គ្រោះថ្នាក់មែន! កាកសំណល់ពីបន្ទុះភ្នំភ្លើងលើកោះហាវ៉ៃ កំពុងបំពុលបរិស្ថានយ៉ាងខ្លាំង!
(អាមេរិក)៖ ភ្នំភ្លើងគីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ បានបង្កើតហានិភ័យក្នុងទម្រង់ថ្មីមួយទៀតសម្រាប់ប្រជាជនអាមេរិក ដែលរស់នៅលើដែនដីកោះដ៏ធំនេះ ខណៈដែលកម្អែរភ្នំភ្លើង ដែលបានហូរចូលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកហើយនោះ អាចបង្កជាដុំពពក ភាគល្អិត ក៏ដូចជាចំហាយទឹក ដែលមានសារធាតុពុល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
អាជ្ញាធរកោះហាវ៉ៃ បានណែនាំឲ្យសាធារណៈមានការប្រុងប្រយ័ត្នខ្ពស់ អំពីផ្សែងក៏ដូចជាអ័ព្ទពុល ដែលកើតឡើងពីការហូរចូលនៃកម្អែរភ្នំភ្នើងទៅក្នុងមហាសមុទ្រ។ បណ្តុំផ្សែងនេះ បានគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ២៤គីឡូម៉ែត្រ ជុំវិញកន្លែងដែលកម្អែរភ្លើង បានជួបនឹងទឹកសមុទ្រ។
គួរជម្រាបថា ភ្នំភ្លើង Kilauea បានចាប់ផ្តើមផ្ទុះឡើងជាលើកដំបូង កាលពីជាង ០២សប្តាហ៍មុន និងបានបំផ្លិចបំផ្លាញលំនៅឋានរាប់សិបខ្នង ដែលឈានដល់ការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់។
រំលឹកព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ភ្នំភ្លើងគីឡូអៀ (Kilauea) នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក បានផ្ទុះសាជាថ្មីម្តងទៀត ដោយជះកម្អែលផេះយ៉ាងក្រាសឃ្មឹកឡើងទៅលើផ្ទៃអាកាសកម្ពស់ជិត ១០គីឡូម៉ែត្រ ដែលជាហេតុធ្វើឲ្យអាជ្ញាធរក្នុងតំបន់ធ្វើការណែនាំ ក៏ដូចជាទទូចឲ្យប្រជាពលរដ្ឋកុំឲ្យចាកចេញទៅក្រៅលំនៅឋានឲ្យសោះ។
បើតាមទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងកោះហាវ៉ៃ HVO បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះបានបង្កឲ្យមានដុំពពកដ៏ធំសម្បើមមួយ ដែលមានកម្ពស់ដល់ទៅ ៩,១០០ម៉ែត្រ ហើយកំពុងរសាត់ទៅភាគអាគ្នេយ៍។ ភ្លាមៗក្រោយពីវាបានផ្ទុះ ទីភ្នាក់ងារការពារជនស៊ីវិល នៃកោះហាវ៉ៃបានទទូចឲ្យប្រជាពលរដ្ឋស្វែងរកកន្លែងសុវត្ថិភាពដើម្បីជ្រកកោន និងកុំចេញទៅខាងក្រៅ ដោយសារតែកម្អែលផេះ នឹងគ្របដណ្តប់ពីលើតំបន់នៅជុំវិញនោះ។
ប្រជុំកោះហាវ៉ៃ ត្រូវបានក្រុមស្ទាបស្ទង់ភូមិសាស្ត្រអះអាងថា ស្ថិតនៅពីលើសណ្ឋានដីស្តើង ដែលក្រាលពីលើមាត់រណ្តៅភ្នំភ្លើងដ៏ធំ ហើយភស្តុតាងត្រូវបានស្តែងចេញយ៉ាងច្បាស់ នៅពេលមានគ្រោះរញ្ជួយដីជិត ៧រ៉ិចទ័រ កាលពីប៉ុន្មានសប្តាហ៍មុន ដែលទីតាំងមួយចំនួនបានរហែក និងហៀរកម្អែលភ្លើងចេញមកលើទីវាលដីទំនាបយ៉ាងស្រស់ៗតែម្តង។ ប្រជាជនក្នុងតំបន់ត្រូវបានជម្លៀសចេញ ប្រកបដោយការភ័យខ្លាចបំផុត៕