ព្រះជាម្ចាស់! កម្អែរភ្លើងនៃភ្នំភ្លើងហ្គាតេម៉ាឡា «ហូរស្រោចលើភូមិប្រជាជន បណ្តាលឲ្យស្លាប់ ២៥នាក់ និងរាប់រយនាក់របួស…»
(ហ្គាតេម៉ាឡា)៖ មនុស្សចំនួន ២៥នាក់ហើយ បានបាត់បង់ជីវិត និង២៩៦នាក់ទៀតរងរបួសនៅប្រទេសហ្គាតេម៉ាឡា នៅក្នុងកម្អែរដ៏ក្តៅ ព្រមទាំងកម្ទេចកម្ទីរផេះផង់ ត្រូវបានបង្កឡើងដោយភ្នំភ្លើងដ៏សកម្មខ្លាំងមួយ នៅក្បែររដ្ឋធានីនៃប្រទេសនេះ បានផ្ទុះជាលើកទីពីរនៅក្នុងឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ក្រៅពីនេះមនុស្សប្រមាណ ១.៧លាននាក់ បានទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខាងលើនេះ និងជាង ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។ បើតាមរដ្ឋាភិបាលហ្គាតេម៉ាឡា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងថែមទៀត ដោយសារតែឧបសគ្គផ្សេងៗ នៅក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះ។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយបានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាចមានមនុស្សស្លាប់ច្រើនបន្ថែមទៀត ក៏ព្រោះតែភូមិមួយនៅក្បែរភ្នំភ្លើងនោះ ត្រូវបានកម្អែរក្តៅគគុកហូរមកស្រោចពីលើតែម្តង ដែលវាពិតជាហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសង្វេគបំផុត កម្រកើតមានខ្លាំងណាស់លើផែនដី៕