ទីក្រុងញូយ៉កកំពុងឡើងកម្តៅខុសពីធម្មតា និងជាប់ឈ្មោះជាទីក្រុងកខ្វក់ជាងគេ នៅអាមេរិកថែមទៀត
(ញូយ៉ក)៖ យោងតាមរបាយការណ៍មួយ នៃទីភ្នាក់ងារតាមដានអាកាសធាតុជាតិ បានឲ្យដឹងថា ទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក ដែលកំពុងតែទទួលរងកម្តៅកើនឡើងខ្លាំងខុសពីធម្មតានៅក្នុងខែនេះ រហូតដល់ទៅ ២៥.៦អង្សាសេឯណោះ ខណៈទើបតែទទួលឈ្មោះជាទីក្រុងកខ្វក់ជាងគេ ប្រចាំសហរដ្ឋអាមេរិកថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្រាប់របាយការណ៍ថ្មីមួយទៀត ទើបតែបានចេញផ្សាយថា ទីក្រុងស៊ីវិល័យរបស់សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះជាទីក្រុងដ៏កខ្វក់ជាងគេបង្អស់នៅក្នុងប្រទេស ដោយសារតែមានវត្តមាននៃសត្វចង្រៃ និងសំរាមច្រើនជាងកន្លែងណាៗទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។
របាយការណ៍ដែលទើបចេញផ្សាយខាងលើនេះ បានធ្វើការចាត់ថ្នាក់ទីក្រុងចំនួន ៤០ នៅទូទាំងសហរដ្ឋអាមេរិក ដោយផ្អែកទៅលើទិន្នន័យស្តីពីសត្វចង្រៃ និងសំរាម ពីទីភ្នាក់ងារវាយតម្លៃលំនៅឋានអាមេរិក, ទិន្នន័យស្តីពីការបំពុលខ្យល់ ពីទីភ្នាក់ងារគាំពារបរិស្ថានអាមេរិក, និងការប៉ាន់ប្រមាណចំនួនប្រជាជន ពីការិយាល័យកិច្ចការជំរឿនរបស់សហរដ្ឋអាមេរិក។
ក្រោយឆ្លងកាត់ការវាយតម្លៃក្រុងញូយ៉ក ដែលមានឈ្មោះហៅក្រៅថា «Big Apple» បានឈរនៅតំណែងកំពូលទី ១ ជាមួយពិន្ទុ ៤២៧.៩ នៅក្នុងសន្ទស្សន៍នៃភាពកខ្វក់របស់ក្រុមហ៊ុន Busy Bee ខណៈទីក្រុងឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា។
គួរជម្រាបថា បើតាមរបាយការណ៍ដដែលកាលពីឆ្នាំមុន គេសង្កេតឃើញថា ផ្ទះសម្បែងប្រមាណ ៩០៤,០០០ខ្នង នៅទីក្រុងញូយ៉កមានសំរាមពាសពេញលើផ្លូវដែលនៅក្បែរខាង ហើយលំនៅឋានជិត ២.៣លានខ្នង សុទ្ធតែធ្លាប់ឃើញមានសញ្ញានៃសត្វកណ្តុរ និងសត្វកន្លាតជាដើម៕