ឲ្យសញ្ញាមិនស្រួល នៅតំបន់ប៉ូលខាងជើងផែនដី! រុស្ស៊ីសម្រេចពង្រាយនាវាមុជទឹក ជាអចិន្ត្រៃយ៍នៅមហាសមុទ្រអាក់ទិក…
(ម៉ូស្គូ)៖ កងនាវាមុជទឹករុស្ស៊ី ត្រូវបានដាក់ពង្រាយជាអចិន្រ្តៃយ៍ នៅក្រោមផ្ទាំងទឹកកក នៃសមុទ្រអាក់ទិក។ នេះបើតាមលោក នីកូឡាយ យែមែណូវ (Nikolay Yermenov) មេបញ្ជាការនៃកងអង្គភាពជើងទឹកភាគខាងជើង របស់ប្រទេសរុស្ស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
លោក Yermenov បាននិយាយថា «កងនាវាមុជទឹករបស់យើង ត្រូវបានដាក់ពង្រាយជាអចិន្រ្តៃយ៍ នៅក្រោមផ្ទាំងទឹកកកនៃសមុទ្រអាក់ទិច ហើយសម្រាប់ហេតុផលជាក់ស្តែងនានា យើងនឹងមិនផ្តល់ការបកស្រាយលម្អិតផ្សេងទៀត ជុំវិញបញ្ហានេះឡើយ ប៉ុន្តែខ្ញុំអាចនិយាយបានថា វាបានប្រព្រឹត្តទៅជាទៀងទាត់»។
ជាចុងក្រោយ លោក Yermenov បានបញ្ជាក់ថា ប្រតិបត្តិការរបស់កងកម្លាំងអង្គភាពភាគខាងជើង នៅតាមតំបន់ទឹកកកនេះ គឺមានតម្លាភាពមួយរយភាគរយ ហើយស្របទៅតាមបទបញ្ញតិផ្សេងៗ នៃច្បាប់សមុទ្រអន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា បណ្តាប្រទេសមានសក្តានុពលខ្ពស់ ក្នុងការអនុវត្តន៍សិទ្ធិចំពោះដែនសមុទ្រអាក់ទិកនោះមានចំនួន ០៥ ដូចជា សហព័ន្ធរុស្ស៊ី, សហរដ្ឋអាមេរិក, ប្រទេសដាណឺម៉ាក, ប្រទេសណ័រវេស៍ និងប្រទេសកាណាដា ប៉ុន្តែនៅក្នុងនោះប្រទេសរុស្ស៊ីមានវិសាលភាពធំធេងលើសគេ ក៏ព្រោះតែប្រទេសយក្សនេះមានព្រំប្រទល់ជាប់ផ្ទៃឆ្នេរអាក់ទិក ស្ទើរតែពាក់កណ្តាលទៅហើយ បើធៀបនឹងប្រទេស ០៤ទៀត។
ចំណុចសំខាន់៖ មួយរយៈចុងក្រោយនេះ ប្រទេសភាគច្រើនបានចោលក្រសែភ្នែក ទៅមើលស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍ ដ៏គួរឲ្យចាប់អារម្មណ៍នៅជុំវិញមហាសមុទ្រទឹកកកអាក់ទិក ដោយសារតែតំបន់ប៉ូលខាងជើងផែនដីនេះ មានប្រទេសតិចតួចបំផុត ដែលមានសមត្ថភាព និងសិទ្ធិទៅធ្វើការស្រាវជ្រាវ ព្រមទាំងពង្រីកឥទ្ធិពល។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្កើនវត្តមានយោធា និងសព្វាវុធរបស់ខ្លួននៅទឹកដីរដ្ឋអាឡាស្កា ដែលជាប់ដែនសមុទ្រអាក់ទិកនោះផងដែរ កាលពីប៉ុន្មានខែមុននេះ ដែលជាហេតុធ្វើឲ្យរុស្ស៊ីមិនស្រណុកចិត្តនោះឡើយ៕