តើជីវិតលើផែនដី ពិតជាមានប្រភពដើមពីភពព្រះអង្គារ ដូចការសង្ស័យមែនឬ?
(ភ្នំពេញ)៖ របកគំហើញពីអង្គការ NASA នៅថ្ងៃសុក្រនេះ ពិតជារឿងរ៉ាវមួយប្លែក ប៉ុន្តែមិនមែនថ្មីសន្លាងនោះឡើយ ព្រោះនេះជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្ររាប់ទសវត្សរ៍មកនេះ បានរំពឹងទុកថា នឹងអាចសម្រេចចេញមកនៅថ្ងៃណាមួយ ដូចជាការរកឃើញប្រភពទឹកលើភពអង្គារ និងពេលនេះ គឺសារីរាង្គនៃម៉ូលេគុលកាបូន ដែលមានអំណោយផលសម្រាប់ជីវិតនោះ។
ហេតុដូច្នេះ, តើភពអង្គារពិតជាធ្លាប់មានជីវិត ដូចនៅលើផែនមែនឬ? តើជីវិតនៅលើផែនដីនេះ ពិតជាមានប្រភពដើមពីដុំថ្មអវកាស ១៣៤ដុំ ដែលត្រូវបានរកឃើញនៅលើផែនដី និងត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មានប្រភពមកពីភពអង្គារមែនឬ? ចម្លើយសម្រាប់សំនួរទាំងនេះ ពិតជាមិនទាន់មានជាផ្លូវការនោះទេ ប៉ុន្តែបើយោងតាមលទ្ធផលដែលអង្គការ NASA បានសិក្សា និងរកឃើញកន្លងមកនោះ ចំណុចធំៗភាគច្រើន ដែលអាចប្រមូលផ្តុំជាចម្លើយនោះ មានរួចអស់ទៅហើយ….។
«ទីណាមានទឹក ទីនោះមានជីវិត» នេះជាពាក្យស្លោកដែលយើងប្រើប្រាស់នៅលើផែនដី ហើយពិតប្រាកដណាស់ ភពអង្គារធ្លាប់មានទឹក គ្រាន់តែភពនេះត្រូវបានដុំថ្មអវកាស ឬអាចផ្កាយខ្នាតធំបុកទង្គិច ដែលជាហេតុនាំឲ្យបរិយាកាសត្រូវបាត់បង់ និងសណ្ឋានផ្ទៃដីរបស់វាចាប់ផ្តើមប្រែប្រួល ក្នុងរយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ទោះបីជាបែបនេះក្តី តាមរយៈបរិយាកាសដែលនៅសល់តិចតួច និងដានទឹកហូរលើផ្ទាំងថ្មនៅបាតបឹង Gale Crater លើភពអង្គារនោះ រូបធាតុអាចទ្រទ្រង់ជីវិតត្រូវបានរកឃើញទៅហើយ… ដូច្នេះតើនៅសល់អ្វីទៀត?
បើតាមយើងគិតនោះគឺ សំណល់នៃជីវិត ឬហ្វូស៊ីលនៃជីវិតក្នុងទម្រង់ណាមួយ សូម្បីតែសារីរាង្គសត្វ និងរុក្ខជាតិ បើសិនជាត្រូវបានរកឃើញនៅថ្ងៃអនាគត ពេលអង្គការ NASA បំពេញបេសកកម្មកាន់តែច្រើនលើភពអង្គារនោះ វាពិតជាគាំទ្រការលើកឡើងកន្លងមកដែលថា ជីវិតនៅលើផែនដីមានលទ្ធភាពខ្ពស់ថា បាននាំយកមកជាមួយដោយកម្ទេចកម្ទីរថ្មភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន នៅពេលភពអង្គារត្រូវគេរងការទង្គេចដោយអាចម៍ផ្កាយ យ៉ាងដំណំ។
រំលឹក៖ យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្តណាសា ចុះផ្សាយនៅលើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភពព្រះអង្គារ ត្រូវបានគេជឿជាក់ថា មានសមាសភាពកាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ» ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែលក៏បានឱ្យដឹងដែរថា មានភស្ដុតាងជាច្រើនអាចបញ្ជាក់បានថា ជាម៉ូលេគុលសរីរាង្គធំៗនៅលើភពព្រះអង្គារ ហើយដែលនេះគឺជាការខិតខំប្រឹងប្រែងបន្តពីការរុករកនៃយាន Viking របស់ NASA ដែលបានចុះចតលើភពព្រះអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
ក្រៅពីការរកឃើញសំណល់កាបូន លើភពអង្គារដូចដែលបានរៀបរាប់ក្នុងអត្ថបទមុននេះ NASA ក៏បានប្រាប់ពីការរកឃើញ នៃការប្រែប្រួលតាមរដូវកាលរបស់កម្រិតធាតុមេតាន នៅក្នុងបរិយាកាសរបស់ភពអង្គារ ក្នុងអំឡុងពេលជិត ០៣ឆ្នាំលើភពអង្គារ ដែលស្មើនឹងជិត ០៦ឆ្នាំ នៅលើផែនដីផងដែរ។
អ្នកវិទ្យាសាស្រ្ត NASA បានបញ្ជាក់ថា ទោះបីជាប្រតិកម្មទឹក និងថ្ម ប្រហែលអាចបង្កើតចេញជាមេតានក៏ដោយ ពួកគេនៅតែពុំអាចច្រានចោលលទ្ធភាព នៃការកើតចេញពីប្រភពបែបសារីរាង្គជីវសាស្រ្តនោះឡើយ។ លទ្ធផលនេះ គឺស្របគ្នាទៅនឹងការរកឃើញម៉ូលេគុលកាបូនក្នុងថ្ម នៃភពអង្គារ ដែលសុទ្ធសឹងជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់ ដូចនៅលើភពផែនដី ប៉ុន្តែគេបានបញ្ជាក់ដូច្នេះថា «វាមិនមែនជាការរកឃើញជីវិតឡើយ» ប៉ុន្តែជាការរកឃើញវត្ថុធាតុ ដែលអំណោយផលសម្រាប់ជីវិត។
មេតានកាលពីមុនមក ធ្លាប់ត្រូវបានរកឃើញនៅក្នុងបរិយាកាសរបស់ ភពអង្គារ (Mars) នៅក្នុងកម្រិតដ៏ធំ និងពុំអាចប៉ាន់ស្មានត្រូវនោះឡើយ ប៉ុន្តែលទ្ធផលថ្មីនេះពិតជាបានបង្ហាញថា កម្រិតទាបនៃមេតាននៅក្នុងតំបន់ Gale Crater (បឹងយក្សដែលធ្លាប់មានទឹក) តែងតែកើនឡើងខ្ពស់នៅក្នុងខែនារដូវក្តៅ និងធ្លាក់ចុះមកវិញនៅរដូវត្រជាក់ជារៀងរាល់ឆ្នាំ។
គួរជម្រាបថា ការរកឃើញមេតាននៅក្នុងបរិយាកាស និងសំណល់កាបូនបុរាណ ដែលកប់នៅក្នុងផ្ទៃរបស់ Mars បាននិងកំពុងផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តនូវភាពជឿជាក់ថា បេសកកម្មយាន Mars Rover ឆ្នាំ២០២០ របស់អង្គការ NASA និងយាន ExoMars Rover របស់ទីភ្នាក់ងារអវកាសអឺរ៉ុប នឹងបង្កើតរកគំហើញទាក់ទិននឹងសារីរាង្គកាន់តែច្រើនថែមទៀត ទាំងនៅលើផ្ទៃលើ និងនៅផ្ទៃខាងក្នុងរាក់ៗជាដើម៕