បាត់ដំណឹង ០៤ឆ្នាំគត់! យន្តហោះ MH370 នៅតែជាអាថ៌កំបាំង ដែលស្ថិតនៅក្នុងភាពអាថ៌កំបាំង…
(គូឡាឡាំពួរ)៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃរំលឹកខួប ០៤ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយវាបានក្លាយជាសោកនាដកម្មដ៏ធំមួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើន ត្រូវបានគេប្រទះឃើញក៏ដោយ។
យ៉ាងណាក៏ដោយក្រុមអាជ្ញាធរម៉ាឡេស៊ី មិនបានបោះបង់ចោលក្ដីសង្ឃឹមឡើយ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមករា រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក លីវ តុងឡៃ (Liow Tiong Lai) បានប្រកាសថា ទីក្រុងគូឡាឡាំពួរបានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកផ្នែករុករក ដើម្បីបន្តប្រតិបត្តិការស្វែងរកយន្ដហោះដែលបាត់ខ្លួននេះ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើងហោះហើរ MH370 ដឹកអ្នកដំណើរ និងក្រុមសហសេវិក ២៣៩នាក់ ភាគច្រើនជាជនជាតិចិន បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង៕