ប្រទេសចិនត្រៀម «រៀបចំកម្មវិធីប្រកួតមនុស្សយន្ត» ដែលមានរាប់ម៉ឺនក្រុមចូលរួម…
(ប៉េកាំង)៖ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រារព្ធសន្និបាតគ្រឿងយន្តពិភពលោកឆ្នាំ២០១៨ «The 2018 World Robot Conference» ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី១៥-១៩ ខែសីហា ខាងមុខនេះក្នុងរដ្ឋធានីប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដីវិសេសខាងលើនេះ នឹងមានក្រុមចំនួន ១២,០០០ ធ្វើការប្រកួតប្រជែង មកពីប្រទេសជាង ១០ ក្នុងតំបន់ និងមនុស្ស ៥០,០០០នាក់ចូលរួម។ សម្រាប់ការប្រកួតប្រជែងនឹងត្រូវធ្វើឡើង អំឡុងពេលដាក់តាំងបង្ហាញគ្រឿងយន្តនោះតែម្តង ដោយការប្រកួតចែកចេញជា ០៥ តំណាក់កាល ឬទម្រង់បែបបទ។
គោលដៅនៃការរៀបចំសន្និបាត និងការប្រកួតប្រជែងនេះ គឺដើម្បីជួយជម្រុញដល់ការស្រាវជ្រាវវិស័យផលិតគ្រឿងយន្ត ឬមនុស្សយន្ត ដើម្បីបម្រើវិស័យជាច្រើនដែលអាចជំនួសកម្លាំងមនុស្ស និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ វាមិនមែនសម្រាប់តែប្រទេសចិននោះទេ តែវាក៏សម្រាប់បណ្តាប្រទេស ដែលស្រឡាញ់វិស័យបច្ចេកវិទ្យាតែម្តង។
គួរបញ្ជាក់ថា មនុស្សយន្ត ឬគ្រឿងយន្តឆ្លាតវៃ គឺមានការអភិវឌ្ឍខ្លាំងនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិករួចមកហើយ ទាំងគ្រឿងយន្តមានរូបរាងដូចមនុស្ស ឬក៏គ្រឿងយន្តដែលអាចបំពេញមុខងារមួយចំនួនជំនួសមនុស្ស ប៉ុន្តែសម្រាប់ប្រទេសចិនវិញ នាប៉ុន្មានឆ្នាំចុងក្រោយគឺខ្លួនបានខិតខំយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍន៍គ្រឿងយន្ត និងមនុស្សយន្តដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់៕