ព្យុះនៅចិនពិតជាសាហាវមែន ដោយបោកបក់តាំងពី បង្គារ បង្កង មឹក និងគ្រឿងសមុទ្រមកធ្លាក់ពេញទីក្រុង (រូបភាពខាងក្នុង)
(ចិន)៖ ទីក្រុងជាប់មាត់សមុទ្រ គីងតាវ (Qingdao) នៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃពុធកន្លងទៅនេះ បានទទួលរងការវាយបោកបក់ពីព្យុះដ៏ខ្លាំងក្លាមួយ ដែលបានបង្កឲ្យមានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ និងដើមឈើជាច្រើនដើមដួលរលំ ប៉ុន្តែអ្វីដែលពិសេសនោះ គឺវានៅទាន់អស់ឥទ្ធិពលអាក្រក់នេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
បើតាមរូបភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ចិន គេបានប្រទះឃើញសត្វសមុទ្រជាច្រើន មានវត្តមាននៅក្នុងទីក្រុង Qingdao នៅពេលមានព្យុះខាងលើ។ រូបថតជាច្រើនសន្លឹកនៅលើបណ្តាញអ៊ីនធើណែតក្នុងប្រទេសចិន បានបង្ហាញឲ្យឃើញពីផ្ទាំងកញ្ចក់ខាងមុខរបស់រថយន្ត មានទាំងមែកឈើធ្លាក់ចំពីលើ រហូតដល់បង្គារ បង្កង ផ្កាយសមុទ្រ និងសូម្បីតែមឹកធ្លាក់ពីលើថែមទៀតផង។
គួរជម្រាបថា ក្រៅពីនេះអ្នកប្រើប្រាស់បណ្តាញសង្គមចិន ក៏បានចែករំលែកវីដេអូ ដែលពួកគេបានអះអាងថា បង្ហាញពីសកម្មភាពហ្វូងសត្វត្រីហែលនៅលើផ្លូវលិចទឹក ក្នុងទីក្រុង Qingdao ផងដែរ ខណៈស្ថានភាពជន់លិចមានសភាពធ្ងន់ធ្ងរខ្លាំង រហូតដល់រថយន្តខ្លះ ត្រូវគេមើលឃើញថា លិចកប់ៗដំបូងនៅក្រោមផ្ទៃទឹកនៅក្នុងទីក្រុងថែមទៀត៕