កម្អែលភ្នំភ្លើង Mayon បន្តហូរចុះពីលើកំពូល និងបាចសាចក្នុងចម្ងាយ ៣.៦គីឡូម៉ែត្រ ជុំវិញទីតាំងដ៏ក្តៅនោះ!

178

​(ម៉ានីល)៖ កំអែលភ្នំភ្លើង នៃភ្នំភ្លើង Mayon បានហូរចុះរីករាយ​ដាលរហូត​ដល់ចំងាយ ៣.៦គីឡូម៉ែត្រ ចាប់តាំងពី​វាបានផ្ទុះ កាលជាងពីរ​សប្ដាហ៍មុន​មក។ នេះបើតាម​ការដកស្រង់ព័ត៌មាន ផ្សាយ​ដោយ​សារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ម្សិលមិញ កំអែល​ភ្នំភ្លើង​បានហូរចេញពីកំពូល​ភ្នំភ្លើង Mayon​​ រហូតដល់​ព្រះច័ន្ទលិចបាត់ ប៉ុន្មានម៉ោង​ក្រោយមានបាតុភូត​ច័ន្ទគ្រាស។​ ចំណែកឯ វិទ្យាស្ថាន​ភ្នំភ្លើង និងរញ្ជួយដី​ហ្វីលីពីន​ក៏បានឱ្យដឹង​ដែរថា កំអែល​ភ្នំភ្លើង និងការបញ្ចេញ​ឧស្ម័ន ព្រមទាំង​កំទេចផេះ បានកើតឡើង​ដោយគ្មានការ​ដឹងជាមុន។

ការផ្ទុះជះកំអែល​ភ្នំភ្លើងនេះ​ទៀតសោត បានហូរចុះទៅកាន់​តំបន់​ចំនួនពីរ នៅក្បែរនោះ​ក្នុងចំងាយ​ជាង ៣.៦គីឡូម៉ែត្រ ខណៈ​តំបន់គ្រោះ ថ្នាក់ត្រូវបាន​ពង្រីកវិសាលភាព​ដល់ ០៨គីឡូម៉ែត្រ នៅជុំវិញតំបន់​ស្ថិតនៅក្បែរ​ភ្នំភ្លើង Mayon។ បន្ថែមពី​លើនេះ ដើម្បីសុវត្ថិភាព អាជ្ញាធរហ្វីលីពីន​បានរារាំង​មិនឱ្យប្រជាជន ​ត្រឡប់មកផ្ទះ​របស់ពួកគេ​ជាបណ្ដោះ​អាសន្ន រីឯក្រុមអ្នក​ទេសចរណ៍ ក៏ត្រូវបានហាម​មិនឱ្យចូលថតរូប​ក្នុងតំបន់ត្រូវជាប់​បម្រាម​ផងដែរ។

សូមជំរាបថា ភ្នំភ្លើង Mayon ស្ថិតនៅភាគឦសាន​នៃខេត្ត Albay បានផ្ទុះជះ​កំអែល និងផេះអស់​រយៈពេលច្រើន​ជាង ពីរសប្ដាហ៍មក​ហើយ​ ដោយបង្ខំឱ្យអាជ្ញាធរ​ជម្លៀសអ្នកភូមិ ៨៤,០០០នាក់ ទៅកាន់ទីទួល​មានសុវត្ថិភាព ស្របពេល​អ្នកវិទ្យាសាស្ត្រ​កំពុងព្រួយបារម្ភថា​ ភ្នំភ្លើងមួយនេះ​អាចនឹងផ្ទុះ​កាន់តែខ្លាំង។

ចំណុចសំខាន់៖ បច្ចុប្បន្ននេះ ភ្នំភ្លើងដែល​កំពុងសកម្ម និងបានផ្ទុះរួច​ទៅហើយ គឺមាន​នៅប្រទេស​ជប៉ុន ហើយសម្រាប់​ប្រទេសដែលមាន​ភ្នំភ្លើង ​អាចនឹងផ្ទុះ​គ្រប់ពេលវេលានោះ គឺស្ថិតនៅ​​ប្រទេស​ឥណ្ឌូណេស៊ី និងហ្វីលីពីន​តែម្តង។ ប្រទេស​ទាំងបីនេះ មានទីតាំងស្ថិតនៅ​ក្នុងតំបន់​ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលងាយ​នឹងរងគ្រោះធម្មជាតិ ដូចជាបន្ទុះ​ភ្នំភ្លើង រញ្ជួយដី និងព្យុះសង្ឃរាសាហាវៗផងដែរ៕

480×240 Banner