប់មនុស្សលោកជារួមផងដែរ ព្រោះថា ការបណ្តែតបណ្តោយឲ្យបញ្ហានានាកាន់តែរីកធំ និងការមិនសូវខ្វាយខ្វល់ខ្លាំងពីបរិស្ថាន នោះពិតណាស់ថា ជីវិតនៅលើផែនដី ឬ សូម្បីតែផែនដីទាំងមូល នឹងអាចរលំរលាយកាន់តែឆាប់ជាមិនខាន។
ការពិតដំណោះស្រាយមិនមែនគ្មាននោះទេ ហើយបើនិយាយឲ្យងាយ និងឆាប់យល់នោះ គឺដំណោះស្រាយភាគច្រើន តែងតែជាការកាត់សាច់ខ្លួនឯង ឬធ្វើឲ្យអ្នកចូលរួមដោះស្រាយបញ្ហានោះ ត្រូវតែហ៊ានលះបង់ប្រយោជន៍របស់ខ្លួន តួយ៉ាងដូចជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ នោះឯង គឺសមាជិកទាំងអស់ ជាពិសេសមហាអំណាចជាម្ចាស់ហត្ថលេខី ត្រូវតែលះបង់ផលចំណេញលើវិស័យសេដ្ឋកិច្ចរបស់ខ្លួនខ្លះដើម្បីនិរន្តរភាពបរិស្ថាន និងភពផែនដី តែអាមេរិកបានដកខ្លួនចេញហើយ។
ខាងក្រោមនេះ គឺជាចំណុចទាំង ០៥ ដែលមនុស្សត្រូវព្យាយាមធ្វើឲ្យបាន និងលុបបំបាត់ ព្រមទាំងកាត់បន្ថយក្នុងកម្រិតច្រើនបំផុត តាមដែលអាចទៅរួច ដើម្បីឲ្យផែនដីនេះ ក្លាយជាទីសុខសាន្តរាប់លានឆ្នាំទៅមុខទៀត ដោយមិនចាំភ័យថា រាប់រយឆ្នាំខាងមុខ នឹងធ្វើឲ្យមនុស្សកាន់តែពិបាករស់នៅនោះឡើយ៖
១៖ អាវុធនុយក្លេអ៊ែរ៖ សង្គ្រាមគឺជារឿងមួយផ្សេង ប៉ុន្តែសម្រាប់សង្គ្រាមដែលប្រើប្រាស់នុយក្លេអ៊ែរ នោះវានឹងពិបាកក្នុងការស្រម៉ៃមើល អំពីសោកនាដកម្មនៃជីវិត និងបរិស្ថាន ដែលត្រូវជួបប្រទះខ្លាំងណាស់។ គ្រាន់តែសុបិន្តអាក្រក់ នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ គឺជាអាចឲ្យយើងដឹងថា តើមនុស្សនឹងអាចរងគ្រោះរាប់លានដង ខ្លាំងជាងកាលពីឆ្នាំ ១៩៤៥ នោះទៅហើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរពិតជាផ្ទុះឡើង។ ដូច្នេះបើអាច ទាំងមហាអំណាចនុយក្លេអ៊ែរស្របច្បាប់ និងប្រទេសកំពុងអភិវឌ្ឍន៍នុយក្លេអ៊ែរខុសច្បាប់ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការផលិត ឬស្តុកអាវុធដ៏គ្រោះថ្នាក់បំផុតនេះ។
២៖ កំណើនប្រជាជន៖ ការកាត់បន្ថយចំនួនប្រជាជន គួរតែត្រូវធ្វើឡើងជារួម មិនមែនសម្រាប់តែប្រទេសដែលមាន ប្រជាជនណែនណាន់តាន់តាប់នោះឡើយ។ វាជាការបង្ការសម្រាប់អនាគតដ៏វែងឆ្ងាយ នៃប្រទេសនីមួយៗ ដូចជាប្រទេសវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ឬប្រទេសមួយចំនួនទៀត ដែលមានផ្ទៃដីមិនសូវជាធំដុំ ប៉ុន្តែចំនួនប្រជាជនកំពុងកើនឡើងយ៉ាងគំហុក ហើយនៅពេលដែលកំណើនកើនឡើង លើសពីអ្វីដែលប្រទេសនោះអាចផ្គត់ផ្គង់ នោះផលវិបាកនឹងអាចក្លាយជាបញ្ហាថ្នាក់តំបន់ ឬអន្តរជាតិដែរ។
៣៖ ថាមពល៖ អ្វីដែលមនុស្សកំពុងធ្វើបច្ចុប្បន្ន គឺការស្រូបយកថាមពលពី ព្រះអាទិត្យ ខ្យល់ ចរន្តទឹក និងជីវៈឥន្ធនៈ ពិតជាការអនុវត្តន៍ដ៏ល្អបំផុត ប៉ុន្តែវាកំពុងស្ថិតនៅក្នុងចំនួនទាបនៅឡើយ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ ធ្យូងថ្ម ប្រេងឥន្ធនៈ និងនុយក្លេអ៊ែរ ដែលបាន និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថានភពផែនដី។ ដូច្នេះការប្រើប្រាស់ថាមពលកើតឡើងវិញ គួរតែព្យាយាមបង្កើនឲ្យខ្លាំងជាងនេះ ជាពិសេសគឺការផ្គត់ផ្គង់ថាមពល លើមធ្យោយបាយដឹកជញ្ជូនប្រចាំថ្ងៃ។
៤៖ ការដាំដើមឈើ៖ វាជារឿងធម្មជាតិ ដែលមនុស្សគួរតែព្យាយាមរក្សាគំរបបៃតងនៅជុំវិញខ្លួន។ មិនថាតែនៅក្នុងផ្ទះ ឬភូមិឃុំស្រុក គួរតែបង្កើនការដាំដើមឈើគ្រប់ប្រភេទទៅតាមទម្លាប់ និងមិនបង្កផលប៉ះពាល់ដល់សុវត្ថិភាពទីឋានដែលយើងរស់នៅ។ ព្រៃឈើកាន់តែច្រើន លំនឹងបរិយាកាសកាន់តែល្អ ដូច្នេះមនុស្ស នឹងរីករាយចំពោះសុខភាពល្អ ព្រមទាំងបរិស្ថានដ៏ស្អាត ដែលព្រៃឈើជួយសម្អាតតាមបែបធម្មជាតិ។
៥៖ ការអភិវឌ្ឍវិស័យអវកាស និងជម្រកថ្មី៖ វាជាអ្វីដែលមនុស្សកំពុងធ្វើស្រាប់ទៅហើយ ប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា អ្នកវិទ្យាសាស្ត្រ គួរតែព្យាយាមចាប់យកអ្វីដែលនៅជិតបំផុត មកដាក់អាណានិគម ដូចជានៅឋានព្រះច័ន្ទ បើទោះបីជាបរិស្ថានមានការលំបាកជាងភពអង្គារខ្លាំង តែការធ្វើដំណើរ និងចុះចតនៅទីនោះ ពិតជាចំណេញ និងឆាប់បានទទួលផល ជាងភពអង្គារឆ្ងាយមែនទែន៕