ក្រុមអ្នកវិទ្យាសាស្ត្រ NASA បញ្ចប់បេសកកម្មនៅទ្វីបអង់តាក់ទិច លើផ្ទៃទឹកកកប្រវែង ៧៦០គីឡូម៉ែត្រ…
(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តពីររូបរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានវិលត្រឡប់មកពីដំណើរបំពេញបេសកកម្ម រយៈពេលពីរសប្តាហ៍មួយរបស់ខ្លួន នៅលើផ្ទៃដីទឹកកកប្រវែងប្រមាណ ៧៦០គីឡូម៉ែត្រ នៃទ្វីបអង់តាក់ទិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តជំនាញខាងផ្ទៃទឹកកកលើភពផែនដី លោកស្រី Kelly Brunt និងអនុប្រធានគម្រោងវិទ្យាសាស្រ្តរបស់ផ្កាយរណប ICESat-2 លោក Tom Neumann កាលពីអំឡុងដំណើរបេសកកម្មរបស់ខ្លួន បានធ្វើការកំណត់ផែនដីតំបន់មួយ នៅប៉ូលខាងត្បូង ដើម្បីរៀបចំសម្រាប់បេសកកម្ម ICESat-3 ដែលត្រូវបានគេគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ។
គួរជម្រាបថា ផ្កាយរណប ICESat-3 នឹងប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ ដើម្បីតាមដានការប្រែប្រួល នៃផ្ទាំងទឹកកតូចធំដែលស្ថិតក្នុងតំបន់ Cryosphere របស់ភពផែនដី ហើយក្រុមអ្នកវិទ្យាសាស្រ្ត នឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបាននោះ ទៅស្រាវជ្រាវលើឥទ្ធិពល នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ចំពោះកម្រិតកម្ពស់នីវ៉ូទឹកសមុទ្រ។
ដើម្បីអាចឲ្យផ្កាយរណប ICESat-2 ធ្វើការវាស់វែងក៏ដូចជាស្ទាបស្ទង់បានត្រឹមត្រូវច្បាស់លាស់ ពីគន្លងភពរបស់យើង អ្នកវិទ្យាសាស្រ្តត្រូវធ្វើការប្រមូលទិន្នន័យមួយចំនួន នៅលើផ្ទៃដីផ្ទាល់ ដើម្បីរៀបចំឧបករណ៍នានារបស់ផ្កាយរណប ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ត នៅតំបន់អង់តាក់ទិច ខណៈដែលសេចក្តីរាយការណ៍កន្លងមកបានបញ្ជាក់ថា ទ្វីបទឹកកកនេះកំពុងតែរលំរលាយ ដោយសារតែការកើនឡើងកម្តៅសកល៕