សត្វរមាសពណ៌ស «មានតែមួយក្បាលគត់លើពិភពលោក» ងាប់បាត់ហើយ!
(អាហ្វ្រិក)៖ សត្វរមាសឈ្មោលពណ៌សចាស់ជាងគេ ដែលនៅសល់តែមួយក្បាលគត់ នៅក្នុងពិភពលោកបានងាប់ហើយ កាលពីថ្ងៃចន្ទ ដោយវាមានអាយុ ៤៥ឆ្នាំ នៅឯឧទ្យាន Ol Pajeta Conservancy នៃសង្កាត់ ឡៃគីព្យ៉ា (Laikipia County) ស្ថិតនៅភាគខាងជើង ប្រទេសកេនយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមអ្នកអភិរក្សសត្វរមាសកេនយ៉ា សត្វរមាសសខាងលើមានឈ្មោះថា ស៊ូដង់ (Sudan) ហើយវាបានធ្លាក់ខ្លួនឈឺ ដោយសារតែវាមានអាយុច្រើន ដែលធ្វើឱ្យសាច់ដុំ និងទម្ងន់របស់វាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ស្ថានភាពរបស់ស៊ូដង់កាន់តែ មានភាពយ៉ាប់យ៉ឺនក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដល់ថ្នាក់វាមិនអាចក្រោកឈរបាន និងមានការឈឺចាប់យ៉ាងខ្លំាង រហូតបង្ខំឱ្យក្រុមអ្នកមើលថែ ចាក់ថ្នាំសម្លាប់វាតែម្ដង។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកភិរក្សសត្វរមាសកេនយ៉ា ស៊ូដង់បានបន្សល់ទុក កូនរមាសញីពណ៌សតែពីរគត់ នៅលើពិភពលោក នោះគឺកូនរមាសញីឈ្មោះ Najin និង Fatu ដែលកំពុងរស់នៅក្នុងឧទ្យាន Ol Pejeta។
ចំណុចសំខាន់៖ បើតាមអង្គការ WWF សព្វថ្ងៃនេះរមាសគ្រប់ជំពូកនៅលើផែនដី មានចំនួនប្រហែល ៣០,០០០ក្បាលប៉ុណ្ណោះ ហើយភាគច្រើនបំផុតស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ឬប្រទេសអាហ្វ្រិកខាងត្បូង ដោយក្នុងនោះគ្រាន់តែរមាសខ្មៅនៅប្រទេសនេះមានចំនួនរហូតដល់ទៅ ៤០% នៃរមាសខ្មៅសរុបលើលោកទៅហើយ។ បន្ទាប់មកទៀតគឺប្រទេស ណាមីបៀ, ហ្ស៊ីមបាវេ និងកេនយ៉ា៕