ការប្រើប្រាស់ថាមពលបៃតង-ស្អាត ជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន ដើម្បីនិរន្តរភាពបរិស្ថាន…
(ប៉េកាំង)៖ ស្ថានីយផ្គត់ផ្គង់ថាមពលដោយពន្លឺព្រះអាទិត្យ និងដោយកម្លាំងខ្យល់ កំពុងរីកស្គុះស្គាយនៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់ចក្ខុវិស័យថ្មី សម្រាប់ការអភិវឌ្ឍ នោះគឺការអភិវឌ្ឍពណ៌បៃតង ពោលគឺធ្វើយ៉ាងណាឲ្យមានពុំការបំពុលតិចតួចជាងមុន តាមដែលអាចធ្វើទៅបាន ចំពោះបរិស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ បានបង្ហាញឲ្យឃើញពីស្ថានីយផ្គត់ផ្គង់ថាមពល ដែលបានមកពីពន្លឺព្រះអាទិត្យ មានឈ្មោះថា ភីងជីង (Pingjing) និងស្ថានីយផ្គត់ផ្គង់ថាមពល ដែលបង្កើតឡើងពីកម្លាំងខ្យល់បក់ ហាហៃហ្ស៊ី (Dahaizi) នៅក្នុងស្រុក វៃនីង (Weining) នៃខេត្ត Guizhou។ រដ្ឋាភិបាលចិនបានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធផ្គត់ផ្គង់ថាមពល ដែលមានការគិតគូរខ្ពស់ពីបរិស្ថាន គឺជាមានសារៈសំខាន់ជាទីបំផុត ដើម្បីផ្តល់និរន្តរភាពដល់ការអភិវឌ្ឍរបស់ប្រជាជាតិចិន។
គួរជម្រាបថា ជុំវិញការកំណត់គោលដៅនេះ កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ត្រូវបានធ្វើឡើងនៅក្នុងស្រុក Weining នៃខេត្ត Guizhou ក្នុងចំណោមទីតាំងដទៃៗទៀតរបស់ប្រទេសចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មពណ៌បែតង រួមមានស្ថានីយផ្គត់ផ្គង់ថាមពលពីកម្លាំងខ្យល់ និងស្ថានីយផ្គត់ផ្គង់ថាមពលពីពន្លឺព្រះអាទិត្យ។
ចំណុចសំខាន់៖ សម្រាប់ប្រទេសចិនទាំងមូល ត្រូវបានពិភពលោកមើលឃើញថា ជាប្រទេសសេដ្ឋកិច្ចរីកចំរើនខ្លាំងបំផុត ប៉ុន្តែដោយសារតែបែបនេះហើយ ការបំពុលបរិស្ថានចេញពីវិស័យឧស្សាហកម្មរីកចំរើន ក៏ខ្លាំងក្លាផងដែរ។ ទីក្រុងដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ដូចជា ប៉េកាំង សៀងហៃ និងធានជិន ជាដើម អាកាសធាតុពុលបាន និងកំពុងវាយប្រហារកាន់តែធ្ងន់ធ្ងរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
ដូច្នេះការអភិវឌ្ឍថាមពលបៃតង មិនមែនជារឿងដែលអាចត្រឹមតែធ្វើជាគំរូឲ្យតែល្អមើលនោះទេ ដោយវាត្រូវតែមានការបង្កើនទៅកាន់បណ្តាខេត្តនានា ដូចជាការប្រើប្រាស់ថាមពលវារីអគ្គិសនី, ថាមពលខ្យល់, ថាមពលរលកទឹកសមុទ្រ, ថាមពលព្រះអាទិត្យ, និងជីវៈឥន្ធនៈជាដើម ដែលវាបង្កផលប៉ះពាល់តិចតួចបំផុត ឬមិនប៉ះពាល់ដល់បរិស្ថានសោះតែម្តង ទើបប្រទេសចិនមិនរងការបំពុលបរិស្ថានធ្ងន់ធ្ងរជាងនេះ នៅថ្ងៃមុខ៕