អំណាចធម្មជាតិ! ទន្លេនៃកម្អែរភ្លើង «បំផ្លិចបំផ្លាញភូមិដ្ឋានក្នុងរដ្ឋហាវ៉ៃ» ដែលធ្លាប់ជាកន្លែងស្អាតបំផុតលើភពផែនដី…
(អាមេរិក)៖ ថ្នាក់ដឹកនាំតំបន់មួយ នៅក្នុងរដ្ឋហាវ៉ៃលោក ហារី គីម (Harry Kim) បានបញ្ជាក់ថា លំនៅឋានជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយទន្លេនៃកម្អែរភ្លើង ដែលចេញពីភ្នំ Kilauea ចាប់តាំងតែពីវាបានផ្ទុះ កាលពីដើមខែឧសភាកន្លងទៅម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Kim បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់ ដោយអ្វីដែលយើងបានបាត់បង់គឺកន្លែងដ៏ស្រស់ស្អាតបំផុតនៅលើផែនដី ហើយលំនៅឋានជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយទន្លេនៃកម្អែរភ្នំភ្លើង នៅលើកោះហាវ៉ៃ»។
បើតាមលោក Kim ក្នុងរយៈពេលត្រឹម ០៣ថ្ងៃ កម្អែរភ្នំភ្លើងបានបំផ្លាញលំនៅឋានជិត ៥០០ខ្នង នៅតំបន់ Pahoa ក្នុងរួមមានទាំងភូមិគ្រឹះមួយកន្លែងរបស់លោកអភិបាលផ្ទាល់។ ជាមួយគ្នានេះ អភិបាលរដ្ឋហាវ៉ៃលោក ដាវីដ អ៊ីជ (David Ige) ក៏បានឲ្យដឹងដែរថា រដ្ឋនឹងបែកចែកថវិកាចំនួន ១២លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហានានា ដែលបង្កឡើងពីកម្អែរភ្នំភ្លើង។
គួរជម្រាបថា ភ្នំភ្លើង Kilauea បាននិងកំពុងបន្តបញ្ចេញសកម្មភាពឥតឈប់ឈរអស់រយៈពេលប្រមាណជា ០៥សប្តាហ៍ហើយ។ វាគឺជាភ្នំភ្លើងដែលក្មេងខ្ចី និងសកម្មជាងគេបំផុតមួយនៅលើលោក៕