HOT NEWS: ទីបំផុតមូលហេតុធ្លាក់ MH370 ត្រូវទម្លាយចេញមកជាផ្លូវការ ប៉ុន្តែនៅស្ថិតក្នុងការសង្ស័យ…
(ម៉ូស្គូ)៖ សារព័ត៌មានអង់គ្លេស Telegraph, Independent និងសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍របស់អាមេរិក បានចេញផ្សាយដូចៗគ្នាថា ការបាត់ខ្លួនដ៏អាថ៌កំបាំងនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ជាមួយមនុស្ស ២៣៩នាក់ គឺបង្កឡើងដោយចេតនា ចង់ឱ្យយន្ដហោះនេះធ្លាក់របស់មេបញ្ជាការក្រុមអាកាសយានិកម្នាក់។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
Telegraph ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើកម្មវិធីផ្សាយមួយមានរយៈពេល ៦០នាទី នៅលើទូរទស្សន៍អូស្រ្ដាលី ដោយនៅក្នុងកម្មវិធីនេះអ្នកជំនាញម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូនអូស្រ្ដាលីបានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) ដែលជាមេបញ្ជាក្រុមអាកាសយាននិក មានចេតនាធ្វើឱ្យយន្ដហោះ MH370 តាមរយៈការធ្វើឱ្យវាបាត់ចេញពីប្រព័ន្ធរ៉ាដា និងបញ្ជាយន្ដហោះនេះ ឆ្ពោះទៅមហាសមុទ្រឥណ្ឌាតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួ។ «វាគឺជាទង្វើមានគំរោងទុកជាមុន ហើយវាត្រូវបានគេរៀបចំអស់រយៈពេលជាយូរណាស់មកហើយ»។ នេះគឺជាការគូសបញ្ជាក់របស់លោក ម៉ាទីន ដូឡាន (Martin Dolan)។
តែទោះជាយ៉ាងក្ដី អ្នកជំនាញរូបនេះដែលបានដឹកនាំប្រតិបត្តិការស្វែងរក MH370 អស់រយៈពេលជាង ០២ឆ្នាំ បានអះអាងថា វាមិនមែនជាសកម្មភាពភេរវកម្មនោះទេ ពីព្រោះបើវាជាសកម្មភាពភេរវកម្មនោះ ពួកភេរវករនឹងចេញមុខទទួលស្គាល់បាត់ទៅហើយ។ ដូច្នេះការធ្លាក់យន្តហោះនេះ មានលទ្ធភាពខ្ពស់ក្នុងការទម្លាក់ការទទួលខុសត្រូវទៅលើក្រុមអាកាសយានិក ដែលទទួលខុសត្រូវទាំងស្រុងលើការហោះហើរ។
ដោយឡែក អតីតអ្នកស៊ើបអង្កេតម្នាក់ទៀត មកពីការិយាល័យសន្តិសុខដឹកជញ្ជូនកាណាដា លោក ឡារី វែនស៍ (Larry Vance) ក៏បានអះអាងនៅក្នុងកម្មវិធីនោះដែរថា លោក Zaharie មានអាយុ ៥៣ឆ្នាំ ទំនងជាបានពាក់ម៉ាស់អុកស៊ីសែន មុននឹងរូបលោកទម្លាក់កម្រិតអុកស៊ីសែននៅលើយន្ដហោះ ដើម្បីឱ្យមនុស្ស ២៣៨នាក់ទៀត បាត់បង់ស្មារតី ទើបបន្ទាប់មកក៏ចាប់ផ្តើមប្រតិបត្តិការធ្វើឲ្យយន្តហោះនោះធ្លាក់ ប៉ុន្តែគេមិនទាន់ដឹងថា តើអ្នកបញ្ជាការហោះហើរនោះ មានបញ្ហាអ្វី ឬបានរងវិបត្តិអ្វីឡើយ ទើបទៅជាធ្វើការសម្រេចចិត្តបែបនេះ។
គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់ ជាសមាជិកអាកាសយាននិក។ ជាងនេះទៅទៀត យន្ដហោះនេះមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ រីឯមូលហេតុក៏មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជាក្រុមអ្នកស្វែងរក ធ្លាប់បានរកឃើញបំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕