យន្តហោះចិន Y-20 សម្រាប់ដឹកយោធា សព្វាវុធ និងទំនិញ «ត្រូវបានធ្វើតេស្តដោយជោគជ័យ»
(ប៉េកាំង)៖ យន្តហោះដឹកជញ្ជូនខ្នាតធំ Y-20 របស់ប្រទេសចិន ត្រូវបានគេធ្វើតេស្តហោះហើរនិងឆ្លងការហ្វឹកហាត់ដឹកជញ្ជូនតាមផ្លូវអាកាស ដោយជោគជ័យជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលោក Shen Jinke អ្នកនាំពាក្យកងទ័ពអាកាសចិន ជោគជ័យខាងលើនេះ គឺជាការបោះជំហានមួយ នៅក្នុងការដឹកជញ្ជូនបែបយុទ្ធសាស្រ្ត និងការបង្កើនសមត្ថភាពប្រយុទ្ធផ្លូវអាកាសចម្ងាយឆ្ងាយ របស់កងអង្គភាពនេះ ហើយសមត្ថភាពនៃកងទ័ពអាកាសចិន គួរតែអាចត្រូវពង្រីកទៅមុខ ដរាបណាផលប្រយោជន៍ជាតិរបស់ចិននៅតែអាចទៅដល់ ដើម្បីផ្តល់ការធានាផ្នែកសន្តិសុខផ្លូវអាកាសដែលអាចជឿទុកចិត្តបានសម្រាប់ការអភិវឌ្ឍប្រទេស។
សម្រាប់យន្តហោះធុន Y-20 ដែលត្រូវបានបញ្ជូលទៅក្នុងជួរកងទ័ពអាកាសចិន កាលពីខែកក្កដា ឆ្នាំ២០១៦ និងមានទម្ងន់ជាអតិរមាសម្រាប់ការហោះហើរប្រមាណជា ២០០តោន នោះគឺសាកសមបំផុតសម្រាប់ការដឹកជញ្ជូនទំនិញ និងមនុស្ស ក្នុងការធ្វើដំណើររយៈចម្ងាយឆ្ងាយ ហើយនៅក្រោមស្ថានភាពអាកាសធាតុខុសៗគ្នា។
គួរបញ្ជាក់ថា យន្តហោះដឹកទំនិញ-សព្វាវុធយោធា Y-20 ត្រូវបានគេមើលឃើញថា មានលំនាំស្រដៀងនឹងយន្តហោះដឹកយោធា C-130 ដ៏ល្បីល្បាញរបស់អាមេរិក ដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកទំនិញ យោធា និងសព្វាវុធជាច្រើនប្រភេទ ហើយក៏មានបង្កប់នូវប្រព័ន្ធទប់ស្កាត់ការវាយប្រហារពីគ្រាប់រ៉ុក្កែត មីស៊ីលខ្នាតតូច និងយន្តហោះចម្បាំងសត្រូវផងដែរ៕