ធ្លាប់គិតដល់ទេ? នៅសុខៗបាត់មនុស្សអស់រលីង! តើភពផែនដីនឹងទៅជាដូចម្តេច??
(អង់គ្លេស)៖ វាពិតជាពេលវេលាមួយ ដែលឈានទៅរកក្តីមរណៈបន្តិចៗម្តងនៃជីវិតផ្សេងៗ នៅលើភពផែនដីប្រសិនបើមនុស្សម្នា សុខៗស្រាប់តែបាត់ពីភពផែនដីយើងនេះទៅតែម្តង ហើយប្រាកដណាស់ថា វាពិតជាពិបាករកមូលហេតុណាមួយ ដែលបង្កើតអភូតហេតុនេះឡើងណាស់ ប៉ុន្តែឧទាហរណ៍ថា មនុស្សទាំងជាង ៧ពាន់លាននាក់ ពិតជាបាត់ខ្លួនទៅទាំងអស់មែននោះ តើផែនដីនឹងវិវឌ្ឍន៍ទៅជាដូចម្តេច? នេះបើតាមការដកស្រង់ពី Daily Mail។
ជាក់ស្តែងបើតាមក្រុមអ្នកវិភាគតាមបែបវិទ្យាសាស្ត្រ ផែនដីនឹងមិនប្រើពេលយូរនោះឡើយនៅក្នុងប្រែប្រួលដោយខ្លួនឯង ប៉ុន្តែដំណើរការនៃបម្រែបម្រួលនោះ គឺពិតជាគួរឲ្យខ្លាចណាស់។ គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ ពន្លឺបំភ្លឺនានានឹងត្រូវរលត់អស់ ហើយនៅរយៈពេលប៉ុន្មានខែបន្តបន្ទាប់ទៀត រោងចក្រនុយក្លេអ៊ែរនានា នៅទូទាំងពិភពលោកនឹងផ្ទុះឡើង ហើយសោកនាដកម្មឥតគណនា គឺប្រាកដគ្មាននរណាចង់ឃើញនោះឡើយ ប៉ុន្តែវាត្រូវតែកើតមាន។
រយៈពេលបន្តបន្ទាប់ទៀត រឺអាចនិយាយថាយ៉ាងយូរ ១០ថ្ងៃ សត្វពាហនៈដែលមនុស្សចិញ្ចឹម ឬឃុំទុក នឹងត្រូវស្លាប់ ហើយសត្វសុនខវិញ គឺអាចវិវឌ្ឍន៍ទៅជាការស្វែងរកចំណីក្នុងព្រៃ ឬក៏ស៊ីសាច់ជាអាហារក៏ថាបានដែរ។ ដោយឡែកសត្វព្រៃផ្សេងៗ នឹងអាចមានវត្តមានដដែល ប៉ុន្តែបើពួកវាស្ថិតនៅតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលបានរលំរលាយនោះ ជីវិតពួកវាក៏មិនគង់វង់នោះដែរ ព្រោះរលកនៃធាតុវិទ្យុសកម្ម នឹងបំផ្លាញជីវៈចំរុះទាំង លើគោក ក្នុងទឹក និងអាកាស។
ចាប់ពីរយៈពេលរាប់ពាន់ឆ្នាំឡើងទៅ អគារ សំណង់ វត្ថុប្រើប្រាស់ ឬចំណាក់ផ្សេងៗដែលមនុស្សបង្កើតឡើងនោះ វាជាគ្រាន់តែជាតឹកតាង ដែលបានបន្សល់ទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា មហាកំផែងចិន ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទពីរ៉ាមីតជាដើម ហើយតថភាពទាំងមូល ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវីដេអូឯកសារ ដែលត្រូវបានបង្កើតឡើងដោយ National Geographic ឬក៏លោកអ្នកអាចឆែកក្នុង Youtube ដោយវាយចំណងជើងថា «Earth without Humans»។
គួរបញ្ជាក់ថា សម្រាប់ហេតុការណ៍ដែលនឹងកើតឡើងមុនគេ នៅពេលមនុស្សទាំងអស់បាត់ខ្លួនភ្លាមៗពីភពផែនដីនោះ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ អគ្គិសនីនានានឹងចាប់ផ្តើមដាច់ចរន្តជាបន្តបន្ទាប់, រោងចក្រអគ្គិសនី នឹងអស់ឥន្ធនៈទ្រទ្រង់ចំហេះ, ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នឹងត្រូវគ្របដោយធូលីប្រើលែងកើត, និងហេតុការណ៍បន្តបន្ទាប់ទៀត ដែលភាគច្រើន នឹងគំរាមកំហែងជីវិតសត្វលោក ដែលរស់នៅលើផែនដី។
ចំណុចពិសេស៖ គ្មានមូលហេតុណាមួយ ដែលមនុស្សនឹងត្រូវបាត់ខ្លួនចេញពីផែនដីទាំងអស់នោះឡើយ លើកលែងតែការស្ម័គ្រចិត្តធ្វើ… ព្រមៗគ្នាតែប៉ុណ្ណោះ។ បច្ចុប្បន្នមនុស្សនៅលើផែនដីមានចំនួន ៧.៦ពាន់លាននាក់ ដោយប្រទេសចិនឈរនៅលេខ ១, ឥណ្ឌាលេខ ២ និងអាមេរិកលេខ ៣ ហើយបូកចំនួនចូលគ្នាប្រទេសយក្សទាំងបី គឺស្នើនឹងជិត ២ពាន់លាននាក់។
កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា នៅឆ្នាំ២១០០ មនុស្សលើភពផែនដី នឹងកើនចំនួនដល់ ១១.៨ពាន់លាននាក់ ដែលវាពិតជាសោកនាដកម្មធំបំផុត សម្រាប់ផែនដី។ បញ្ហាដែលមនុស្សនឹងត្រូវប្រឈមមុខ គឺ កង្វះផ្ទៃដីរស់នៅ កង្វះចំណីអាហារ ការកាប់បំផ្លាញព្រៃឈើ និងគ្រោះធម្មជាតិនានាជាដើម៕