តោះ! មកស្គាល់ទីកន្លែងទាំង ០៥ លើភពផែនដី «ដែលមានគេអះអាងថា អត់មានកម្លាំងទំនាញ» នាំឲ្យអ្វីៗប្រែប្រួលយ៉ាងចម្លែក…
(បរទេស)៖ ដូចដែលអត្ថបទមុនបានបញ្ជាក់ហើយថា ផែនដីគ្មានវិធី ឬមូលហេតុណាមួយ ដែលអាចប្រែទៅជាបាត់បង់ទំនាញទាំងស្រុងនោះឡើយ ប៉ុន្តែទំនាញរបស់ផែនដី ក៏មិនប្រាកដថា អាចពង្រាយគ្រប់ទីកន្លែងៗនៅជុំវិញដុំមូលដ៏ធំនេះបានឡើយ។ ខាងក្រោមនេះ គឺជាទីតាំងពិសេសៗចំនួន ០៥ ដែលពាក្យចចាមរាមអះអាងថាកំលាំងទំនាញផែនដីធ្លាក់មកដល់កំរិតសូន្យ៖
១៖ ចំណុចអាថ៌កំបាំងនៅ Santa Cruz រដ្ឋកាលីហ្វរញ៉ា (Mystery Spot, Santa Cruz California)៖ កន្លែងនេះត្រូវបានរកឃើញកាលពីឆ្នាំ១៩៣៩ ដោយក្រុមអ្នកស្រាវជ្រាវមួយក្រុម ហើយក្រោយមកនៅឆ្នាំ១៩៤០ ទើបលោក Goerge Prather ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមនោះដែរ បានបង្ហើបព័ត៌មាននេះចេញជាសាធារណៈ។ ពួកគេបានអះអាងថា នៅពេលដែលពួកគេមកអង្កេតតំបន់ខាងលើនេះ ពិតជាបានទទួលអារម្មណ៍ពីការបញ្ចេញកម្លាំងប្លែកៗគ្នាមួយចំនួនយ៉ាងប្រាកដ។
ក្រោយមកទៀតពួកគេបានអះអាងថា វាពិតជាមានភាពមិនប្រក្រតី កើតមានឡើងចំពោះដែនម៉ាញេទិច នៅក្នុងរង្វង់ដីតែ ៦០ម៉ែត្រក្រឡានោះមែន ឬយើងអាចហៅវាបានថា «ចំណុចអាថ៌កំបាំង»។ បាតុភូតដែលកើតមាននោះ គឺដូចជាតំណក់ទឹកអណ្តែតឡើងលើវិញ, ពេលយើងឈរហើយទ្រេតខ្លួនលើតំបន់នោះក៏មិនអាចដួលលើដី, និងការមានអារម្មណ៍ទទួលដឹងថា កម្លាំងម៉ាញេទិចកំពុងតែបញ្ចេញមកពីមុំផ្សេងៗគ្នាជាដើម។
២. ចំណុចអាថ៌កំបាំងមួយ ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក (Ignace mystery spot, Michigan)៖ មនុស្សមួយក្រុមបានចុះមកធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នេះ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ស្រាប់តែឧបករណ៍ស្រាវជ្រាវរបស់ពួកគេ បានគាំងលែងដំណើរការតែម្តង។ បន្ទាប់មកពួកគេបានបន្តធ្វើការសិក្សាបន្ថែមទើបដឹងថា ផ្ទៃក្រឡាប្រមាណជាជាង ១២០ម៉ែត្រក្រឡា គឺមិនមានទំនាញផែនដីនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះទេ បើតាមការអង្កេតរាប់ឆ្នាំនៅទីនោះ គឺក្រុមអ្នកសិក្សាមិនដែលបានឃើញសត្វព្រៃណាមួយ ចូលមកកាន់តំបន់ជាង ១២០ម៉ែត្រក្រឡានេះឡើយ។ បន្ថែមពីនេះបាតុភូតចម្លែកៗផ្សេងទៀតបានកើតមានឡើងដូចជា មនុស្សអាចយកជើងកៅអីទៅដាក់ជាប់ជញ្ជាំង រួមខ្លួនឡើងអង្គុយលើកៅអីនោះ ដោយវានៅតែស្ថិតជាប់ជញ្ជាំងដដែល ដោយយើងមិនធ្លាក់ផ្កាប់មុខមកលើដីនោះឡើយ។ បើអ្នកស្នាក់នៅកន្លែងនោះកាន់តែយូរ នោះអ្នកនឹងមានអារម្មណ៍ថា ក្បាលរបស់អ្នកកាន់តែស្រាល។
៣៖ តំបន់អាថ៌កំបាំងខូស្មូស, សោតស៍ ដាកូតា, សហរដ្ឋអាមេរិក (Cosmos Mystery Area, Rapid City)៖ ពេលអ្នកទៅដល់កន្លែងនោះ អ្នកនឹងឃើញដើមឈើខ្លះដូចជាទ្រេតៗ។ វាមិនខុសពីចំណុចអាថ៌កំបាំងខាងលើនេះទេ បើសិនជាអ្នកឈរនៅទីនោះ អ្នកប្រាកដជាឈរនៅទ្រឹង ទោះបីប្រឹងផ្តួលខ្លួនទៅទិសខាងណា ឬប្រឹងផ្ងាក្រោយ និងផ្តាប់មុខ ក៏អ្នកអាចមិនអាចដួលនោះដែរ។ អ្នកនឹងមានអារម្មណ៍ថា ប្លែកខុសពីកន្លែងធម្មតា ហើយវាប្រៀបបីដូចជាខ្លួនអ្នក ចង់អណ្តែតឡើងលើដូច្នោះឯង។
៤៖ តំបន់ខ្ពង់រាប Spook Hill, Florida សហរដ្ឋអាមេរិក៖ កន្លែងនេះចម្លែកបន្តិច ព្រោះបើសិនជាអ្នកឈរឡាននៅជើងចំណោត នោះឡានរបស់អ្នកនឹងត្រូវកម្លាំងទំនាញអូសឡើងទៅលើទួលផ្លូវតែម្តង ដែលប្រការនេះត្រូវបានហៅថា កម្លាំងទំនាញធ្លាក់ដល់កម្រិតទាបបំផុត ឬសូន្យតែម្តង។ បាតុភូតបន្ថែមនោះ គឺមិនខុសពីរថយន្តខាងលើនេះឡើង ដោយវត្ថុដែលអាចរមាល ពេលទុកនៅចុងចំណោត នោះនឹងត្រូវទាញឲ្យរមាលឡើងលើទួលវិញ ជាមិនខាននោះឡើយ។
៥៖ តំបន់ជម្រាលភ្នំម៉ាញេទិច Leh នៅឥណ្ឌា (Magnetic Hill, Leh)៖ វាជាផ្លូវតូចមួយខ្សែប្រវែង ៣០គីឡូម៉ែត្រពីតំបន់ Leh ទៅកាន់តំបន់ Kargil ដែលគេអាចស្គាល់បានតាមរយៈឈ្មោះ ខ្ពង់រាបម៉ាញេទិច Ladakh។ ពេលទៅដល់ចំណុច Srinaga-Leh អ្នកនឹងឃើញផ្លូវនោះឡើងទួល។ ទោះបីជាអ្នកបិទម៉ាស៊ីនរថយន្តក៏ដោយ ក៏រថយន្តរបស់អ្នកត្រូវបានអូសឡើងលើទួលនោះដែរ ហើយរថយន្តអ្នកត្រូវអូសក្នុងល្បឿនលឿនគួរសម គឺ ២០គីឡូម៉េត្រក្នុងមួយម៉ោង។ អ្នកស្រាវជ្រាវបានអះអាងថា បាតុភូតនេះកើតមានឡើង ក៏ព្រោះតែកម្លាំងទំនាញបានធ្លាក់ដល់ ០ តែម្តង។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រ ពុំមានកន្លែងណាមួយនៅលើផ្ទៃផែនដីដែលកម្លាំងទំនាញអាចធ្លាក់ដល់ ០ នោះឡើយ លើកលែងតែនៅចំណុចកណ្តាលផែនដី(center of earth) ប៉ុណ្ណោះដែលគ្មានកម្លាំងទំនាញសោះ។ ប៉ុន្តែចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ គឺមានវត្ថុណាមួយ ដែលអាចផ្តាច់កម្លាំងទំនាញនោះបាន ឧទាហរណ៍ដូចជានៅក្នុងមន្ទីរពិសោធន៍របស់អង្គការ NASA ដូច្នោះឯង។ ហេតុដូចនេះ កន្លងដែលអត់មានទំនាញលើផែនដីជាចំណុចតូចៗនោះ វាអាចនឹងមានវត្ថុណាមួយនៅខាងក្រោមដីនោះ ដែលប្រឆាំងនឹងទំនាញជាមិនខាន៕ ប្រភព៖ វែបសាយ Jagran Josh