ចាំមើលក្រុមហ៊ុនចិន អាចដណ្តើមទីផ្សារអេក្រង់ AMOLED ពីក្រុមហ៊ុនកូរ៉េខាងត្បូងដែរទេ…
(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន វីសិនណក់ (Visionox) បានចាប់ដំណើរការរោងចក្រដំបូង ដែលផលិតកញ្ចក់ប្រភេទ AMOLED ប្រកបដោយភាពបត់បែនខ្ពស់ជំនាន់ទី ៦ របស់ខ្លួននៅក្នុងស្រុកគូអាន (Gu’an) នៃខេត្តហេបៃ (Hebei) ភាគខាងជើងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
រោងចក្រខាងលើស្ថិតនៅក្នុងទីក្រុងឧស្សាហកម្មថ្មី គូអាន (Gu’an) ដែលគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែនដី CFLD របស់ប្រទេសចិន។ សម្រាប់សមត្ថភាពផលិតរបស់រោងចក្រនេះវិញ គឺបន្ទះកញ្ចក់ចំនួន ៣០,០០០ផ្ទាំង ក្នុងមួយខែដើម្បីអាចឆ្លើយតបតាមតម្រូវរបស់ស្មាតហ្វូនជិត ១០០លានគ្រឿង ដែលទាមទារឲ្យមានអេក្រង់គុណភាពល្អ។
កាលពីមុនៗក្រុមហ៊ុននានារបស់ប្រទេសចិន តែងតែមានការពឹងផ្អែកធំធេង ទៅលើការនាំចូលផលិតផលអេក្រង់ ដែលមានគុណភាពខ្ពស់ពីក្រៅប្រទេស រួមមានកញ្ចក់ប្រភេទកោង និងអាចបត់បានជាដើម ហើយមានតែកូរ៉េខាងត្បូង និងជប៉ុនប៉ុណ្ណោះ ដែលមានបច្ចេកទេសខ្ពស់ក្នុងការផលិតអេក្រង់នៅលើលោក។
គួរជម្រាបបន្ថែមថា បច្ចុប្បន្នប្រទេសចិនមិនទាន់មានទីផ្សារធំ ក្នុងការផ្គត់ផ្គង់អេក្រង់ទូរស័ព្ទប្រភេទ AMOLED នោះទេ ដោយសូម្បីស្មានហ្វូនទំនើបៗរបស់ក្រុមហ៊ុនធំៗក្នុងស្រុកដូចជា Huawei Vivo Oppo Xiaomi ឬសូម្បីតែក្រុមហ៊ុនអាមេរិក Apple ក៏ត្រូវបានផ្គត់ផ្គង់ពីកូរ៉េខាងត្បូងដែរ ក្នុងនោះកាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Samsung គ្រប់គ្រងទីផ្សារ AMOLED រហូតដល់ទៅ ៩៨ភាគរយ និងសល់ភាគរយឯទៀតគឺ LG Displays៕