មិនថាតែមនុស្សលើដីទេ សូម្បីតែពពួកសត្វក្នុងទឹក ក៏ទ្រាំលែងលែងបាននឹងកម្តៅផែនដីដែរ…
(អូស្រ្តាលី)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបាននិយាយថា ខណៈពេលដែលកម្តៅផែនដី កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រភេទសត្វដែលរស់នៅក្នុងទឹកសមុទ្រមួយចំនួន កំពុងតែមានការប្រែប្រួលគួរឲ្យកត់សំគាល់។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអូស្ត្រាលី នាល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
យោងទៅតាមរបាយការណ៍ នៅក្នុងសិក្សានៅក្នុងសៀវភៅកំណត់ហេតុ ការប្រែប្រួលអាកាសធាតុ ធម្មជាតិ ដែលត្រូវបានចូលរួមដោយ ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អឺរ៉ុប និងអាហ្រ្វិកខាងត្បូង បាននិយាយថា ការកើនឡើងកម្តៅទឹកសមុទ្រកំពុងតែធ្វើ ការគំរាមកំហែងយ៉ាងខ្លាំងដល់ចំណីអាហារ និងទីជំរករបស់ជីវិតសត្វ ក៏ដូចជារុក្ខជាតិសមុទ្រ។
មិនតែប៉ុណ្ណោះ វាក៏អាចធ្វើការបំផ្លិចបំផ្លាញ ដល់ទេសភាពសមុទ្រទាំងមូលផងដែរ។
បើទោះបីជាសីតុណ្ហភាពនៅក្នុងរដូវរងារ និងរដូវផ្ការីក ទាំងកំដៅនៅក្នុងទឹក និងលើដីគឺនៅតែមានការកើនឡើងយ៉ាងឆាប់រហ័សបំផុត ដែលវាបានធ្វើឲ្យមានផលប៉ះពាល់ដល់រដូវ នៃការបង្កើតកូន និងរីកលូតលាស់របស់សត្វទឹកទាំងនោះ។
គួរបញ្ជាក់ថា កម្តៅផែនដីត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើង ដោយសារតែសកម្មភាពនៃមនុស្សលោក ជាពិសេសប្រទេសមានឧស្សាហកម្មលូតលាស់ខ្លាំងនោះ មិនមានការថមថយនោះឡើយ។ ប្រការនេះវានឹងធ្វើឲ្យផែនដីឡើងកម្តៅ និងទឹកសមុទ្រកើនកម្ពស់ ដោយសារតែទឹកកករលាយ៕